www.ckvirya.net

Site menu:

Categories


 

August 2008
M T W T F S S
« Jul    
 123
45678910
11121314151617
18192021222324
25262728293031

Recent Posts

Recent Comments

Links:

[V]-action

I’ve voted!

ខ្ញុំ​បាន​ទៅ​បំពេញ​កាតព្វ​កិច្ច​ជា​កូន​ខ្មែរ​មួយ​រូប​រួច​រាល់​ហើយ​ តាម​រយៈ​ការ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ កាល​ពី​ព្រឹកថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ នៅការិយាល័យ​ក្បែរ​ផ្ទះ​ខ្ញុំ​ ។

បើ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ទើប​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំមុន​ ឃើញ​ថា​សភាព​ការ​ទូទៅ​មាន​ភាព​ខុស​ប្លែក​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ដែល​ថា​ខុស​នោះ​គឺ​មិន​សូវ​មាន​ភាព​រំជើបរជួល​អ្វី​កើត​ឡើងជា​លក្ខណៈ​ធំដុំ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ មូល​ហេតុ​ចម្បង​ពីរ​តាម​ការប៉ាន់​ស្មាន​របស់​ខ្ញុំ​គឺ ទី១​ប្រជា​ជន​យើង​ហាក់​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ការបោះ​ឆ្នោត​នេះ ចំណែក​ទី​២​គឺ បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​រវាង ខ្មែរ-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ហាក់មាន​កម្លាំង​អូស​ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ជាង​ ។ ដោយ​សារ​មូល​ហេតុទាំង​ខាង​លើ​នេះ​ទើប​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​លើក​នេះ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់  ។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ផ្តល់​សារៈសំខាន់​ចំពោះ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​​ណាស់ ខ្ញុំ​តែង​មាន​គំនិត​ផ្ទុយ​ពី​​មតិ​មួយ​ចំនួន​ដែល​តែង​លើក​ឡើង​ថា “អត់​ទៅ​បោះ​ម្នាក់​មិន​ស្អី​ទេ!”​”ខ្ញុំ​មិន​ទៅ​បោះ​ក៏​គេ​នៅ​តែ​ជាប់​ដែរ” “លទ្ធ​ផល​ដឹង​មុនស្រាប់​ហើ​យ​មិន​ដឹង​ជា​ទៅ​បោះ​នាំ​ខាត​ពេល​ធ្វើ​អី!” ។ល។
-​ មែន! ​បើ​មាន​តែ​យើង​​មិន​ទៅ​បោះ​ម្នាក់​វា​មិន​ស្អី​ទេ តែ​យើង​ប្រកដ​​ទេ​ថា​មាន​តែ​យើង​ម្នាក់​ដែល​គិត​ដូច្នេះ?
- ខ្ញុំ​មិន​ទៅ​បោះ​ក៏​គេ​នៅតែ​ជាប់​ រឿង​នេះ​យើង​មិ​នអាច​ប្រកែក​បានទេ ព្រោះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​សំឡេង​ភាគ​ច្រើន​​ជា​គោលការណ៍​សម្រាប់​កាត់​សេចក្តីថា​​ឈ្នះ​​ វាជា​រឿង​ធម្មតា ក្រែង​យើង​ចង់​បាន​ប្រជាធិបតេយ្យ​មិន​អញ្ចឹង?
- លទ្ធផល​ដឹង​មុន​ស្រាប់! ពិត​មែន​ថា​លទ្ធិ​ប្រជាធិតេយ្យ​ និង កម្រិត​យល់​ដឹង​របស់​ប្រជាជន​យើង​នៅ​មាន​កម្រិត​​នៅ​ឡើយ ក៏​ប៉ុន្តែ​សួរ​ថា​បើ​យើង​មិន​ចាប់​ផ្តើម​ជម្រាប​​ឲ្យ​វា​ចូល​​ក្នុង​ផ្នត់​គំនិត​កូន​ខ្មែរ​ពី​ពេល​នៅ​ទៅទេ តើ​នៅ​ពេល​ណា​ទៅ​ទើប​ខ្មែរ​យើង​យល់​ច្បាស់​នូវ​អ្វី​ដែល​ហៅ​ថា​លទ្ធិប្រជាធិបតេយ្យ​ទៅ ? ហើយ​នៅ​ពេល​ណា​ទៅ​ទើប​ប្រជារាស្ត្រ​ក្លាយ​ជា​ម្ចាស់​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ពិត​ប្រកដ​ទៅ ?

យ៉ាង​ហោច​ណាស់​ការ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​នេះ​សម្រាប់​ខ្ញុំ​ អាច​ចាត់​ទុក​បាន​ថា​ខ្ញុំ​បាន​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​កំណត់​ជោគ​វាសនា​ប្រទេស​ខ្មែរ​យើង​នៅ​ថ្ងៃ​ខាង​មុន​ ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​ជា​កូន​ខ្មែរ​មួយរូប​ និងខ្ញុំ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ប្រទេស​ជាតិ​របស់​ខ្លួន​ខ្ញុំផង​​ដែរ ។

ចៃដន្យ​មែន​បន្ទាប់​ពីសរសេរ​អត្ថបទ​ខ្លី​ខាង​លើ​នេះ​ហើយ​ មិនទាន់​ទាំងបាន​ Post ផង​ស្រាប់​តែ​ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​ពី​មិត្ត​ម្នាក់​ដែល​មាន​គំនិត​ប្រហាក់​ប្រហែល​ខ្ញុំ​ដែរ សុំ​ស្រង់​ខ្លឹម​សារ​អ៊ីម៉ែល​ដាក់​ខាង​ក្រោម ៖

Dear all,

As you know Cambodian is running the national election today to elect the new members of its national assembly. But some people staying in Cambodia who are eligible to vote, they don’t vote. Do you think they are responsible persons?

Please, just answer shortly whether they are responsible persons. What should we deal with them?
To me, I think they are not responsible persons. And those people like making excuses. Agree?

Thanks for your answer in advance.
Hope you will answer me.

Nuth.

National Election 27-07-08

News Update!


