www.ckvirya.net

Site menu:

Categories


 

August 2008
M T W T F S S
« Jul    
 123
45678910
11121314151617
18192021222324
25262728293031

Recent Posts

Recent Comments

Links:

[V]-this-&-that

Today’s “SWEET” SMS!

Sweet SMS

….ផ្អែម​ឡើង​ចង់​ទ្រលាន់….​ហាហាហាហា!

ចេញ​ផ្សាយ​ហើយ!

កាល​ពី​ប៉ុន្មាន​ខែ​មុខ​​ ខ្ញុំ​ធ្លាប់​បានដាក់​អត្ថបទ​មួយ​ទាក់​ទង​នឹង​សៀវ​ភៅ​ដែលមួយក្បាល​មាន​ចំណង​ជើង​ថា “តើ​អ្នក​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាង​ដូចម្តេច?”

សៀវភៅ​នេះ​ត្រូវបាន​សរសេរ​ដោយ ព្រះ​ភិក្ខុ “Dr. K. Sri Dhammanada” និង​ប្រែ​សម្រួល​​ជា​ភាសា​ខ្មែរ​ដោយ​ព្រះ​ភិក្ខុ ជួន ប៊ុន​ស៊ីម  ហើយ​ខ្ញុំមាន​ចំណែក​តូចមួយ​នៅ​ក្នុង​នោះ​ដែរ គឺ​រចន​គម្រប​ខាង​ក្រៅ និង ជួយ​ពិនិត្យ​អក្ខរាវិរុទ្ធ​មួយ​ចំនួន​ ។

សៀវភៅ​នេះ ត្រូវ​បាន​ទទួល​ជំនួយ​គាំទ្រ​ក្នុង​ការ​បោះពុម្ភផ្សាយ​ សម្រាប់​ចែក​ជូន​ជា​ធម្មទាន (ឥតគិត​ថ្លៃ) ដោយ​សមាគម​មិត្ត​ពុទ្ធសាសនិក​ម៉ាឡេស៊ី ចំនួន​​៤០០០​ក្បាល ។

ខ្ញុំ​បាន​ទទួល​​សៀវ​ភៅ​នេះ​មក​ជាង​ដប់​ក្បាល​សម្រាប់​ចែក​ដែរ ប្រសិន​បើ​អ្នក​ណា​ចង់​បាន​លើក​ដៃ!!! ហេហេហេ ចំនួន​មាន​កំណត់ (១០ក្បាល) ​លើក​ដៃ​មុន​បាន​មុន​​លើក​ដៃ​ក្រោយ​អស់! ប៉ុន្តែ​មាន​បញ្ហា​ត្រង់​ដែល ខ្ញុំ​មិន​មាន​វិធី​សម្រាប់​បញ្ជូន​សៀវ​ភៅ​នេះ​ទៅ​អ្នក​ដែល​ចង់​បាន​នោះទេ មាន​តែ​រង់ចាំ​ទម្រាំ​តែ​មាន​ឱកាស​បាន​ជួប​គ្នា​សឹម​ខ្ញុំ​យក​ទៅ​ជូន ។

(* ឧស្សាហ៍​រំលឹក​ខ្ញុំ​ផង! ខ្លាច​ភ្លេច!)

Tata Young ต้นเหตุแห่งความเศร้าใจ

Tata Young តារា​ចម្រៀង​មួយ​រូប​ដែល​ខ្ញុំ​ចូល​ចិត្ត ទាំង​សំឡេង ទាំង​រូបសម្បត្តិ និង​ ការ​សម្ដែង អត្ថន័យ​របស់​បទ​ចម្រៀង ។ល។ ហើយ​ខាង​ក្រោម​នេះ​ជា​បទ​ក្នុង​ អាល់ប៊ុម​ថ្មី​ចុង​ក្រោយ​ ដែល​នាង​ច្រៀង​ជា​ភាសា​ថៃ កាល​ពី​ប៉ុន្មាន​អាល់​ប៊ុម​មុន​ច្រៀង​ជា​អង់គ្លេស​ឲ្យ​ក្រុម​ហ៊ុន Columbia Record របស់​ហូលីវូដ ។ ក្នុង​អាល់​ប៊ុម​នេះ​មាន​បទ​ ៤ ទៅ ៥​បទ​ដែរ ដែល​ខ្ញុំ​ចូល​ចិត្ត ក្នុង​នេះ​ក៏​មាន​បទ​មួយ​ដែល​ដាក់​ឲ្យ​គ្នា​យើង​ស្តាប់​កម្សាន្ត​​ខាង​ក្រោម មាន​ចំណង​ជើង​ថា «ต้นเหตุแห่งความเศร้าใจ» ប្រែ​ថា «ដើមហេតុដែល​នាំ​ឲ្យ​ចិត្ត​​សោក​សៅ​» ។
សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ យល់​ថា​អត្ថន័យ​បទ​នេះ​ស៊ីជម្រៅ​ ហើយ​មាន​លក្ខណៈ Logic អាច​ទទួល​យក​បាន ។ គឺ​នៅ​ពេល​ដែល​មនុស្ស​យើង​ខក​បំណង​ព្រោះ​អ្វី​មួយ ភាគ​ច្រើន​យើង​តែង​បន្ទោស​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ឯង​ជាមុន​ អូស​អ្នក​នេះ​អូស​អ្នក​នោះ​យក​មក​បិទ​បាំង​កំហុស​ខ្លួន​ឯង​ជា​និច្ច គឹ​ធ្វើ​ទាល់​តែ​ផុង​លង់​ជ្រៅ​ទៅៗ ។ ភាគ​ច្រើន​យើង​មិនសូវ​​បាន​មើល​ឃើញ​​ថា ​ខ្លួន​យើង​មាន​ចំណែក​​ខុស​ក្នុង​រឿង​នោះ​ដែរ​ទេ ។ ក្នុង​ករណី​បទចម្រៀង​ខាង​ក្រោម​ ទាំង​មេឃ ទាំង​ភ្លៀង ទាំង​ខ្យល់ និង​​ជា​ពិសេស​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​​ សុទ្ធសឹង​តែអាច​ឲ្យ​អ្នក​ខក​ចិត្ត​ម្នាក់​​​នេះ​ទម្លាក់​កំហុស​លើ​បាន​​តែ​​​គេ​បែរ​ជា​មើល​ឃើញ​នូវ​កំហុស​របស់​ខ្លួន​គេ​ទៅ​វិញ ។ ស្ដាប់ដំបូង​​ៗ​វា​ដូច​ជា​ការ​ផ្គើន ឬ​បញ្ឈឺ​​ តែ​បើ​មិន​គិត​ដល់​គំនិត​អវិជ្ជមាន​​ ខ្ញុំ​គិត​ថា​នេះ​វា​​ជា​រឿង​មួយ​ល្អ​ដែរ ហើយ​បើ​យើង​អាច​ធ្វើ​ចិត្ត​អញ្ចឹង​បាន​មែន​ ប្រហែល​ជា​ក្ដី​ឈឺ​ចាប់​ដែរ​កើត​ឡើង​ដោយសារ​ស្នេហ៍​ខក​បំណង់ នឹង​មិន​អូស​បន្លាយ​ពេល​វេលា​ក្នុង​បេះ​ដូង​យើង​បាន​យូរ​ទេ ។ តែ​បើ​មិន​មាន​ស្នេហ៍​ខក​បំណង​ក៏​អាច​ស្ដាប់​កម្សាន្ត​កែ​អផ្សុក​បាន​ដែរ…ហេហេហេ

tatayoung one love


ต้นเหตุแห่งความเศร้าใจ

ไม่เกี่ยวกับฟ้า ที่มืดครื้มที่มันสลัว
เรื่องที่ใจฉันหมองมัว ที่ดูเศร้าในใจ
ไม่เกี่ยวกับฝน ที่หล่นรดลงมาไม่ซาไป
เรื่องที่ฉันน้ำตาไหล ที่เจ็บเกินจะฝืน

