កាលពីរសៀលថ្ងៃសោរ៍ ទី២កើត ខែផល្គុន ឆ្នាំកុរ ពុទ្ធសករាជ ២៥៥១ ត្រូវហ្នឹងថ្ងៃទី៨ ខែមិនា ឆ្នាំ២០០៨ (ទិវាសិទ្ធិនារីអន្តរជាតិ) នាវត្តលង្កាក្រុងភ្នំពេញយើងនេះឯង បងប្រុសខ្ញុំបួសជាសាមណេរ ដែលការបំបួសនេះក្រុមគ្រួសារយើងត្រូវបានទទួលកិត្តិយសយ៉ាងខ្ពង់ខ្ពស់ ដោយសម្តេចព្រះមហាអរិយវង្ស សៅ ចន្ទថុល្ល ជាចៅអធិការវត្តលង្កា និង ជាសង្ឃនាយករងនៃពុទ្ធិកសាលវិទ្យាល័យសីហនុរាជ ទ្រង់ព្រះមេត្តាទទួលធ្វើជាគ្រូឧបជ្ឈាក្នុងការបំបួសនាគ ។
បងប្រុសខ្ញុំបានទទួលការអនុញ្ញាតពីម៉ាក់ ដើម្បីធ្វើការបួសរៀនរយៈពេលពីរអាទិត្យ ដើម្បីបំពេញកតព្វកិច្ចជាកូនប្រុស និងដើម្បីធ្វើការតបស្នងសងគុណមាតាបិតាក្នុងជំនឿព្រះពុទ្ធសាសនា ។ គាត់យើងមានបំណងធ្វើការបួសនេះជាច្រើនឆ្នាំកន្លងមកហើយ តែរកឱកាសល្អមិនទាន់បាន ទើបតែក្នុងឆ្នាំនេះ គាត់បានឆ្លៀតរកពេលវេលាសមរម្យសម្រេចបំណងប្រាថ្នាគាត់ ។
នេះជាលើកទីមួយហើយក្នុងជីវិតខ្ញុំ ដែលបានចូលរួមពីធីបំបួសនាគ ។ នេះជាពិធីតូចមួយ ដែលមានតែក្រុមគ្រួសារញាតិមិត្តជិតដិតប៉ុណ្ណោះចូលរួម ។ វេលាព្រឹកយើងបានធ្វើជាចង្ហាន់ត្រង់យកទៅប្រគេនព្រះសង្ឃ ហើយពេលរសៀលប្រហែលម៉ោងពីរ ទើបយើងចាប់ផ្ដើមកម្មវិធីបំបួសនាគ ។ កម្មវិធីនោះគេតម្រូវឲ្យយើងធ្វើការដង្ហែរនាគជុំវិញព្រះវិហារចំនួនបីជុំ ។ ទើបយើងទៅបន្តកិច្ចខាងក្នុងព្រះវិហារ ដែលមានការធ្វើសមាទានសិលប្រាំសម្រាប់អ្នកចូលរួមទូទៅ នឹងការប្រគេនសីលដប់ដល់សាមណេរថ្មី ពីសំណាកគ្រូឧបជ្ឈា ។ កម្មវិធីបំបួសនាគនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោងបីកន្លះរសៀល ក្រោមស្នាមញញឹម អំណរសាទរ និងមោទនភាព ពីសំណាក់ញាតិបងប្អូនដែលបានចូលរួម ។
កម្មវិធីនេះខ្ញុំមិនសូវបានកាន់កាមេរ៉ាថតរូបច្រើនទេ ព្រោះរវល់ជាប់បំពេញនាទីជាប្អូនប្រុស តម្រូវឲ្យកាន់បាតលោកពេលដង្ហែរ និង នៅក្បែរគ្រាន់ចាស់ៗប្រើការផ្សេងពេលបំពេញកិច្ចក្នុងព្រះវិហារ ។ តែខ្ញុំកំពុងតែប្រមែប្រមូលពីកាមេរ៉ាបងប្អូនផ្សេងៗទៀត ខ្ញុំនឹងដាក់រូបបន្ថែមម្ដងទៀត រួមជាមួយរូបថតនៅពេលដែលបងប្រុសខ្ញុំធ្វើការលាចាកសិក្ខាបទ ។ សូមអនុមោទនា ៚

ខ្ញុំ និង ល្បង និង ម៉ាក់ ។

ល្បងនិងញាតិបងប្អូន ។
* ចំណេះដឹងបន្ថែម ៖
តាមជំនឿការបួសសងគុណ គេមានចែកចេញជាពីរ២ប្រភេទ ប្រភេទទីមួយ គឺការបួសសងគុណម្ដាយ ទីពីរគឺការសងគុណឪពុក ។
៚ ទីមួយការបួសសងគុណម្តាយ គឺការបួសជាសាមណេ ដែលមានព្រះសង្ឃចូលរួមបំពេញកិច្ចចំនួន១២អង្គ (បូករួមទាំងគ្រូឧបជ្ឈា) ។
៚ ទីពីរជាការបួសសងគុណឪពុក គឺការបួសជាភិក្ខុ ដែលមានព្រះសង្ឃចូលរួមបំពេញកិច្ចចំនួន២១អង្គ (បូករួមទាំងគ្រូឧបជ្ឈា) ។
៚ ចំណែកល្បងខ្ញុំគាត់បូសជាសាមណេតែមានព្រះសង្ឃចូលរួម៣៣អង្គ ដូច្នេះនៅពេលគាត់លាចាកសិក្ខាបទហើយ គាត់និងសាងភ្នួសម្ដងទៀតជាភិក្ខុ ដើម្បីគម្រប់ និងបំពេញតាមជំនឿខាងលើ ដែលធ្វើការសងគុណម្តាយ និង ឪពុក ។
Posted: March 9th, 2008 under [V]-action, [V]-interested, [V]-learn Khmer.
Comments: 12