សួ​ស្តី​បង​ប្អូន​ញាតិ​មិត្ត​ដែល​ធ្លាប់​ចេញ​ចូល​អាន​ វីហ្វូតូ​ មួយ​រយៈ​នេះ​ខ្ញុំ​រវល់​បន្តិច​បង​ប្អូន​អើយ មិន​សូវ​បាន​មក​អើត​មក​​ផ្ទះ​ខ្លួន​ឯង​សោះ​ឡើយ ហើយ​ក៏​បាន​គិត​ថា ប្រហែល​ជាលែង​មាន​អ្នក​មក​អើត​មើល​ដែរ ព្រោះ​ទៅ​រំពឹង​ឲ្យ​គេ​ចូល​មក​មើល​ម្ដេច​នឹង​កើត​ បើ​យើង​ជា​ម្ចាស់​ផ្ទះ​មក​ទាំង​មក​មើល​ផង​ហ្នឹង ។ តែ​មាន​ឯណា ពីរ​-បី​ថ្ងៃ​នេះ​បាន​ជួបម៉ូវ​ប្រចាំ (ហេហេហេ) គេ​សួរ​នាំ​ថា​ទៅ​ណា​មក​ណា ម៉េច​បាន​ជា​ស្ងាត់​ម៉្លេះ? បើ​គេ​សួរ​អញ្ចឹង​បាន​ន័យ​ថា​នៅ​មាន​អ្នក​មក​​ឆៀង​ចូល​លេង​ខ្លះ​ដែរ ។ ការពិត​ខ្ញុំ​មិ​ន​ដែល​បាន​គិត​ថា ខ្ញុំ​នឹង​បើ​បង់​កន្លែង​នេះ​ចោល​ទៅណា​ទេ គ្រាន់​មួយ​រយៈ​នេះ​មាន​ការរវល់​បន្តិច ។ សុំ​ធ្វើ​ការ​រៀប​រាប់​ត្រួស​ៗ​ចុះ​ថា រវល់​ស្អី​ខ្លះ​ទៅ ម៉េច​បាន​ជា​ស្ងាត់​ដូច​ចោរ​លួច​សេះ​អញ្ចឹង?

- កាល​ពី​ដើម​ខែ​៦នេះ ខ្ញុំ​មាន​ការ​ត្រុវ​ចេញ​ទៅ​ប្រទេស​ថៃ ចំណាយ​ពេល​នៅទី​នោះ​យូរ​ក្រែល​ដែរ ។ បន្ទាប់​ពី​បំពេញ​ការងារ​ចប់​ខ្ញុំ​​បានឆ្លៀត​ឱកាស​នោះ​ សម្រាក​ពី​ការងារ​មួយ​អាទិត្យ​បន្ថែម​ ហើយ​បាន​ទៅ​ដើរ​លេង​នៅ កោះ​ល្បី​ឈ្មោះ​របស់​ថៃ (កោះ​ភូកេត) និង​ តំបន់​ផ្សេង​ៗ​នៅ​ក្បែរ​នោះ​ជា​ច្រើន​កន្លែង​ទៀត ។ នៅ​ពេល​ដែល​ការងារ​ស្បើយនេះ​បន្តិច​ខ្ញុំ​នឹង​យក​រូប​ថត​មក​អួត​គ្នា​យើង​​ជា​មិន​ខាន​ ។

- ត្រឡប់​ពី​បាងកក មក​ដល់​ភ្នំពេញ​ភ្លាម ខ្ញុំ​មាន​ពេល​២​ថ្ងៃ​គត់​សម្រាប់​ត្រៀម​ខ្លួន​ ចូល​ធ្វើ​ការ​កន្លែង​ថ្មី ។ ដូច​បង​ប្អូន​ដឹង​ស្រាប់​ហើយ​ ថា​ការ​ចាប់​ផ្ដើម​ការងារ​ថ្មី​ម្តង​ៗ​ គឺ​​វា​តែង​រវល់​បន្តិច​ហើយ ព្រោះ​យើង​ត្រូវធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ស្វេង​យល់​ពីកន្លែង​ការងារ​ថ្មី​នោះ​ឲ្យ​បាន​កាន់​តែ​ច្រើន កាន់​តែ​ឆាប់ គឺ​កាន់​តែ​ល្អ ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ពីរវល់​បន្តិច រវល់​ជាង​ការងារ​ជាក់​ស្តែង​ដែល​ត្រូវ​ធ្វើ​ ។ សង្ឃឹម​ថា​មួយ​រយៈ​ខ្លី​ទៀត​បន្ទាប់​ពី​ សម្រប​សម្រួល​ឲ្យ​ចុះ​សម្រុង​នឹង​ការងារ​ថ្មី​ បាន​ប្រសើរ​ជាង​នេះ​បន្តិច ខ្ញុំ​នឹង​មាន​ពេល​វេលា​ច្រើន​ល្មម​អាច​មក​ update វីហ្វូតូ បាន​ដូច​ពី​មុន​អញ្ចឹង​ដែរ ។

ចំពោះ​អ្នក​តាម​ដាន​អាន​រឿង​ Memory ឲ្យ​ខ្ញុំ​សុំ​ទោស​ផង​ដែល​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដាក់​ភាគ​ថ្មី​ៗ​ចូល រឿង​នេះ​ត្រូវ​បាន​សរសេរចប់​រួច​រាល់​ហើយ តែ​មាន​បញ្ហា​បច្ចេកទេស​បន្តិចបន្តួច ។ កាល​ពីសសេរ ខ្ញុំ​សសេរ​នៅ ក្នុង​កម្មវិធី MS ONE NOTE ក្រោយ​ពេល​ត្រឡប់​មក​ពី​ដើរ​លេង​វិញ កម្មវិធី​នេះ​មិន​ដឹង​ជា​គាំង​ស្អី​វា វា​ទា​ឲ្យ​ខ្ញុំ​តំឡើង​ថ្មី​តែ​រហូត តាំង​ចិត្ត​ថា​ខ្ញុំ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ ឲ្យ​រួច​រាល់​នៅ ល្ងាច​ថ្ងៃ​ចន្ទ​នេះ ហើយ​បន្ត​ដាក់​ជូន​អាន​ទាល់​តែ​ចប់ ។

ព័ត៌មាន​ថ្មី​ៗ​ស្តី​អំពី វីហ្វូតូ សុំ​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​ហើយ​… អរគុណ​ច្រើន​ញាតិ​មិត្រ​បង​ប្អូន​ដែល​បាន​ចូល​មក​លេង វីហ្វូតូ!!!