មិន​ពាក់ព័ន្ធ​នឹង​មេឃ ដែលកំពុង​តែ​​ងងឹត​​​ស្រអាប់​​នោះ​ទេ
ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​​មាន​មន្ទិល​ និង​​សោក​សៅ​​នៅ​ក្នុង​ចិត្ត ។
ហើយ​ក៏​មិន​មែន​មក​ពី​ភ្លៀង កំពុង​ធ្លាក់​ហាក់​មិន​ព្រម​រាំង​នោះ​ដែរ
ដែល​ជា​​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ខ្ញុំ​ស្រក់​ នឹង​​ឈឺ​​ហួស​ប្រមាណ ។

Read more »

My New Year’s activities…(2)

ថ្ងៃ​ទី​២  …

បន្ត​ពី​ថ្ងៃ​ចូល​ឆ្នាំ​ទី​១ … ជា​ទម្លាប់​របស់​ពូ​ខ្ញុំ ឬ យ៉ាង​ម៉េច​ទេ ព្រោះ​ជា​រាង​រាល់​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ គាត់​តែង​ទៅ​វត្ត​​មួយ​ហ្នឹង​ជា​មិន​សូវ​ដែល​បាន​អាក់​ខាន​ទេ ។ វត្ត​ដែល​ខ្ញុំ​កំពុង​និយាយ​ដល់​នោះ​គឺ​វត្ត​ វិហារ​សួគ៌ ស្ថិត​នៅ​ក្នុង​ខែត្រ​កណ្ដាល​ ប្រហែល​ជា​ស្រុក​មុខ​កំពូល​បើ​ខ្ញុំ​ស្មាន​មិន​ខុស (ហេ​ហេ​ហេ មិន​ដែល​ចាប់​អារម្មណ៍​​អំពី​ទី​តាំង​វត្ត​ ដឹង​តែ​ផ្លូវ​ទៅ) ។

ដោយ​សារ​ចម្ងាយ​ផ្លូវ និង ស្ថាន​ការណ៍​របស់​ផ្លូវ​មិន​សូវ​ជា​អំណោយ​ផល យើង​សម្រេច​គ្នា​​ចេញ​ដំណើរ​ពី​ព្រលឹម​បន្តិច ។ ប្រហែល​ម៉ោង ៧​កន្លះ​ទើប ខ្ញុំ​នឹង​បង​ប្រុស​បាន​ចេញ​ពី​ផ្ទះ​រួច (​ថ្ងៃ​នេះ​ល្បង​ខ្ញុំ​ទៅ​​ជាមួយ​ដែរ) ។ តែ​សភាព​ផ្លូវ​ពិត​ជា​មិន​ស្រួល​ដូច​បាន​គិត​ទុក​មិន​ខុស​មែន ឧបសគ្គ​ចម្បង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​វត្ត​វិហារ​សួគ៌​ គឺ​កំពង់​ចម្លង​​ ។ ដើម្បី​ទៅ​ដល់​វត្ត​បាន យើង​ត្រូវ​ឆ្លង​ទន្លេ​មេគង្គ​ ម្ដុំ​ស្រុក​មុខ​កំពូល​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​អា ។ កំពង់​ចម្លង​ដែល​ឆ្លង​ទៅ​ចំ​ផ្លូវ​ទៅ​វត្ត​តែ​ម្ដង​នោះ គឺ​កំពង់​ចម្លង ស្វាយ​អាត់ និង កំពង់​ចម្លង​ព្រែក​តាមាក់​ យើង​ក៏​អាច​ឆ្លង​តាម​ទូក​ដរ​ក្បែរ​ៗ​នោះ​ផង​ដែរ ។ តែ​ថ្ងៃ​នោះ​បំណង​ដែល​ប៉ង​របស់​ខ្ញុំ ត្រូវ​បាន​ខក​ខាន​ម្ដង​ទៀត​ហើយ ព្រោះ​កំពង់​ចម្លង​​ណែន​សឹង​គ្រប់​កន្លែង ស្ទះ​ពី​ចម្ងាយ​មិន​អាច​ចូល​ទៅ​កៀក​ក្បែរ​ផង ។ ក្បូន​រថយន្ត​ក្រុម​គ្រួសារ​ខ្ញុំ​ សម្រេច​ប្ដូរ​ទិស​ដៅ​ទៅ​កន្លែង​ផ្សេង​វិញ ព្រោះ​មិន​ចង់​ខាត​ពេល​វេលា​ជាមួយ​ការ​ឆ្លង​សាឡាង ។ មាន​តែ​ឡាន​ក្រុម​គ្រួសារ​ពូ​ខ្ញុំ​ទេ ដែល​តស៊ូ​ឆ្លង​ទៅ​បាន ដោយ​​​​វីរិយ​ឧស្សាហៈ​ភាព​​​​របស់​គាត់(លេង​ពាក្យ​បន្តិច​ព្រោះ​​មាន​ឈ្មោះ​របស់​ខ្ញុំ​នៅ​ក្នុង​នោះ​ដែរ «វីរិយ» ប្រែ​ថា​ សេចក្ដី​ព្យាយាម នៅ ពេល​បូក​ជាមួយ «​ឧស្សាហៈ» ប្រែ​ថា ការ​ប្រឹង​ប្រែង​ព្យាយាម​ )​​ ។

ក្រុម​ដែល​ដក​ថយ​ព្រោះ​ខ្លាច​ស្ទះ​សាឡាង​ មាន​ចំនួន​៣​រថយន្ត មនុស្ស​ចំនួន​ ១​៤​នាក់  បាន​បន្ត​ដំណើរ​លើ​កំណាត់​ផ្លូវ​ជាតិ​ ៦​អា ឆ្ពោះ​ទៅ​កំពុង​ចាម ។ មិន​ទាន់​ដល់​ថ្នល់​បំបែក​ជិត​បាធាយ​ផង យើង​សម្រេច​គ្នា​ថា​ទៅ​ស្រុក​ភូមិ​មួយ​ ដែល​ពួក​យើង​មិន​ធ្លាប់​បាន​ទៅ​ពី​មុន​មក​សោះ គឺ​ រកា​កោង​ ។ យើង​ទៅ​ដល់​វត្ត​មួយ​​​តាម​ ក្បែរ​ផ្លូវ​បំបែក​ពី​ផ្លូវ​ជាតិ​ ៦​អា ទៅ​រកា​កោង​ វត្ត​នេះ​មាន​ឈ្មោះ​ថា វត្ត​​កែវ​មណី​ជោតិ ។

បន្ទាប់​ពី​ចូល​ប្រគេន​ដាក់​បាត និង​ ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ​រួច​រាល់​ហើយ យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​គ្មាន​ទិស​ដៅ​ច្បាស់​លាស់ ។ ជិះ​យូរ​ៗ​ទៅ​ កុង ខ្ញុំ​ថា​គិត​ជិះ​ឲ្យ​ដល់​ទី​រួម​ខែត្រ​កំពង់ចាម​តែម្ដង​ទៅ ព្រោះ​តាម​គាត់​ដឹង​តាម​ផ្លូវ​នេះ​ក៏​អាច​នាំ​ឲ្យ​ទៅ​ដល់​ទី​រួម​ខែត្រ​បាន​ដែរ ។ ធ្វើ​ដំណើរ​បាន​ប្រហែល​ ១​ម៉ោង សភាព​ផ្លូវ​ហាក់​មិន​អំណោយ​ផល​ដល់​ការ​ធ្វើ​ដំណើរ​របស់​យើង​សោះ ។ ផ្លូវ​លំ​គ្រួស​ក្រហម​ហាក់​មាន​សភាព​ដុនដាប​បន្តិច​​ម្ដង​ៗ យើង​ក៏​ចុះ​សាក​សួរ​សភាព​ផ្លូវ​ទៅ​ខាង​មុខ​ទៀត​ពី​សំណាក់​អ្នក​ស្រុក ។ អុំ​ប្រុស​ម្នាក់​បាន​ឲ្យ​ដំណឹង​យើង​ថា ផ្លូវលំ​នេះ​មាន​សភាព​រខេករខាក​បែប​នេះ​រហូត​ដល់​ទី​រួម​ខែត្រ​តែ​ម្ដង​ ហើយ​ចម្ងាយ​ផ្លូវ​ដែល​នៅ​សល់​ទម្រាំ​ដល់​ទី​រួម​ខែត្រ គឺ​ជាង​៥​០​គីឡូម៉ែត្រ​ទៀត​ឯណោះ ។

