មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូតសំរឹទ្ធិស័ក ព.ស.២៥៥២

ព្រះពុទ្ធសករាជព្រះសាសនាអតិកន្ដា កន្លងទៅហើយបាន ២៥៥១ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំជូតសំរឹទ្ធិស័កតទៅ ចូលពុទ្ធសករាជ ២៥៥២ ។ នឹងគណនាឆ្នាំជូត ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ មេសា គ្រិស្តសករាជ ២០០៨ វេលាម៉ោង ១៨ និង ២៤នាទី ។
ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ។ ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹមអាភរណៈ(១) ទ្រង់ពាក់កែវបទុមរាគភក្សាហារ(២) ទ្រង់សោយផ្លែ ឧទុម្ពរ(៣) ព្រះហស្តស្ដាំទ្រង់ចក្រ ព្រះហស្តឆ្វេង ទ្រង់ស័ង្ខ ទ្រង់គង់ពាក់ឆៀង បើកព្រះនេត្រលើខ្នងសត្វគ្រុឌបក្សីជាពាហនៈ ទើបនាំអស់ទេវបុត្ត ទេពធីតា ទាំងមួយសែនកោដិហោះទៅកាន់គុហាកែវ ធម្មមាលីនាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង) ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ។
ហើយប្រជុំទេវបុត្ត ទេពធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្តនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដី ជយមង្គល ជន្មាយុយឺនយូរដល់ទេវតា និង មនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០០៧ វេលាម៉ោង ១៨ និង ២៤នាទី ជាថ្ងៃចូលឆ្នាំជូតសំរឹទ្ធស័ក ។
ប្រភព៖ កោះសន្តិភាព
វចនានុក្រម Online sealang.org
Posted: April 10th, 2008 under [V]-learn Khmer, [V]-this-&-that.
Comments: 2