My New Year’s activities…

ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ជូត​នេះ ប្លែក​ជាង​ឆ្នាំ​មុន​សម្រាប់​ខ្ញុំ គឺ​ឆ្នាំ​នេះ​ខ្ញុំ​ចេញ​ដើរ​លេង​ទៅ​ក្រៅ​ក្រុង​ជាមួយ​ក្រុម​គ្រួសារ​ស្ទើរ​រាល់​ថ្ងៃ តែ​មិន​បាន​ដើរ​ជា​មួយ​ម៉ាក់ និង​ បង​ខ្ញុំ​ទេ ព្រោះ​ម៉ាក់​គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាមួយ​បង​ប្អូន​មួយ​ក្រុម​ទៀត ហើយ​បង​ប្រុស​ខ្ញុំ​ គេ​មាន​កម្មវិធី​ជាមួយ​មិត្ត​ភក្តិ​ជាប់​រដឹក (​ផ្ទះ​ខ្ញុំ​មែន​ទែន​ទៅ​មាន​គ្នា​តែ​៣​នាក់​ហ្នឹង​ឯង គឺ​ម៉ាក់,​ បង និង ខ្ញុំ​) ។ ​សំណាង​ដែរ ដែល​ម៉ាក់​មាន​បង​ប្អូន​ច្រើន ដូច្នោះ​ទោះ​គាត់​មិន​នៅ​ផ្ទះ​ក៏​នៅ​​សមាជិក​ផ្សេង​ៗ​ទៀត​នៃ​គ្រួសារ​បបួល​ខ្ញុំ​ដើរ​លេង​ដែរ ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​កម្មវិធី​ដើរ​លេង​មិន​លួស​ថ្ងៃ ។

ថ្ងៃ​ទី​១​៣​ ខែ​មេសា ជា​ថ្ងៃ​មហាសង្ក្រាន្ត​ ម្ដាយ​មីង​ខ្ញុំ​បាន​បបួល​ទៅ​លេង​ភ្នំ​ឧត្តុង្គ​ជាមួយ​គាត់ ។ យើង​ចេញ​ដំណើរ​​ម៉ោង ៨​​ ព្រឹក ទៅ​ដល់​ប្រហែល​ម៉ោង ៩​កន្លះ ។ ឆ្នាំ​នេះ​ហាក់​មិន​សូវ​មាន​មនុស្ស​ម្នា​ច្រើន​ទេ ខ្ញុំ​ប៉ង​ថា​ក្រោយ​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​រួច​នឹង​ឡើង​ទៅ​សក្ការ​ព្រះ​សក្យមុនី​ចេតិយ​​​ ។ ការ​ងារ​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​គឺ រក​ជួល​តូប​អង្គុយ សម្រេច​គ្នា​ថា​ចូល​ទៅ​កន្លែង​មួយ​នោះ ជា​កន្លែង​ដែល​ធ្លាប់​ចូល​​កាល​ពី​មក​​​លេង​លើក​​មុន ។ ក្រោយ​ពេល​សួរ​​ថ្លៃ​សួរ​ថ្នូរ​ហើយ​ធ្វើ​ឲ្យ​ស្រឡាំងកាំង ព្រោះ​តម្លៃ​ត្រូវ​បាន​ដំឡើង​១​០​​ដង ពី​មុន ៥​ពាន់​រៀល ហើយ​ថ្ងៃ​ចូល​ឆ្នាំ​គេ​គិត ៥​ម៉ឺន​ មួយ​កាក់​មួយ​សេន​ក៏​មិន​ចុះ​ដែរ យើង​ក៏​សម្រេច​មិន​ចូល​កន្លែង​ហ្នឹង​ដែរ ។ ទី​បំផុត​​យើង​រក​កន្លែង​គួរ​សម​មួយ​បាន​ក្នុង​តម្លៃ ២​៥​០​​០​០៛ (​ហេ​ហេ​ហេ​ ស្តង់​ដារ​ខ្មែរ​យើង​ឲ្យ​តែ​បុណ្យ​ទាន គឺ​រក​ស៊ី​លក់​ផ្លូវ​ខ្លួន​ឯង​អញ្ចឹង​ ម៉ូយ​មិន​​ម៉ូយ​មិន​ដឹង​ទេ សុំ​ម្ដង​ហើយ​!!!) ។

បន្ទាប់​ពី​បាន​កន្លែង​អង្គុយ​ហើយ​យើង​ចេញ​រក​ទិញ​​អាហារ​សម្រាប់​ថ្ងៃ​ត្រង់​ មនុស្សម្នា​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ចូល​មក​ហូរហែ​ ហើយ​តម្លៃ​ចំណី​អាហារ​​ក៏​មិន​សូវ​ជា​ខុស​ពី​តម្លៃ​តូប​ប៉ុន្មាន​ទេ ភាគ​ច្រើន​គាត់​លក់​ក្នុង​តម្លៃ​គុណ​នឹង​២ ។ ខាង​ក្រោម​នេះ​ជា​រូប​ថត ដែល​ខ្ញុំ​ប្រើ​ទូរស័ព្ទ​ដៃ​ថត​មក​ផ្ញើ​ប្រិយ​មិត្ត​ VphotO ទស្សនា​កម្សាន្ត មិន​សូវ​ជា​ច្បាស់​ទេ ព្រោះ​ខ្ជិល​យក​ម៉ាស៊ីន​​ថត​​តាម​៖

» មាន់​បំពង​អាហារ​ពេញ​និយម​សម្រាប់​ដំណើរ​កម្សាន្ត​ក្រៅ​ផ្ទះ (​ទោះ​ជា​ផ្ដាសាយ​បក្សី​រាតត្បាត​ក៏​នៅ​តែ​ពេញ​និយម) ។