គ្រាន់​តែ​ទទួល​បាន​ចម្លើយ​ភ្លាម យើង​សម្រេច​ចិត្ត​ លុប​ចោល​កម្មវិធី​ទៅ​ទី​រួម​ខែត្រ​កំពង់ចាម​តាម​ផ្លូវ​ថ្មី​នេះ​ចោល​ភ្លាម (​ខក​បំណង​ម្ដង​ទៀត​ហើយ​បង​ប្អូន ហេ​ហេ​ហេ)​ ។ សម្រេច​សម្រួល យើង​បែរ​ក្បួន​ត្រឡប់​ក្បាល​មក​ផ្ទះ​វិញ តែ​មុន​ទៅ​ដល់​ផ្ទះ​យើង​ក៏​ឆៀង​ចូល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​នៅ​ភោជនីយដ្ឋាន​មួយ​ម្ដុំ​​ជ្រោយ​ចង្វា​ ។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​វត្ត​កែវ​មណី​ជោតិ ខ្ញុំ​ថត​យក​មក​ផ្ញើ​ប្រិយ​មិត្ត​ VphotO ទស្សនា​កម្សាន្ត ៖

ទិដ្ឋភាព​ព្រះវិហារ​មើល​ពី​ចំហៀង

មាន​រាប់​បាត​ព្រះ​សង្ឃ​ជុំ​វិញ​ព្រះ​វិហារ​ទៀត​ផង

ខ្លោងទ្វារ​ព្រះ​វិហារ ដែល​មាន​សរសេរ​ឈ្មោះ​វត្ត កុំ​អី​ខ្ញុំ​ចាំ​ឈ្មោះ​វត្ត​នេះ​មិន​បាន​ទេ ។

*** សុំ​បន្ថែម​បន្តិច នៅ​ចំហៀង​វត្ត​ម្ខាង​ទៀត​គឺ​ទន្លេ​មេគង្គ ហើយ​បើ​ឆ្លង​ទៅ​ត្រើយ​ខាង​នោះ​មាន​ឆ្នេរ​ខ្សាច់​ធំ​គ្រាន់​បើ បើ​អ្នក​ចូល​ចិត្ត​លេង​ទឹក​ប្រហែល​​អាច​យក​កន្លែង​នេះ​ធ្វើ​ជា​រមណីយដ្ឋាន​សម្រាក​លម្ហែ​បា​​ន​ ។ (ខ្ញុំ​មិន​បាន​ថត​រូប​មក​ផ្ញើ​ភ្លេច​ឲ្យ​ឈឹង)

ចូល​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ ខ្ញុំ​បាន​ចេញ​ដំណើរ​ជា​ទៅ​​ស្វាយរៀង​ជាមួយ​ ក្រុម​បង​ប្អូន​សាច់​ញាតិ​ដូច​កាល​ថ្ងៃ​ទី​១​ដែរ គឺ​ម៉ាក់ និង បង​ប្រុស​ខ្ញុំ​មិន​ទៅ​ជា​មួយ ។ គោល​បំណង​ចម្បង​របស់​យើង​គឺ​ ទៅ​ទិញ​ទំនិញ​ រួច​ពន្ធ នៅ​ឯ​បាវិត ព្រោះ​អ្នក​ផ្ទះ​ខ្ញុំ​គេ​ធ្លាប់​បាន​ទៅ​ម្ដង​ហើយ​កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​ចូល​ឆ្នាំ ។

យើង​ចំណាយ​ពេល​ប្រហែល​ ២​ម៉ោង​បន្តិច​បន្តួច​ ​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ បាវិត​ ។ ព្រោះ​តែ​​មាន​បទ​ពិសោធន៍​រឿង​ស្ទះ​សាឡាង ទើប​យើង​សម្រេច​គ្នា​ថា​នឹង​ចេញ​ដំណើរ​ព្រឹក​បន្តិច គឺ​ម៉ោង​៦​កន្លះ​ ។ មក​ដល់​ផ្សារ​គគីរ​ប្រហែល​ម៉ោង ៧​ព្រឹក​យើង​ឆៀង​ចូល​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​នៅ​ហាង​គុយទាវ​មួយ​កន្លែង ដោយ​ចំណាយ​ពេល​ប្រហែល ៣​០​នាទី​ ។ ធ្វើ​ដំណើរ​ភ្លេច​ខ្លួន​មួយ​ភ្នែក​សោះ យើង​ក៏​មក​ដល់​​កំពង់ចម្លង​អ្នក​លឿង ផ្លូវ​ពី​ផ្សារ​គគីរ​មក​អ្នក​លឿង​ឥឡូវ​ធ្វើ​ថ្មី​ជិត​សម្រេច​បាន ១​០​០​%​ហើយ ទើប​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​យើង​លឿន​ហួស​ការ​គ្រោង​ទុក ។

ខ្ញុំ​ចុះ​ទិញ​សំបុត្រ​សាឡាង​សម្រាប់​ឡាន​ពីរ ដោយ​ឡាន​មួយ​ត្រូវ​ចំណាយ ៨​៥​០​០៛ តែ​អ្នក​លក់​គាត់​ថា​ថ្ងៃ​ចូល​ឆ្នាំ​អញ្ចឹង​គាត់​សុំ​​ឡើង​ថ្លៃ ១​០​០​០​៛ (សុំ​ត្រង់​ៗ​អញ្ចឹង​មាន​អ្នក​ណា​គេ​ទៅ​ថា​អី ឲ្យ​តែ​មាន​លទ្ធភាព​អាច​ឲ្យ​បាន​ ខ្ញុំ​មិន​សាំញ៉ាំ​ទេ) ។ ចំណាយ​ពេល​រង់​ចាំ​មិន​ដល់​ ១៥​នាទី​ផង​យើង​ក៏​បាន​ឆ្លង​សាឡាង​ទៅ​ត្រើយ​ម្ខាង​ទន្លេ​មេគង្គ​ ។ បន្ត​ដំណើរ​ប្រហែល​មួយ​ម៉ោង ក៏​ដល់​ព្រំដែន​ខ្មែរ​វៀតណាម​ ប្លែក​ណាស់​ខាន​ទៅ​យូរ​ហើយ​បង​ប្អូន​អើយ ។ អគារ​ថ្មី​ៗ​ធំ​ៗ​ដុះ​ដូច​ផ្សិត ក្រឡេក​ក្នុង​អគារ​ទាំង​នោះ​ក្នុង​ទឹក​ខ្មែរ​យើង ៩​០​% ជា​បន​កាស៊ីណូ​ទាំង​អស់ ។ នៅ​ខាង​មុខ​បន្តិច​គឺ​ប៉ុស្តិ៍​សម្រាប់​នគរបាល​អន្តោប្រវេសន៍​ធ្វើ​​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន ទាំង​ខាង​ខ្មែរ ទាំង​ខាង​វៀតណាម​ សង់​ថ្មី​ស្អាត​ៗ​ដូច​គ្នា ។ មិន​បង្អង់​យូរ​ក្បួន​រថយន្ត​ទាំង​ពីរ​គ្រឿង​របស់​គ្រួសារ​ខ្ញុំ​ក៏​ចុះ​សុំ​ប៉ុស្តិ៍​ខាង​ខ្មែរ​យើង​ដើម្បី​ឆ្លង​ទៅ​លេង​ផ្សារ​ខាង​វៀតណាម នគរបាល​គាត់​ក៏​ចិត្ត​ល្អ​មិន​សួរ​នាំ​អី​ច្រើន​ទេ គាត់​ក៏​ឲ្យ​ឆ្លង​បាន​ទាំង​ឡាន​ទាំង​មនុស្ស​តែ​ម្ដង ។

