មហាកំផែង​ស្រុក​ខ្មែរ

ធ្លាប់​មាន​លោក​គ្រូ​ខ្ញុំ​ម្នាក់​គាត់​បាន​លើក​ឡើងថា​​ កាល​ពី​គាត់​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ថៃ ក្រុម​និស្សិត​ថៃ​បាន​លើក​ជា​សំណួរ​សួរ​គាត់​អំពី​បញ្ហា​ចម្រូង​ចម្រាស់​រវាង​ប្រទេស​ទាំង​ពីរ​ត្រង់​ចំណុច​ព្រំ​ដែន​ត្រូត​ស៊ី​គ្នា ។ គេ​សួរពី​គំនិត​យោបល់គាត់ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ ។ លោក​គ្រូ​គាត់​តប​ថា បើគាត់មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​លើក​ជា​សំណើ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ គាត់​នឹង​ស្នើ​ឲ្យ​រាជរដ្ឋា​ភិបាល សង់​ជា​ជញ្ជាំង​ថ្ម​ដ៏​ធំមួយ​ខណ្ឌ​ព្រះ​ដែនប្រទេស​ខ្មែរ និង ថៃ ត្រង់​ចំណុច​ដែលមាន​បញ្ហា (ប្រាសាទ​ព្រះវិហារ) ។ ព្រោះ​គាត់​យល់​ថា បន្ទាប់​ពី​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ ត្រូវ​តែ​បិទ​កន្លែង​នោះ​ឲ្យ​ជិត កុំ​ឲ្យ​ប្រជាជន​នៅ​ខាង​ថៃ​ឃើញ ព្រោះ​ការ​មើល​ឃើញ​យូរៗ​ទៅ​វា​ចេះ​តែ​បង្ក​ឲ្យ​កើត​ជាគំនិត​លោភលន់​ចង់​បាន​របស់គេ ហើយ​ក៏​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ដូច​ដែល​កំពុង​ប្រឈម​សព្វ​ថ្ងៃ ។
កាល​ណោះ​​ក្រោយ​ពេល​ស្តាប់​គាត់​និយាយ​រួច​ហើយ សិស្ស​គ្រប់​គ្នានាំ​គ្នា​សើច​គឹល ព្រោះ​នឹក​អស់​សំណើច​ ក្នុង​នោះ​រួម​មាន​ខ្ញុំ​ដែរ ខ្ញុំ​គិត​ថា​វា​ជា​គំនិត​មូយ​ល្អ តែ​ប្រហែល​មិន​អាច​ក្លាយ​ជា​ការ​ពិត​បានទេ ព្រោះ​អី​ការ​សង់​របង​ខណ្ឌ​ព្រំប្រទល់​ វា​ហាក់​ជាគំនិត​ចាស់​គំរិល​ពេក​ហើយ មាន​តែ​សម័យសាង​មហា​កំផែង​ស្រុក​ចិន​ឯណោះទេ ដែល​គិត​ដល់​រឿង​ហ្នឹង ។ ហើយ​បើ​ប្រវត្តិសាស្ត្រ​ថ្មី​ចុង​ក្រោយ​(កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី២)ដែល​ខ្ញុំ​បាន​ដឹង​មាន​តែ​ប្រទេសអាល្លីម៉ង់​ កាល​នៅ​បែង​ចែកជាពីរ ខាង​កើត​ និង ខាង​លិច គេ​បាន​សង់​របង​ដែរ ។ ​បើ​រឿង​នេះ​​កើត​មាន​នៅ​ស្រុក​ខ្មែរ វា​ហាក់​ដូច​ជា​អ្វីដែល​ចម្លែក​តែ​ល្អ ​។
ព្រឹក​ម៉ិញ​ខ្ញុំ​មើល​ព័ត៌មានក្នុង​អ៊ីនធើណិត ស្ទើរ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង ថា​អ្វី​ដែល​បាន​ឮ និងគិត​ថា​មិន​អាច​ទៅ​រូច​​បែរ​ជា​កំពុង​ក្លាយ​ជា​ការពិត ។ តាម​ប្រភពព័ត៌មាន​របស់​ចិន​(Xinhua) បាន​រាយ​ការណ៍មក​ថា​ ខ្មែរ​យើង​មាន​គម្រោង​សង់​ជញ្ជាំងស៊ីម៉ងត៍​ខណ្ឌ​ព្រំ​ប្រទល់​ត្រង់​កន្លែង​ដែល​មាន​បញ្ហា​ជាមួយ​ថៃ … អាន​ព័ត៌មាន​លម្អិត​ពី Xinhua …