» អាហារ​ពេញ​និយម​មួយ​ទៀត​បន្ទាប់​ពី​មាន់​បំពង​គឺ​ត្រី​អាំង និង ប្រហុក​ដុត​ខ្ចប់​ស្លឹក​ចេក ។

«​ក្រចាប់​» មិន​ដឹង​គេ​ផ្លែ​ ឬ ជា​មើម​ទេ ព្រោះ​តាំង​ពី​ធំ​ដឹង​ក្ដី​មក​ ខ្ញុំ​ឃើញ​គេ​យក​មក​លក់​បែប​នេះ​ស្រាប់​ទៅ​ហើយ មិន​ដឹង​ថា​រូប​រាង​ដើម​វា​មាន​លក្ខណៈ​បែប​ណា​ឲ្យ​ប្រាកដ​ទេ ។

តូប​នេះ​លក់​ដូរ​ច្រើន​តែ​​ជា​ចំណី​ញ៉ាំ​លេង ដំឡូង​ស្ងោរ ទ្រាប​បាយ ក្រចាប់ ….

«នំ​លម្អង​ចេក» រសជាតិ​វា​នៅ​តែ​ឆ្ងាយ​ដដែល​ ផ្អែម​ត្រជាក់​ៗ ឈ្ងុយ​ៗ បើ​មាន​ឱកាស​ចង់​ទៅ​មើល​គេ​ធ្វើ​វា​ឲ្យ​បាន​ម្ដង ព្រោះ​ចង់​ដឹង​ថា​គេ​វិធី​ធ្វើ​ ។

ក្រោយ​ពេល​យើង​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច​រាល់​ហើយ ខ្ញុំ​បម្រុង​តែ​នឹង​បបួល​​ប្អូន​ៗ​ឡើង​ទៅ​លើ​ភ្នំ​ ស្រាប់​តែ​ «កុង» (ជីតា) គាត់​ទៅ​ជា​មួយ​ដែរ គាត់​ប្រាប់​ថា​មាន​ការ ​ត្រូវ​ឆ្លៀត​ទៅ​ចូល​រួម​បុណ្យ​មួយ​នៅ​​ទី​រួម​ខែត្រ​កំពង់ស្ពឺ ។ ដូច្នេះ​គម្រោង​ឡើង​ទៅ​សក្ការ​ព្រះ​សក្យមុនី​​ចេតិយ​របស់​ខ្ញុំ​ត្រូវ​បាន​ខក​ខាន ស្ដាយ​បន្តិច​ដែរ តែ​មិន​អី​ទេ ចាំ​ពេល​ក្រោយ​ទៀត​ក៏​បាន​ មិន​ឃើញ​ថា​ចាំ​បាច់​ត្រូវ​តែ​ឡើង​ខាន​មិន​បាន​ឯណា! (ហេ​ហេ​ហេ​ និយាយ​បន្លប់​ខ្លួន​ឯង​កុំ​ឲ្យ​ស្ដាយ​ ប៉ង​ច្រើន​ដង​ហើយ​ តែ​ខក​តែ​រហូត​ហ្នឹង អញ្ចឹង​បាន​ជា​ចាស់ៗ​គាត់​ឧស្សាហ៍​និយាយ​ថា ចង់​ ធ្វើ​អី ឬ ទៅ​កន្លែង​ណាមួយ កុំ​ប៉ង​ច្រើន​ពេក ព្រោះ​​​វា​ច្រើន​តែ​ខក​ បើ​សូវ​នឹក​ឃើញ​ភ្លាម​ទៅ​ភ្លែត​តែម្ដង​ទៅ) ។

ទម្រាំ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ម៉ោង ៥​កន្លះ​ឯណោះ កៀក​ម៉ោង​ទេវតា​ចុះ​ហើយ ឆ្នាំ​នេះ​លោក​ចុះ​មក​ម៉ោង​ ​៦​ និង ២​៤ នាទី ល្ងាច ។បង​ប្រុស​ខ្ញុំ​គេ​បាន​ទិញ​ដង្វាយ​សម្រាប់​​ព្រះនាង​ទុង្សាទេវី រួច​រាល់​ហើយ​​ ។ រាល់​ដង​ពេល​ម៉ាក់​នៅ​ផ្ទះ វា​ជា​តួនាទី​របស់​គាត់​ តែ​ពេល​នេះ​គាត់​មិន​នៅ វា​ត្រូវ​ធ្លាក់​មក​លើ​ពួក​​យើង យើង​នាំ​គ្នា​​​ធ្វើ​ទាំង​អស់ ខុស​ខ្លះ​ត្រូវ​ខ្លះ​ ខ្វះ​នេះ​ខ្វះ​នោះ​សព្វតែ​យ៉ាង ។ មាន​របស់​ម្យ៉ាង​ ដែល​​ព្យាយាម​មិន​ខ្វះ​គឺ​ដង្វាយ​ផ្លែ ឧទុម្ពរ (ល្វា)​ បង​ខ្ញុំ​ថា​គេ​លក់​ច្រើន​ណាស់​​នៅ​ផ្សារ មួយ​គីឡូ ៥​ពាន់​រៀល ។ អ្នក​លក់​គេ​ថា​គេ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​វិញ ព្រោះ​វៀតណាម​គេ​ញ៉ាំ​ល្វា​ខ្ចី គេ​ថា​​រស​វា​ចត់​ៗ​ ញ៉ាំ​ជ្រលក់​ទឹកត្រី​ល្អ​ ស្រដៀង​ខ្វិត ហើយ​ពេល​នៅ​ខ្ចី​អញ្ចឹង​វា​អត់មាន​សត្វ​ម​មុង​ទេ ។ ខ្ញុំ​ចង់​សាក​ដែរ​ហ្នឹង​ណា​ ហើយ​ប៉ង​ថា​នឹង​សាក​ក្រោយ​ពេល​សែន តែ​ទម្រាំ​សែន​រួច​ហើយ​បី​ថ្ងៃ​ផ្លែ​វា​ប្រែ​សភាព​មិន​គួរ​ឲ្យ​សាក ក៏​សម្រេច​ចិត្ត​ចាក់​ចោល​អស់​ទៅ​ ចាំ​​ឱកាស​ក្រោយ​ទៀត​ចុះ សម្រេច​សម្រួល​ខ្ញុំ​ខក​បំណង​ម្ដង​ទៀត​ហើយ ។

ថ្ងៃ​នេះ​សុំ​ស្លេះ​ដំណើរ​កម្សាន្ត​ចូល​ឆ្នាំ​របស់​ខ្ញុំ​ប៉ុណ្ណេះ​សិន … សូម​រង់​ចាំ​អាន​ភាគ​បន្ត

 

Happy Khmer New Year!