​នៅ​ជាប់​ព្រំដែន​ខាង​ខ្មែរ​យើង​មាន​កាស៊ីណូ​ច្រើន​ជាង​១​០​កន្លែង តែ​ខាង​វៀតណាម​គេ​មាន​ផ្សារ​លក់​ទំនិញ​រួច​ពន្ធ​២​កន្លែង​យ៉ាង​ធំ​ស្កឹមស្កៃ ។ ដែល​ហាង​មួយ​នោះ​មាន​លក់​លក្ខណៈ​ជា​ម្ចាស់​ស្តង់​រៀង​ៗ​ខ្លួន តែ​នៅ​មិន​ទាន់​មាន​អ្នក​​មក​លក់​ពេញ​នៅ​ឡើយ ក្នុង​ហាង​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ត្រង់​ការ​លម្អ​ហាង​ដោយ​ប្រើ​ដើម​ត្នោត ខ្មែរ​យើង​មិន​តិច​អ្នក​ទេ ដែរ​បាន​ទៅ​ដល់​ហើយ​ទាក់​ចិត្ត​គិត​វែង​គិត​ខ្លី​រឿង​នេះ! ហេហេហេ​ ក្នុង​នោះ​ក៏​មាន​ខ្ញុំ​ម្នាក់​ដែរ ។ រី​ឯ​ហាង​មួយ​ទៀត​គឺ​​ឈ្មោះ Hyper mark Duty Free គេ​លក់​ទំនិញ​គ្រឿង​ឧបភោគ​បរិភោគ​​លក្ខណៈ​ដូច​ផ្សារ​ទំនើប (Super market) អ្វី​ដែល​គួរ​ទាក់​ទាញ​នោះ​គឺ​ប្រភេទ​ទំនិញ​ភាគ​ច្រើន​ ជា​ទំនិញ​នាំ​ចូល​ពី​អាមេរិក​ ហើយ​តម្លៃ​ទាប​គួរ​ជា​ទី​ទាក់​ទាញ​ផង​ដែរ (ទំនិញ​រួច​ពន្ធ) ។ ក្រោយ​ពេល​ចំណាយ​ពេល​ក្នុង​ហាង​ Hyper mark ប្រហែល​២​ម៉ោង យើង​ក៏​ត្រឡប់​មក​ភ្នំពេញ​វិញ​ ។ ចំណាយ​ពេល​ប្រហែល​២​ម៉ោង​ក៏​មក​ដល់​វិញ​យ៉ាង​សុវត្ថិភាព ។

ផ្សារខាង​វៀត​ណាម​តែ​មិន​ទាន់​បើក​លក់​គ្រប់​តូប!

My New Year’s activities…

ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ជូត​នេះ ប្លែក​ជាង​ឆ្នាំ​មុន​សម្រាប់​ខ្ញុំ គឺ​ឆ្នាំ​នេះ​ខ្ញុំ​ចេញ​ដើរ​លេង​ទៅ​ក្រៅ​ក្រុង​ជាមួយ​ក្រុម​គ្រួសារ​ស្ទើរ​រាល់​ថ្ងៃ តែ​មិន​បាន​ដើរ​ជា​មួយ​ម៉ាក់ និង​ បង​ខ្ញុំ​ទេ ព្រោះ​ម៉ាក់​គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាមួយ​បង​ប្អូន​មួយ​ក្រុម​ទៀត ហើយ​បង​ប្រុស​ខ្ញុំ​ គេ​មាន​កម្មវិធី​ជាមួយ​មិត្ត​ភក្តិ​ជាប់​រដឹក (​ផ្ទះ​ខ្ញុំ​មែន​ទែន​ទៅ​មាន​គ្នា​តែ​៣​នាក់​ហ្នឹង​ឯង គឺ​ម៉ាក់,​ បង និង ខ្ញុំ​) ។ ​សំណាង​ដែរ ដែល​ម៉ាក់​មាន​បង​ប្អូន​ច្រើន ដូច្នោះ​ទោះ​គាត់​មិន​នៅ​ផ្ទះ​ក៏​នៅ​​សមាជិក​ផ្សេង​ៗ​ទៀត​នៃ​គ្រួសារ​បបួល​ខ្ញុំ​ដើរ​លេង​ដែរ ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​កម្មវិធី​ដើរ​លេង​មិន​លួស​ថ្ងៃ ។

ថ្ងៃ​ទី​១​៣​ ខែ​មេសា ជា​ថ្ងៃ​មហាសង្ក្រាន្ត​ ម្ដាយ​មីង​ខ្ញុំ​បាន​បបួល​ទៅ​លេង​ភ្នំ​ឧត្តុង្គ​ជាមួយ​គាត់ ។ យើង​ចេញ​ដំណើរ​​ម៉ោង ៨​​ ព្រឹក ទៅ​ដល់​ប្រហែល​ម៉ោង ៩​កន្លះ ។ ឆ្នាំ​នេះ​ហាក់​មិន​សូវ​មាន​មនុស្ស​ម្នា​ច្រើន​ទេ ខ្ញុំ​ប៉ង​ថា​ក្រោយ​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​រួច​នឹង​ឡើង​ទៅ​សក្ការ​ព្រះ​សក្យមុនី​ចេតិយ​​​ ។ ការ​ងារ​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​គឺ រក​ជួល​តូប​អង្គុយ សម្រេច​គ្នា​ថា​ចូល​ទៅ​កន្លែង​មួយ​នោះ ជា​កន្លែង​ដែល​ធ្លាប់​ចូល​​កាល​ពី​មក​​​លេង​លើក​​មុន ។ ក្រោយ​ពេល​សួរ​​ថ្លៃ​សួរ​ថ្នូរ​ហើយ​ធ្វើ​ឲ្យ​ស្រឡាំងកាំង ព្រោះ​តម្លៃ​ត្រូវ​បាន​ដំឡើង​១​០​​ដង ពី​មុន ៥​ពាន់​រៀល ហើយ​ថ្ងៃ​ចូល​ឆ្នាំ​គេ​គិត ៥​ម៉ឺន​ មួយ​កាក់​មួយ​សេន​ក៏​មិន​ចុះ​ដែរ យើង​ក៏​សម្រេច​មិន​ចូល​កន្លែង​ហ្នឹង​ដែរ ។ ទី​បំផុត​​យើង​រក​កន្លែង​គួរ​សម​មួយ​បាន​ក្នុង​តម្លៃ ២​៥​០​​០​០៛ (​ហេ​ហេ​ហេ​ ស្តង់​ដារ​ខ្មែរ​យើង​ឲ្យ​តែ​បុណ្យ​ទាន គឺ​រក​ស៊ី​លក់​ផ្លូវ​ខ្លួន​ឯង​អញ្ចឹង​ ម៉ូយ​មិន​​ម៉ូយ​មិន​ដឹង​ទេ សុំ​ម្ដង​ហើយ​!!!) ។

បន្ទាប់​ពី​បាន​កន្លែង​អង្គុយ​ហើយ​យើង​ចេញ​រក​ទិញ​​អាហារ​សម្រាប់​ថ្ងៃ​ត្រង់​ មនុស្សម្នា​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ចូល​មក​ហូរហែ​ ហើយ​តម្លៃ​ចំណី​អាហារ​​ក៏​មិន​សូវ​ជា​ខុស​ពី​តម្លៃ​តូប​ប៉ុន្មាន​ទេ ភាគ​ច្រើន​គាត់​លក់​ក្នុង​តម្លៃ​គុណ​នឹង​២ ។ ខាង​ក្រោម​នេះ​ជា​រូប​ថត ដែល​ខ្ញុំ​ប្រើ​ទូរស័ព្ទ​ដៃ​ថត​មក​ផ្ញើ​ប្រិយ​មិត្ត​ VphotO ទស្សនា​កម្សាន្ត មិន​សូវ​ជា​ច្បាស់​ទេ ព្រោះ​ខ្ជិល​យក​ម៉ាស៊ីន​​ថត​​តាម​៖

» មាន់​បំពង​អាហារ​ពេញ​និយម​សម្រាប់​ដំណើរ​កម្សាន្ត​ក្រៅ​ផ្ទះ (​ទោះ​ជា​ផ្ដាសាយ​បក្សី​រាតត្បាត​ក៏​នៅ​តែ​ពេញ​និយម) ។

» អាហារ​ពេញ​និយម​មួយ​ទៀត​បន្ទាប់​ពី​មាន់​បំពង​គឺ​ត្រី​អាំង និង ប្រហុក​ដុត​ខ្ចប់​ស្លឹក​ចេក ។

«​ក្រចាប់​» មិន​ដឹង​គេ​ផ្លែ​ ឬ ជា​មើម​ទេ ព្រោះ​តាំង​ពី​ធំ​ដឹង​ក្ដី​មក​ ខ្ញុំ​ឃើញ​គេ​យក​មក​លក់​បែប​នេះ​ស្រាប់​ទៅ​ហើយ មិន​ដឹង​ថា​រូប​រាង​ដើម​វា​មាន​លក្ខណៈ​បែប​ណា​ឲ្យ​ប្រាកដ​ទេ ។

តូប​នេះ​លក់​ដូរ​ច្រើន​តែ​​ជា​ចំណី​ញ៉ាំ​លេង ដំឡូង​ស្ងោរ ទ្រាប​បាយ ក្រចាប់ ….

«នំ​លម្អង​ចេក» រសជាតិ​វា​នៅ​តែ​ឆ្ងាយ​ដដែល​ ផ្អែម​ត្រជាក់​ៗ ឈ្ងុយ​ៗ បើ​មាន​ឱកាស​ចង់​ទៅ​មើល​គេ​ធ្វើ​វា​ឲ្យ​បាន​ម្ដង ព្រោះ​ចង់​ដឹង​ថា​គេ​វិធី​ធ្វើ​ ។

ក្រោយ​ពេល​យើង​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច​រាល់​ហើយ ខ្ញុំ​បម្រុង​តែ​នឹង​បបួល​​ប្អូន​ៗ​ឡើង​ទៅ​លើ​ភ្នំ​ ស្រាប់​តែ​ «កុង» (ជីតា) គាត់​ទៅ​ជា​មួយ​ដែរ គាត់​ប្រាប់​ថា​មាន​ការ ​ត្រូវ​ឆ្លៀត​ទៅ​ចូល​រួម​បុណ្យ​មួយ​នៅ​​ទី​រួម​ខែត្រ​កំពង់ស្ពឺ ។ ដូច្នេះ​គម្រោង​ឡើង​ទៅ​សក្ការ​ព្រះ​សក្យមុនី​​ចេតិយ​របស់​ខ្ញុំ​ត្រូវ​បាន​ខក​ខាន ស្ដាយ​បន្តិច​ដែរ តែ​មិន​អី​ទេ ចាំ​ពេល​ក្រោយ​ទៀត​ក៏​បាន​ មិន​ឃើញ​ថា​ចាំ​បាច់​ត្រូវ​តែ​ឡើង​ខាន​មិន​បាន​ឯណា! (ហេ​ហេ​ហេ​ និយាយ​បន្លប់​ខ្លួន​ឯង​កុំ​ឲ្យ​ស្ដាយ​ ប៉ង​ច្រើន​ដង​ហើយ​ តែ​ខក​តែ​រហូត​ហ្នឹង អញ្ចឹង​បាន​ជា​ចាស់ៗ​គាត់​ឧស្សាហ៍​និយាយ​ថា ចង់​ ធ្វើ​អី ឬ ទៅ​កន្លែង​ណាមួយ កុំ​ប៉ង​ច្រើន​ពេក ព្រោះ​​​វា​ច្រើន​តែ​ខក​ បើ​សូវ​នឹក​ឃើញ​ភ្លាម​ទៅ​ភ្លែត​តែម្ដង​ទៅ) ។

ទម្រាំ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ម៉ោង ៥​កន្លះ​ឯណោះ កៀក​ម៉ោង​ទេវតា​ចុះ​ហើយ ឆ្នាំ​នេះ​លោក​ចុះ​មក​ម៉ោង​ ​៦​ និង ២​៤ នាទី ល្ងាច ។បង​ប្រុស​ខ្ញុំ​គេ​បាន​ទិញ​ដង្វាយ​សម្រាប់​​ព្រះនាង​ទុង្សាទេវី រួច​រាល់​ហើយ​​ ។ រាល់​ដង​ពេល​ម៉ាក់​នៅ​ផ្ទះ វា​ជា​តួនាទី​របស់​គាត់​ តែ​ពេល​នេះ​គាត់​មិន​នៅ វា​ត្រូវ​ធ្លាក់​មក​លើ​ពួក​​យើង យើង​នាំ​គ្នា​​​ធ្វើ​ទាំង​អស់ ខុស​ខ្លះ​ត្រូវ​ខ្លះ​ ខ្វះ​នេះ​ខ្វះ​នោះ​សព្វតែ​យ៉ាង ។ មាន​របស់​ម្យ៉ាង​ ដែល​​ព្យាយាម​មិន​ខ្វះ​គឺ​ដង្វាយ​ផ្លែ ឧទុម្ពរ (ល្វា)​ បង​ខ្ញុំ​ថា​គេ​លក់​ច្រើន​ណាស់​​នៅ​ផ្សារ មួយ​គីឡូ ៥​ពាន់​រៀល ។ អ្នក​លក់​គេ​ថា​គេ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​វិញ ព្រោះ​វៀតណាម​គេ​ញ៉ាំ​ល្វា​ខ្ចី គេ​ថា​​រស​វា​ចត់​ៗ​ ញ៉ាំ​ជ្រលក់​ទឹកត្រី​ល្អ​ ស្រដៀង​ខ្វិត ហើយ​ពេល​នៅ​ខ្ចី​អញ្ចឹង​វា​អត់មាន​សត្វ​ម​មុង​ទេ ។ ខ្ញុំ​ចង់​សាក​ដែរ​ហ្នឹង​ណា​ ហើយ​ប៉ង​ថា​នឹង​សាក​ក្រោយ​ពេល​សែន តែ​ទម្រាំ​សែន​រួច​ហើយ​បី​ថ្ងៃ​ផ្លែ​វា​ប្រែ​សភាព​មិន​គួរ​ឲ្យ​សាក ក៏​សម្រេច​ចិត្ត​ចាក់​ចោល​អស់​ទៅ​ ចាំ​​ឱកាស​ក្រោយ​ទៀត​ចុះ សម្រេច​សម្រួល​ខ្ញុំ​ខក​បំណង​ម្ដង​ទៀត​ហើយ ។

ថ្ងៃ​នេះ​សុំ​ស្លេះ​ដំណើរ​កម្សាន្ត​ចូល​ឆ្នាំ​របស់​ខ្ញុំ​ប៉ុណ្ណេះ​សិន … សូម​រង់​ចាំ​អាន​ភាគ​បន្ត

 