 

តើ​អ្នក​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាង​ដូចម្ដេច?

Front Cover

Rear Cover

សៀវ​ភៅ​មួយ​ក្បាល​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ ព្រះ​ភិក្ខុ Dr. Sri Dhammanada (ស្រី​ធម្មនន្ទ) ជា​ភាសា​អង់គ្លេស ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ដោយ ព្រះភិក្ខុ ជួន​ ប៊ុនស៊ីម​ ​លោកជា​សាស្ត្រា​ចារ្យ​​​នៅ​ពុទ្ធកសាកលវិទ្យាល័យ ផ្នែក​ភាសា​អង់គ្លេស ។

សៀវ​ភៅ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ជា​ជំនួយ​សម្រាប់​​យុវវ័យ ដែល​កំពុង​ជួប​បញ្ហា​ដូច​ជា​ ការ​ខក​ចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​អ្វី​មួយ​មិន​បាន​សម្រេច មាន​រួម​ទាំង​បញ្ហា​ស្នេហា​ផង​ដែរ ។ ខ្លឹមសារ​អប់រំ​ត្រូវ​បាន​លាត​ត្រដាង​ឡើង​ តាមទ្រឹស្តី​ព្រះពុទ្ធសាសនា តែ​មាន​លក្ខណៈទាន់​សម័យ​ងាយ​យល់ ។ សៀវ​ភៅ​នេះនឹង​ធ្វើ​ការ​បោះ​ផ្សាយ​ជាពីរ​ភាសា​រួម​គ្នា​​តែ​ម្ដង សម្រាប់​អ្នក​អាន​ជា​ភាសា អង់គ្លេស​ និង ខ្មែរ ។

ជា​កិត្តិយស​សម្រាប់​រូប​ខ្ញុំ​ណាស់​ ដែល​លោក​បាន​ពឹង​ឲ្យ​ខ្ញុំ​ជួយ​រចនា​គម្រប​សៀវ​ភៅ​នេះ ហើយ​ថែម​ទាំងបាន​​រួមចំណែក​​ជា​អ្នក​​ពិនិត្យ អក្ខរាវិរុទ្ធ និង​ ខ្លឹម​សារ​ជា​ភាសា​ខ្មែរ​ផង​ដែរ ។

សៀវ​ភៅ​នេះ​នឹង​ធ្វើ​ការ​បោះពុម្ព​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​ ក្រោម​ជំនួយ​របស់​មិត្ត​ពុទ្ធសាសនិកជន​ម៉ាឡេស៊ី ចំនួន ៤ពាន់​ក្បាល នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ខ្ញុំ​ក៏​មាន​បំណង​ស្នើ​សុំ​លោក​ ធ្វើ​ការ​ដាក់​ចែក​ចាយ​សៀវភៅ​នេះ​ ជា​លក្ខណៈ​សៀវភៅ​អេឡិចត្រូនិច (E-book) ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ដោនឡូត​បាន​ដោយ​សេរី​លើ​អ៊ិនធើណិត ។

អនុមោទនា “ពិធីបំបួស​នាគ”

កាល​ពី​រសៀល​ថ្ងៃ​សោរ៍​ ទី​២កើត ខែ​ផល្គុន​ ឆ្នាំកុរ ពុទ្ធសករាជ ២៥៥១ ត្រូវ​ហ្នឹង​ថ្ងៃ​ទី​៨ ខែ​មិនា ឆ្នាំ​២០០៨ (ទិវា​សិទ្ធិ​នារី​អន្តរជាតិ​) នា​វត្ត​លង្កា​​ក្រុង​ភ្នំពេញ​យើង​នេះ​ឯង បង​ប្រុស​ខ្ញុំ​បួស​ជា​សាមណេរ​ ដែលការ​​បំបួស​នេះ​ក្រុម​គ្រួសារ​យើង​ត្រូវ​បាន​ទទួល​​​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ ដោយ​សម្តេច​​ព្រះ​មហា​អរិយវង្ស សៅ​ ចន្ទថុល្ល ជា​ចៅ​អធិការ​វត្ត​លង្កា និង ជា​សង្ឃនាយក​រងនៃ​​ពុទ្ធិកសាល​វិទ្យាល័យ​សីហនុរាជ ទ្រង់​ព្រះ​មេត្តា​ទទួល​ធ្វើ​ជា​គ្រូ​ឧបជ្ឈា​ក្នុង​ការ​បំបួសនាគ​ ។