មហាសង្ក្រាន្ត​ឆ្នាំថ្មី ឆ្នាំ​ជូតសំរឹទ្ធិស័ក ព.ស.២៥៥២

ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា​អតិកន្ដា កន្លង​ទៅ​ហើយ​បាន ២៥៥១ ត្រឹម​ថ្ងៃ ១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១​រោច ខែ​ពិសាខ ឆ្នាំ​ជូតសំរឹទ្ធិស័ក​តទៅ ចូល​ពុទ្ធ​សករាជ ២៥៥២ ។ នឹង​គណនា​ឆ្នាំ​ជូត ឥឡូវ​នេះ​ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៣ មេសា គ្រិស្តសករាជ ២០០៨ វេលា​ម៉ោង ១៨ និង ២៤​នាទី

ពេល​នោះ​​ ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​ ទៅ​ស្ថិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្ដាល ។ ​ទើប​មាន​ទេពធីតា​មួយ​ព្រះអង្គ​ជា​មគ្គ​នាយិកា ព្រះនាម​ ធុង្សៈទេវី ជា​បុត្រី​ទី​១ នៃ​កបិល​មហា​ព្រហ្ម​ គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា​ទទឹម​អាភរណៈ(១) ទ្រង់​ពាក់​កែវ​បទុម​រាគ​ភក្សាហារ(២) ទ្រង់​សោយ​ផ្លែ ឧទុម្ពរ(៣) ព្រះ​ហស្ត​ស្ដាំ​ទ្រង់​ចក្រ ព្រះហស្ត​ឆ្វេង ទ្រង់​ស័ង្ខ ទ្រង់​គង់​ពាក់​ឆៀង បើក​ព្រះនេត្រ​លើ​ខ្នង​សត្វ​គ្រុឌ​បក្សី​ជា​ពាហនៈ ​ទើប​នាំ​អស់​ទេវបុត្ត ទេពធីតា ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ ធម្ម​មាលី​នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជា​ទី​តម្កល់​ទុក​នូវ​ព្រះសិរសាកបិលមហាព្រហ្ម ដែល​តម្កល់​លើ​ពាន​មាស​នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ​តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ចំនួន​៦០​នាទី (២៤​ម៉ោង) ទើប​នាំ​យក​ទៅ​តម្កល់​ទុក​​កន្លែង​ដើម​វិញ ។

ហើយ​ប្រជុំ​ទេវបុត្ត ទេពធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​អនោតត្ត​មហា​ស្រះ ដែល​មាន​ទឹក​ហូរចេញ​ពី​បំពង់​ថ្មកែវ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សា​សីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ​ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្ត​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល ឲ្យ​ជ្រះ​ស្រឡះ​ ហើយ​ចម្រើន​នូវ​សិរីសួស្ដី ជយមង្គល ជន្មាយុ​យឺន​យូរ​ដល់​ទេវតា និង មនុស្ស​សត្វផង​ទាំង​ឡាយ​តាំង​ពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ​បាន​ធូរ​ទូលំទូលាយ​សុខ​ក្សេមក្សាន្ត​ត​រៀង​ទៅ​ ។

ថ្ងៃ​អាទិត្យ​ ៨​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៣ ខែ​មេសា គ្រិស្តសករាជ​ ២០០៧ វេលា​ម៉ោង​ ១៨ និង ២៤​នាទី ជា​ថ្ងៃ​ចូល​ឆ្នាំ​ជូត​សំរឹទ្ធស័ក ។

ប្រភព៖ កោះសន្តិភាព
វចនានុក្រម​ Online sealang.org

Read more »

តើ​អ្នក​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាង​ដូចម្ដេច?

Front Cover

Rear Cover

សៀវ​ភៅ​មួយ​ក្បាល​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ ព្រះ​ភិក្ខុ Dr. Sri Dhammanada (ស្រី​ធម្មនន្ទ) ជា​ភាសា​អង់គ្លេស ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ដោយ ព្រះភិក្ខុ ជួន​ ប៊ុនស៊ីម​ ​លោកជា​សាស្ត្រា​ចារ្យ​​​នៅ​ពុទ្ធកសាកលវិទ្យាល័យ ផ្នែក​ភាសា​អង់គ្លេស ។

សៀវ​ភៅ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ជា​ជំនួយ​សម្រាប់​​យុវវ័យ ដែល​កំពុង​ជួប​បញ្ហា​ដូច​ជា​ ការ​ខក​ចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​អ្វី​មួយ​មិន​បាន​សម្រេច មាន​រួម​ទាំង​បញ្ហា​ស្នេហា​ផង​ដែរ ។ ខ្លឹមសារ​អប់រំ​ត្រូវ​បាន​លាត​ត្រដាង​ឡើង​ តាមទ្រឹស្តី​ព្រះពុទ្ធសាសនា តែ​មាន​លក្ខណៈទាន់​សម័យ​ងាយ​យល់ ។ សៀវ​ភៅ​នេះនឹង​ធ្វើ​ការ​បោះ​ផ្សាយ​ជាពីរ​ភាសា​រួម​គ្នា​​តែ​ម្ដង សម្រាប់​អ្នក​អាន​ជា​ភាសា អង់គ្លេស​ និង ខ្មែរ ។

ជា​កិត្តិយស​សម្រាប់​រូប​ខ្ញុំ​ណាស់​ ដែល​លោក​បាន​ពឹង​ឲ្យ​ខ្ញុំ​ជួយ​រចនា​គម្រប​សៀវ​ភៅ​នេះ ហើយ​ថែម​ទាំងបាន​​រួមចំណែក​​ជា​អ្នក​​ពិនិត្យ អក្ខរាវិរុទ្ធ និង​ ខ្លឹម​សារ​ជា​ភាសា​ខ្មែរ​ផង​ដែរ ។

សៀវ​ភៅ​នេះ​នឹង​ធ្វើ​ការ​បោះពុម្ព​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​ ក្រោម​ជំនួយ​របស់​មិត្ត​ពុទ្ធសាសនិកជន​ម៉ាឡេស៊ី ចំនួន ៤ពាន់​ក្បាល នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ខ្ញុំ​ក៏​មាន​បំណង​ស្នើ​សុំ​លោក​ ធ្វើ​ការ​ដាក់​ចែក​ចាយ​សៀវភៅ​នេះ​ ជា​លក្ខណៈ​សៀវភៅ​អេឡិចត្រូនិច (E-book) ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ដោនឡូត​បាន​ដោយ​សេរី​លើ​អ៊ិនធើណិត ។

« ឆ្កួត​មែន​ទេ?» บ้าหรือเปล่า - แช่ม แช่มรัม

บ้าหรือเปล่า


นั่งมอง ดวงดาว คอยเฝ้า ให้ดาวร่วงหล่น
กี่ครั้งกี่หน ก็ยังไม่หล่นซักที
เฝ้าคอย ชะเง้อ แหงนคอรอคอยอย่างนี้
จากเดือนเป็นปี ไม่มีอะไรเปลี่ยนผัน

Read more »

ដី​ខ្មែរ ស្រុក​ខ្មែរ “Cambodia Dreams”

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧​ ខែ​មីនា​ ឆ្នាំ​២០០៨​ កន្លង​ទៅ​ថ្មី​នេះ នៅ​សាល​មហោស្រព​ចតុ​មុខ​បាន​ធ្វើ​ប្រារព្ធ​ពិធី​សម្ពោធ​ភាព​យន្ត​ឯកសារ​ជីវិត ​ពិត​មួយ​រឿង​ក្រោម​អធិបតីភាព​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន និង​ មាន​ការ​ចូល​រួម​ពី​សំណាក់​ផលិតករ​ អង្គទូត​នានា និង ភ្ញៀវ​កិត្តិយស​ជាតិ​ និង អន្តរជាតិ​ជា​ច្រើន​រូប​ទៀត ។