បង​ប្រុស​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ម៉ាក់ ដើម្បី​​ធ្វើ​ការ​បួស​រៀន​រយៈ​ពេល​ពីរ​អាទិត្យ​ ដើម្បី​​បំពេញ​កតព្វ​កិច្ច​​​ជា​កូន​ប្រុស និង​ដើម្បី​​ធ្វើ​ការ​តប​ស្នង​សង​គុណ​មាតាបិតា​ក្នុង​​​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​​ ។ គាត់​​យើង​មាន​បំណង​ធ្វើ​ការ​បួស​​​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ តែ​រក​ឱកាស​ល្អ​មិន​ទាន់​បាន​ ទើប​តែ​ក្នុ​ងឆ្នាំ​នេះ​ គាត់បាន​ឆ្លៀត​រក​ពេល​វេលា​សម​រម្យ​​សម្រេច​បំណងប្រាថ្នា​​គាត់​​ ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​ខ្ញុំ​ ដែល​បាន​ចូល​រួម​ពី​ធី​បំបួស​នាគ ។ នេះ​ជា​ពិធី​តូចមួយ​ ដែល​មាន​តែ​ក្រុម​គ្រួសារ​​ញាតិ​មិត្ត​ជិត​ដិត​ប៉ុណ្ណោះ​ចូល​រួម ។ វេលា​ព្រឹក​យើង​បាន​ធ្វើ​ជា​ចង្ហាន់​ត្រង់​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ ហើយ​ពេល​រសៀល​ប្រហែល​ម៉ោង​ពីរ ទើប​យើង​ចាប់​ផ្ដើម​កម្ម​វិធី​​បំបួស​នាគ ។ កម្ម​វិធី​នោះ​គេ​តម្រូវឲ្យ​យើង​ធ្វើ​ការ​ដង្ហែរ​នាគ​ជុំ​វិញ​ព្រះវិហារ​ចំនួន​បី​ជុំ ។ ទើប​យើង​ទៅ​បន្ត​កិច្ច​​ខាង​ក្នុង​ព្រះ​វិហារ ដែល​មាន​ការ​ធ្វើ​សមាទាន​សិល​ប្រាំ​សម្រាប់​អ្នក​ចូល​រួម​ទូទៅ នឹង​​ការ​ប្រគេន​សីល​ដប់​ដល់​​សាមណេរ​ថ្មី ​ពីសំណាកគ្រូ​ឧបជ្ឈា ។ កម្ម​វិធី​បំបួស​នាគ​នេះ ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​បី​កន្លះ​​រសៀល ក្រោម​ស្នាម​ញញឹម​ អំណរសាទរ និង​មោទនភាព​ ពី​សំណាក់​ញាតិ​បង​ប្អូន​ដែល​បាន​ចូល​រួម ។

កម្ម​វិធី​នេះ​ខ្ញុំ​មិន​សូវ​បាន​កាន់​កាមេរ៉ា​ថត​រូប​ច្រើន​ទេ ព្រោះ​រវល់​ជាប់​បំពេញ​នាទី​ជា​ប្អូន​ប្រុស តម្រូវឲ្យ​កាន់​បាត​លោក​​ពេល​ដង្ហែរ និង នៅ​ក្បែរ​គ្រាន់​ចាស់​ៗ​ប្រើ​ការ​ផ្សេង​ពេល​បំពេញ​កិច្ច​ក្នុង​ព្រះ​វិហារ ។ តែ​ខ្ញុំ​កំពុង​តែ​ប្រមែ​ប្រមូល​ពី​កាមេរ៉ា​បង​ប្អូន​ផ្សេង​ៗ​ទៀត ខ្ញុំ​នឹង​ដាក់​រូប​បន្ថែម​ម្ដង​ទៀត​ រួម​ជា​មួយ​រូប​ថត​នៅ​ពេល​ដែល​បង​ប្រុស​ខ្ញុំ​ធ្វើ​ការ​លាចាក​សិក្ខាបទ ។ សូម​អនុមោទនា ៚

ល្បង​ឃុន

ខ្ញុំ​ និង​ ល្បង និង ម៉ាក់ ។

ល្បង​ឃុន​២

ល្បង​និង​ញាតិ​បង​ប្អូន ។

* ចំណេះ​ដឹង​បន្ថែម ៖

តាម​ជំនឿ​ការ​បួស​សង​គុណ ​គេ​មាន​ចែក​ចេញ​ជា​ពីរ​២​ប្រភេទ ប្រភេទ​ទី​មួយ គឺ​ការ​បួស​សង​គុណ​ម្ដាយ ទី​ពីរ​គឺ​ការ​សង​គុណ​ឪពុក ។
៚ ទី​មួយ​ការ​បួស​សង​គុណ​ម្តាយ គឺ​ការ​បួស​ជា​សាមណេ ដែល​មាន​ព្រះ​សង្ឃ​ចូល​រួម​បំពេញ​កិច្ច​ចំនួន​១២​អង្គ (បូក​រួម​ទាំង​គ្រូឧបជ្ឈា) ។
៚ ទី​ពី​រ​ជា​ការ​បួស​សង​គុណ​ឪពុក គឺ​ការ​បួស​ជា​ភិក្ខុ ដែល​មាន​ព្រះ​សង្ឃ​ចូល​រួម​បំពេញ​កិច្ច​ចំនួន​២១​អង្គ (បូក​រួម​ទាំង​គ្រូ​ឧបជ្ឈា) ។
៚ ចំណែក​ល្បង​ខ្ញុំ​គាត់​បូស​ជា​សាមណេ​តែ​មាន​ព្រះ​សង្ឃ​ចូល​រួម​៣៣​អង្គ ដូច្នេះ​នៅ​ពេល​គាត់​លាចាក​សិក្ខា​បទ​ហើយ គាត់​និង​សាង​ភ្នួស​ម្ដង​ទៀត​ជា​ភិក្ខុ​ ដើម្បី​គម្រប់ និង​បំពេញ​តាម​ជំនឿ​ខាង​លើ ដែល​ធ្វើ​ការ​សង​គុណ​ម្តាយ និង ឪពុក ។

ស្រវាំង​ភ្នែក!

 

ជំនឿ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

សួស្ដី​ថ្ងៃ​ចូល​ឆ្នាំ​ចិន សូម​ជូន​ពរ​មិត្ត​ទាំង​ឡាយ​ជិត​ក្ដី​ ឆ្ងាយ​ក្ដី​ សូម​មាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​គ្រប់​ៗ​គ្នា ។ សូម​សំណាង​ល្អ​កើត​មាន​ឡើង​ចំពោះ​អ្នក​រាល់​គ្នា គិត​ប្រកប​កិច្ច​ការ​អ្វី​ ក៏​សូម​ឲ្យ​ជួប​ប្រទះ​តែ​ ជោគ​ជ័យ និង​ មាន​សំណាង​ល្អ​ពេញ​មួយ​ឆ្នាំ​ និង​ជា​រៀង​រហូត​ទៅ ។

ខាង​ក្រោម​នេះ​ជា​អត្ថបទ​មួយ​ស្ដី​ពី​ជំនឿ​ប្រតិបត្តិ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ។ ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​អ៊ីនធឺណិត ហើយ​ក៏បាន​បញ្ចូល​ទំនៀម​ និង​ជំនឿ​មួយ​ចំនួន​ដែល​ក្រុម​គ្រួសារ​ខ្ញុំ ដែល​មាន​ជាប់​ខ្សែស្រឡាយ​ចិន​ខ្លះ​ដែរ ធ្លាប់​បាន​អនុវត្តន៍​កន្លង​មក ។ ដើម្បី​ចែក​គ្នា​យើង​អាច​លេង និង​អាច​ចាត់​ទុក​ជា​ចំណេះ​ដឹង​បន្ថែម​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក​ ។

សុខ​សប្បាយ​ឆ្នាំ​ថ្មី​ទាំង​អស់​គ្នា​ពី​ វី​PhotO!

year of rat

មិន​គួរ​និយាយ​ស្ដី​ពាក្យ​ពេចន៍​អពមង្គល មាន​ពាក់​ពន្ធ​នឹង​ការ​ស្លាប់​ជាដើម) នឹង​ពាក្យ​សម្ដី​ដែល​ជា​អាច​ជា​ហេតុ​នាំ​ឲ្យ​​រឿង​ដែល​បណ្ដាល​ឲ្យ​កើត​ជា​ហេតុ​ភេទ​មិន​ល្អ ហេតុ​ការណ៍​មិន​ល្អ​ទាំង​ឡាយ​ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ​ចាស់​ក៏​ត្រូវ​ហាម​​។ គួរ​នាំ​គ្នា​និយាយ​ដល់​តែ​រឿង​ដែល​មាន​សិរី​មង្គល​ នាំ​ឲ្យ​ការ​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​ថ្មី​ មាន​តែ​ភាព​ជោគជ័យ​ និង​រលូន​ ។

៚ ប្រសិន​បើ​អ្នក​យំ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ចាស់​ៗ​ជឿ​ថា​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ពេញ​មួយ​ឆ្នាំ​អ្នក​នឹង​ពើប​ប្រទះ​តែ​រឿង​ដែល​នាំ​ឲ្យ​អ្នក​យំ ។ ដូច្នេះ​ទោះ​ជា​ក្មេង​ៗ​ដែល​រឹង​ទទឹង​ក៏​ឪពុក​ម្ដាយ​តែង​អត់ធ្មត់ និង​វាយ​ ឬ​ស្ដី​បណ្ដាល​ឲ្យ​វា​យំ ។

ការ​តែង​ខ្លួន​ និង អនាម័យ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មិន​គួរ​កក់​សក់ ព្រោះ​វា​មាន​ន័យ​ថា​យើង​កក់​ជម្រុះ​ជោគ​លាភ​ចេញ ។ សម្លៀកបំពាក់​ពណ៌ក្រហម​ជា​ពណ៌​ដែល​ពេញ​និយម​បំផុត​សម្រាប់​ថ្ងៃ​សំខាន់​នេះ ។ ពណ៌​ក្រហម​ចាត់​ទុក​ថា​ជា​ពណ៌​ភ្លឺ​ស្វាង ពណ៌​នៃ​សេចក្ដី​សុខ ដែល​នាំ​ភាព​ភ្លឺ​ថ្លា​ចែង​ចាំង​មក​ដល់​អ្នក​ស្លៀក​ពាក់​ពណ៌​នេះ ។ គេ​ជឿ​ថា​អារម្មណ៍​ និង បាន​ប្រតិបត្តិ​ខ្លួន​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ និង​បណ្ដាល​ឲ្យ​មាន​សំណាង​ល្អ ឬ​អាក្រក់ ពេញ​មួយ​ឆ្នាំ ។

៚ តាំង​ពី​ធំ​ដឹង​ក្អី​មក ម៉ាក់​ខ្ញុំ​តែ​ង​ទិញ​ខោ​អាវ​មួយ​សម្រាប់​ថ្មី​ទុក​ឲ្យ​ពាក់​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ។ គាត់​ប្រាប់​ថា​ តាម​ជំនឿ ការ​តុប​តែង​ខ្លួន​ឲ្យ​បាន​ស្អាត​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​ វា​អាច​នាំ​សិរី​មង្គល​មក​ឲ្យ​ខ្លួន​យើង​បាន​ពេញ​មួយ​ឆ្នាំ ។

ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ និង​ ជំនឿ​ផ្សេងៗ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​ខ្លាំង​រឿង​លាភ​សំណាង មុន​ពេល​ចេញ​ដំណើរ​ពី​ផ្ទះ​ដើម្បី​ទៅ​លេង​ផ្ទះ​ញាតិ​មិត្ត​ អាច​ត្រូវ​ទៅ​អញ្ជើញ​គ្រូទាយ​ ( ចិនសែ )​ បូល​រក​មើល​ពេល​វេលា​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ និង​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ដំណើរ​​ដែល​មាន​សិរី​មង្គល ។

៚ សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញ​ដូរ ក្រោយ​ពេល​ឈប់​សម្រាក​ចូល​ឆ្នាំ​រួច​ហើយ ថ្ងៃ​បើក​ប្រកប​អាជីវកម្ម​ឡើង​វិញ​ក្នុង​ឆ្នាំ​ថ្មី​មាន​សារៈសំខាន់​ណាស់ ។ យើង​តែ​មើល​តាម​ប្រក្រតិទិន ដើម្បី​ជ្រើស​យក​ថ្ងៃ​ល្អ​សម្រាប់​ការ​ចាប់​ផ្តើម ។ ពេល​បើក​លក់​ថ្ងៃ​ដំបូង​តែង​មាន​ការ​សែន​ព្រេន​ជំនាង​តូប រាន​ ឬ​ហាង​លក់​ដូរ ។ គេ​ច្រើន​ហៅ​ការ​បើក​នោះ​ថា បើក​យក​ថ្ងៃ​ល្អ ។