ភាព​យន្ត​ឯកសារ​នេះ​ បាន​រៀប​រាប់​អំពី​ជីវិត​ក្រុម​គ្រួសារ​ខ្មែរ​មួយ​គ្រួសារ ក្រោយ​របប​បង្ហួរ​ឈាម​ខ្មែរ​គ្នា​ឯង ត្រូវ​បាន​បញ្ចប់ ។ គ្រួ​សារ​មួយ​នេះ​គឺ​គ្រួសារ​របស់​លោក​យាយ ឆេង​ យ៉ាន គ្រួសារ​គាត់​ត្រូវ​បាន​បែក​គ្នា​ ដោយ​មួយ​ផ្នែក​គឺ​ធ្វើ​ការ​ភៀសខ្លួន​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ហើយ​មួយ​ផ្នែក​ទៀត​គឺ​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ ។ ភាព​យន្ត​ឯកសារ​​ជីវិត​ពិត​នេះ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ អំពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ផ្នែក​ទាំង​ពីរ​នៃ​គ្រួសារ​ខាង​លើ ។

ផ្នែក ​មួយ​បាន​បង្ហាញ​ពី​ទុក​លំបាក​របស់​ជនភៀសខ្លួន​ ដែល​រស់​នៅ​ប្រមូល​ផ្ដុំ​គ្នា​ន​មួយ​កន្លែង មិន​អាច​ចេញ​ទៅ​ណា​ឆ្ងាយ​បាន​ទេ អ្វី​ដែល​គាត់​ធ្វើ​ប្រចាំ​ថ្ងៃ​នោះ​គឺ​ រង់​ចាំ​ដំណឹង​ថា​មាន​អ្នក​ធានា​ចេញ​ទៅ​ក្រៅ​ប្រទេស ក្រៅ​អំពី​នោះ​ពួក​គាត់​រង់ចាំ​តែ​ទៅ​ហើយ​របប​អាហារ​ សម្ភារៈ​ប្រើប្រាស់​ដែល​​អង្គការ​សប្បុរស​នានា​គេ​ផ្ដល់​ឲ្យ​តាម​រយៈ​ថៃ ។ យាយ​ ឆេង​ យ៉ាន​ បាន​ធ្វើ​ការ​ពិពណ៌នា​ពី​ទុក្ខ​លំបាក និង​ កង្វល់​ក្នុង​ចិត្ត​របស់​គាត់​ គាត់​ប្រៀប​ធៀប​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ជំរំ​នោះ​ហាក់​ ដូច​ជា​សត្វ​ដែល​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ។ រស់​នៅ​ដោយ​គ្មាន​សេរីភាព មិន​ចេះ​ប្រឹង​ប្រែង​ដើម្បី​រស់ មួយ​ថ្ងៃ​មួយ​ថ្ងៃ​ហា​មាត់​ចាំ​តែ​ឲ្យ​គេ​ដាក់​ចំណី​ឲ្យ​ស៊ី នៅ​រស់​នៅ​តែ​របៀប​នេះ​ក្មេង​ជំនាន់​ក្រោយ​ដែល​នៅ​ក្នុង​ជំរំ ច្បាស់​ជា​ជួប​ប្រទះ​ផលវិបាក​ជា​ពុំ​ខាន នៅ​ពេល​ដែល​ពូក​គេ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​មាតុភូមិ​វិញ ពូក​គេ​ច្បាស់​ជា​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ជីវិត​រស់​ទេ ព្រោះ​ពូក​គេ​ទម្លាប់​នឹង​ជីវិត​ស៊ី​ស្រាប់​ៗ ។

ផ្នែក​មួយ​ទៀត​នៃ​ ភាពយន្ត​ឯកសារ​បាន​និយាយ​ពី​ជីវភាព​របស់​នៅ​របស់​ប្រជាជន​នៅ​ក្នុង​ស្រុក ។ ពួក​គាត់​ពឹង​លើ​កម្លាំង​ញើស​ឈាម​ខ្លួន​ឯង​យ៉ាង​លំបាក​វេទនា​ដើម្បី​ ទ្រទ្រង់​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ មាន​ពេល​ខ្លះ​មេឃ​ក៏​រាំង​មិន​អាច​ធ្វើ​ស្រែ​បាន​ល្អ ពេល​ខ្លះ​ទឹក​ក៏​ជន់​លេច​ស្រូវ​អស់​គ្មាន​សល់ ប៉ុន្តែ​ពួក​គាត់​មាន​សេរីភាព​​ច្រើន​ជាង​អ្នក​រស់នៅ​ជំរំ ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​មាន​ឱកាស​រៀន​សូត្រ​ពី​ជីវភាព​រស់នៅ​ជា​ខ្មែរ ព្រម​ទាំង​ចំណេះ​ដឹង​ទូទៅ​ក្នុង​ការ​ធ្វើ​ស្រែចម្ការ​ ។ បន្ទាប់​មក​ឯកសារ​នេះ​បាន​បង្ហាញ​ពី​ជីវភាព​ក្រោយ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​គ្រួសារ​យាយ​ ឆេង យ៉ាន ។

ផលិត​ករ​នៃ​ភាពយន្ត​ឯកសារ​នេះ​​ ជនជាតិ​ New Zealand គាត់​បាន​ធ្វើ​ការ​ថត​ចំណាយ​ពេល​ជាង​ម្ភៃ​ឆ្នាំ ។ រូប​ភាព​ក្នុង​នេះ​មាន​ភាគ​ច្រើន​គាត់​ធ្វើ​ការ​ថត​ថ្មី តែ​ក៏​មាន​បញ្ចូល​រូបភាព​ពិត​មួយ​ចំនួន​ផង​ដែរ ។ ចំណុច​ពិសេស​គឺ​តួ​ឯក​នេះ​រឿង​គឺ​យាយ​ ឆេង យ៉ាន​ គាត់​ជា​អ្នក​សម្ដែង​ផ្ទាល់​តែ​ម្ដង ។ ការសម្ដែង​របស់​គាត់​ពិត​ជា​ពិសេស​មែន គឺ​មាន​លក្ខណៈ​ធម្មជាតិ​រស​រវើក ពូកែ​ជាង​តារា​សម្ដែង​អាជីព​ទៅ​ទៀត ។ រង្វាន់​លើក​ទឹក​ចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​​ផ្ដល់​ជូន​​ផលិត​ករ​ភាព​ យន្ត​គឺ មេដាយ​មាស​ថ្នាក់​ជាតិ ព្រះរាជក្រឹត្យ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ជូន​គាត់ នឹង​ទឹក​ប្រាក់​ប្រាំ​ម៉ឺន​ដុល្លារ ។ ហើយ​នៅ​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​តារា​សម្ដែង​ក្នុង​រឿង​នោះ​មួយ​ចំនួន​ ទៀត​ផង​ដែរ ។​ គួរ​ឲ្យ​ស្ដាយ​ដែល​យាយ​ ឆេង យ៉ាន​ មិន​បាន​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​នោះ​ ព្រោះ​គាត់​មាន​ជំងឺ​មិន​បាន​អញ្ជើញ​មក​បាន ។

​​អាសយដ្ឋាន​គេហ​ទំព័រ​ភាពយន្ត​ឯកសារ​នេះ www.cambodiadreams.org

រឿង​ខ្លី​សម្រាប់​ថ្ងៃ​នេះ «ប៉ះមួយ​ថែម​មួយ!»

នាង​តូច​

មាន​រឿង​ខ្លី​មិន​សូវ​សំខាន់​មក​ប្រាប់​គ្នា​យើង បញ្ជាក់​បន្តិច​ថា​មិន​សូវ​សំខាន់ តែ​អាន​ហើយ​វា​មិន​ធ្វើ​ឲ្យ​យើង​ឈឺ​ទេ វា​ប្រហែល​ជា​អាច​ឲ្យ​យើង​ធូរ​ស្រាល​អារម្មណ៍​ ឬ ញញឹម​ចេញ​តិច​ៗ​​ក៏​ថា​បាន ។

ជិះ​ជិត​ដល់​កន្លែង​ធ្វើ​ការ​ទៅ​ហើយ នៅ​សល់​ប្រហែល ៣​០​០​ម៉ែត្រ​ ទៀត​ប៉ុណ្ណោះ​ ម៉ូតូ​ខ្ញុំ​ផ្ដល់​សញ្ញា​ប្រាប់​កង់​ក្រោយ​ធូរ​ខ្លាំង​ហើយ ។ សំណាង​ដែរ​នៅ​ឆ្ងាយ​ពី​នោះ​ប្រហែល​១​០​ម៉ែត្រ​ដល់​​កន្លែង​សប់​កង់​ល្មម ខ្ញុំ​ប្រើ​វិធី​សាស្ត្រ​ដោះស្រាយ​មក​រួច​ខ្លួន​ពេល គឺ​ខ្ញុំ​សម្រេច​មិន​ទាន់​ប៉ះ​កង់​ទេ សប់​វា​សិន​ព្រោះ​ហួស​ម៉ោង​ប្រហែល​១​៥​នាទី​ហើយ មាន​អី​ប្រសិទ្ធិភាព​​ខ្យល់​នោះ​បាន​នាំ​ខ្ញុំ​ទៅ​ដល់​កន្លែង​ធ្វើ​ការ​ទាំង​ផើត​ផត​ពោះ ។

ពេល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច​ខ្ញុំ ក៏​បណ្ដើរ​ម៉ូតូ​យក​ទៅ​ប៉ះ​កង់​នៅ​ក្បែរ​កន្លែង​ធ្វើ​ការ​ ព្រោះ​មិន​ចង់​ទុក​យូរ​ក្រែង​មាន​រវល់​នេះ​រវល់​នោះ​ទៅ​ធ្វើ​ឲ្យ​ខក​ខាន ។ ទៅ​ដល់​កន្លែង​ប៉ះ​កង់ ពូ​ប៉ះ​កង់​គាត់​ទំនេរ​ដៃ​ល្មម អញ្ចឹង​ហើយ​គាត់​ក៏​បាន​ចាត់​ការ​ម៉ូតូ​ខ្ញុំ​មិន​បង្អង់​យូរ​ទេ ។ កំពុង​តែ​គាស់​សំបក​កង​ម៉ូតូ​ស្រាប់​តែ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រហែល​១​០​ឆ្នាំ​បាន​បណ្ដើរ​កង់​មក​សប់​នៅ​កន្លែង​នោះ​ដែរ ។ ពូ​ប៉ះ​កង់​គាត់​ក៏​ប្រញាប់​ប្រញាល់​សប់​ឲ្យ​គ្នា​ដែរ ព្រោះ​នាង​តូច​នោះ​ថា​ប្រញាប់​ណាស់​ពូ​អើយ​ជិត​ដល់​ម៉ោង​គ្នា​ចូល​រៀន​ហើយ ។

ក្រោយ​ពី​សប់​កង់​ហើយ​នាង​តូច​កំពុង​ដក​លុយ​មួយ​រយ​រៀល​ឲ្យ​ពូ​សប់​កង់​មិន​ទាន់​រួច​ផង កង់​នាង​ក៏​ធូរ​ស្បេត​ទៅ​វិញ ។ នាង​តូច​ធ្វើ​​មុខ​ស្អុយ​ប៉ែ មើល​ទៅ​គួរ​ឲ្យ​អាណិត​ណាស់ ។ ពូ​ប៉ះ​កង់​គាត់​ថា​កង់​នេះ​ធ្លាយ​ហើយ​ទាល់​តែ​ប៉ះ​ទើប​បាន ។ នាង​តូច​ឆ្លើយ​តប​បណ្ដើរ​ បណ្ដើរ​កង់​ត្រឡប់​បណ្ដើរ នាង​ថា​នាង​គ្មាន​លុយ​ទេ នាង​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​សុំ​លុយ​ពុក​នាង​នៅ​ផ្ទះ​សិន ។

មុន​នេះ​បន្តិច​ខ្ញុំ​ឮ​ថា​នាង​ប្រញាប់​ទៅ​រៀន ហើយ​បើ​រវល់​តែ​បណ្ដើរ​កង់​ទៅ​បណ្ដើរ​កង់​មក​ ថ្មើរ​ណា​ទៅ​ទើប​បាន​ចូល​រៀន​? ​ខ្ញុំ​ក៏​ស្រែក​ហៅ​នាង​តូច​នោះ​ឲ្យ​ត្រឡប់​មក​វិញ ដោយ​ប្រាប់​ថា​ចាំ​ខ្ញុំ​ចេញ​ថ្លៃ​ប៉ះ​កង់​ឲ្យ​ ពេល​នោះ​នាង​រាង​អល់អែក​បន្តិច​ដែរ តែ​ក៏​សម្រេច​ចិត្ត​ដើរ​ត្រឡប់​មក​វិញ ទាំង​ទឹក​មុខ​អឹមអៀន​បន្តិច ញញឹម​ស្ងួត​ៗ ។

ខ្ញុំ​ក៏​ងាក​មក​ប្រាប់​ពូ​ប៉ះ​កង់​ឲ្យ​គាត់​មក​ប៉ះ​កង់​នាង​តូច​មុន​ចុះ ព្រោះ​គ្នា​ប្រញាប់​ ចំណែក​ខ្ញុំ​មិន​អី​ទេ នៅ​មាន​ពេល​កន្លះ​ម៉ោង​ទៀត​ឯណោះ​ទើប​ដល់​ម៉ោង​ចូល​ធ្វើ​ការ ។ ពូ​ប៉ះ​កង់​គាត់​ក៏​ប្រឹង​ដុត​ដៃ​ដុត​ជើង គាស់​សំបក​កង់​នាង​តូច​ចេញ​ដើម្បី​​ពិនិត្យ​រក​កន្លែង​ធ្លាយ ។

ពូ​រើរុះ​ៗ​មួ​ស្របក់​គាត់​ក៏​​​​ប្រាប់​ថា កង់​ធ្លាយ​ពីរ​បំណះ​ឯណោះ​ក្មួយ​​អើយ ។ ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ថា មិន​អី​ទេ​ពូ​ប៉ះ​ឲ្យ​គ្នា​ទៅ គ្នា​ប្រញាប់​ទៅ​រៀន​ផង ។ មួយ​សន្ទុះ​ក្រោយ​មក​ពូ​ប៉ះ​កង់​គាត់​ស្រែក​ប្រាប់​នាង​តូច​ថា​ កង់​ប៉ះ​រួច​ហើយ​អាច​ជិះ​បាន​ហើយ ។ គាត់​បន្ថែម​ទៀត​ថា​ឲ្យ​អរគុណ​បង​ប្រុស​ម្នាក់​នោះ​ទៅ ហើយ​ខំ​ប្រឹង​រៀន​ផង​ណា​ក្មួយ ។ នាង​តូច​នោះ​ក៏​បាន​ងាក​មក​សំពះ​អរគុណ​ខ្ញុំ​ ហើយ​ក៏ ជិះ​កង់​តម្រង់​ទៅ​សាលា​ទៅ ។

ប្រហែល​១​៥​នាទី​ក្រោយ​មក​ កង់​ម៉ូតូ​ខ្ញុំ​ក៏​ត្រូវ​បាន​ប៉ះ​រួច​រាល់​ ខ្ញុំ​ប្រាប់​ឲ្យ​ពូ​ប៉ះ​កង់​សរុប​ថ្លៃ​ទាំង​អស់ គាត់​ប្រាប់​ថា ម៉ូតូ​ខ្ញុំ​គាត់​យក​មួយ​បំណះ​១​៥​០​០៛ ចំណែក​កង់​នាង​តូច​នោះ ពីរ​បំណះ​២​០​០​០៛ ។ តែ​នាង​តូច​នោះ​គាត់​យក​តែ​១​០​០​០​៛ ទេ ។ គាត់​ថា​ឲ្យ​ខ្ញុំ​ជួយ​ចេញ​មួយ​បំណះ គាត់​ជួយ​មួយ​បំណះ អាណិត​គ្នា! «ប៉ះ​មួយ​ថែម​មួយ!»