ការ​ចូល​ទៅ​រក​នរណា​ម្នាក់​ក្នុង​បន្ទប់​គេង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ចាត់​ទុក​ជា​គ្រោះ​អាក្រក់ ដូច្នេះ​មិន​ថា​នឹង​ជា​មនុស្ស​ឈឺ ឬ​ជា​ទេ ចាំបាច់​ត្រូវ​តែ​តែង​ខ្លួន​ឲ្យ​បាន​ស្អាត​បាទ​ចេញ​មក​អង្គុយ​លេង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។

៚ នៅ​ផ្ទះ​ខ្ញុំ​ចាស់​ៗ​គាត់​តែង​ហាម​មិន​ឲ្យ​បោស​ផ្ទះ ឬ បោក​សម្លៀកបំពាក់ ឬ​ធ្វើ​ការ​ងារ​ផ្ទះ​ផ្សេង​ៗ​ទៀត ។ គាត់​ថា​ជា​ថ្ងៃ​ល្អ សិរី​មង្គល ត្រូវ​នាំ​គ្នា​សម្រាក​ឲ្យ​មាន​សេចក្ដី​សុខ ការងារ​ផ្ទះ​ទុក​មួយ​ដុំ​សិន​ទៅ ចាំ​ថ្ងៃ​ទី​២​សឹម​ធ្វើ​ បើ​ចាំបាច់​ណាស់ ។

៚ នំ​កូន​ត្រី ( នំ​អ៊ី ) ព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង​ យើង​តែង​ក្រោក​ពី​ព្រលឹម​បន្តិច​ធ្វើ​​ នំអ៊ី​សែន​អ្នក​តា​​ ។ ហើយ​ជា​ពិសេស​ធ្វើ​យក​ទៅ​ជូន​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​គ្រួសារ​ ដោយ​មាន​គោះ​ពង​មាន់​ក្រហម​២​គ្រាប់​បន្ថែម​ពី​លើ ។ តាម​ជំនឿ​ នំអ៊ី​ជា​នំ​ដែល​ដំណាង​ឲ្យ​សំណាង​ល្អ ។

មិន​គួរ​ប្រើ​កាំបិត​ ឬ កន្ត្រៃ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទេ ព្រោះ​ជឿ​ថា​វា​ជា​ការ​កាត់​សំណាង​ល្អ ។ សព្វ​ថ្ងៃ​នេះ​មិន​មែន​ថា​ជនជាតិ​ចិន​នៅ​មាន​ជំនឿ​រឿង​ដែល​បាន​លើក​ខាង​លើ​ទាំង​ស្រុង​ទេ តែ​ពួក​គេ​នៅ​គោរព​​ប្រតិបត្តិ​តាម ព្រោះ​អ្វី​ទាំង​អស់​នេះ​វា​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់ និង​ជា​វប្បធម៌​របស់​ជាតិ​សាស្ត្រ​គេ​ទៅ​ហើយ ព្រោះ​គេ​រំពឹង​គិត​ថា​ការ​ដែល​ប្រតិបត្តិ​តាម​ទំនៀម​ដែល​មាន​តាំង​ពី​បូរាណ​មក​ជា​ការ​សម្ដែង​ចេញ​​នូវ​ភាព​ជា​គ្រួសារ​ដែល​អាច​កំណត់​បាន​នូវ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន ។

សម្លេង​សាដៀវ

ធ្លាប់​​បាន​ឮ​ឈ្មោះ​សៀវភៅ​នេះ​យូរ​ដែរ​ហើយ តែ​នៅ​មិន​ទាន់​បាន​អាន។ ថ្ងៃ​មុន​ទៅ​បណ្ណាគា​​បម្រុង​រក​ទិញ​វចនា​នុក្រម​អក្ខរាវិរុទ្ធ​ខ្មែរ ។ ទៅ​ដល់​មិន​ត្រឹម​តែ​បាន​វចនានុក្រម​ទេ ថែម​ទាំង​បាន​សៀវ​ភៅ​សំឡេង​សាដៀវ​ និង ស្នាព្រះហស្ថ​ចុង​ក្រោយ​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ ជូន​ ណាត ថែម​ទៀត ។

និយាយ​ពី​សំឡេង​សាដៀវ​​សិន, អ្នក​និពន្ធ​គឺ​លោក​ម៉ៅ អាយុទ្ធ ។ ក្នុង​នោះ​មាន​សុទ្ធ​សឹង​ជា​កំណាព្យ ដែល​ថ្លែង​ពី​ទុក្ខ​សោក​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ នៅ​ជំនាន់​ប៉ុលពត ។ ការ​តែង​និពន្ធ ពិត​ជា​ល្អ គឺ​ល្អ​ទាំង​ការ​ប្រើ​ចុង​ចួន ក្បួន​តែង​កំណាព្យ​បែប​ប្លែក​ សម្រាប់​ខ្ញុំ​មិនសូវ​បាន​ឃើញ​ពី​មុន​មក ហើយ​មាន​រូប​ប្រកប​ដែល​ទាក់​ទាញ​ថែម​ទៀត ។ អូ!​ មាន​មួយ​ចំណុច​ទៀត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្នុង​សៀវ​ភៅ​នេះ ឲ្យ​តែ​ពាក្យ​ថា​ «ប៉ុល​ពត» គឺ​អ្នក​បោះ​រៀប​រាង​គាត់​សរសេរ​ផ្កាប់​ក្បាល​ចុះ​ក្រោម​ទាំង​អស់ ការ​សរសេរ​បែប​នេះ​ខ្ញុំ​មិន​​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​ទេ ទើប​តែ​បាន​ឃើញ​ គំនិត​របស់​គាត់​ពិត​ជា​មិន​ធម្មតា​មែន !

បើ​បង​ប្អូន​យើង​ចង់​អាន​អាច​ទៅ​រក​ទិញ​បាន មិន​ថ្លៃ​ទេ! ខ្ញុំ​ក៏​អាច​ឲ្យ​ខ្ចី​បាន​ដែរ អាច​ទំនាក់​ទំនង​មក​ខ្ចី​បាន​! រីក​រាយ​ជានិច្ច​!