Short Fic: “Don’t Leave Me”

By VphotO៚
“កុំទៅបានទេ?…” ខ្ញុំឃាត់គេទាំងសំឡេងខ្សាវៗ ព្រោះនៅពេលនេះរាងកាយខ្ញុំល្វើយខ្លាំងណាស់ ប្រហែលមកពីគ្រុនសន្ធំព្រោះតែដើរហាលភ្លៀងកាលពីថ្ងៃល្ងាចហើយ ។
“….” គេដើរបែរខ្នងដាក់ខ្ញុំរហូតដល់មាត់ទ្វារ មុនពេលទាញទ្វារបើកចេញទៅ គេបានងាកមកមើលមុខខ្ញុំហើយញញឹមដាក់ខ្ញុំម្តងទៀត ។
“កុំ … កុំអី កុំទៅអី…” ទោះប្រឹងស្រែកខ្លាំងប៉ុនណា ក៏គេមិនអាចឮបានដែរ ព្រោះពេលនេះសូម្បីតែខ្លួនខ្ញុំ ក៏មិនឮសំឡេងខ្លួនឯងដែរ អ្វីដែលខ្ញុំឮគឺសំឡេងបិទទ្វារ ដែលវាខ្ទរពេញត្រចៀកខ្ញុំនៅពេលនេះ ត្របកភ្នែករបស់ខ្ញុំបើកលែងរួចហើយ ប្រហែលជាថ្នាំផ្តាសាយកំពុងបញ្ចេញឫទ្ធិ ។
——————————
“ក្រោកឡើង…អ្នកគ្រូអីក៏ស្ពឹកម៉្លេះ!…” សុធី វាជាសំឡេងរបស់សុធី ខ្ញុំប្រឹងបើកភ្នែកពត់ដៃពត់ខ្លួន បណ្តេញភាពស្ពឹកស្រពន់បណ្តាលមកពីការគេងមិនស្រួលបួល ។
“ថ្ងៃនេះអត់បង្រៀនពេលព្រឹកទេ…សុំគេងបន្តិចទៀតសិន” ក្រោយពេលបើកភ្នែកល្មមឲ្យប្រាកដក្នុងចិត្តថាជាសុធីហើយ ខ្ញុំក៏ប្រញាប់បិទភ្នែកហើយគេងបន្ត ព្រោះមិនទាន់អស់ងងុយនៅឡើយ ។
“យប់ម៉ិញនៅដល់យប់ជ្រៅទៀតហើយមែនទេ បានជាមកគេងនៅនឹងតុធ្វើការអញ្ចឹង…” សុធីមិននិយាយមាត់ទទេ ទេ ព្រោះនៅពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនរបស់ខ្ញុំស្រាលជាងមុន ហើយកំពុងត្រូវបានហោះក្នុងអាកាស ដែលមានរង្វង់ដៃដ៏រឹងមាំមួយគូកំពុងត្រកងបីខ្ញុំ ។
“បើចង់គេងត ក៏មិនត្រូវគេងនឹងតុអញ្ចឹងដែរ … គេងសណ្តូកឲ្យស្រួលនៅលើគ្រែឯណេះវិញ…” បីខ្ញុំបណ្តើរសុធីរអ៊ូរបណ្តើរ នៅពេលនេះរាងកាយរបស់ខ្ញុំត្រូវបានគេទម្លាក់ថ្នមៗលើគ្រែ ទាំងខ្ញុំនៅបិទភ្នែកដដែល ។
“គេបានតែមួយម៉ោងទៀតទេណា … ត្រូវក្រោករៀបចំខ្លួននៅបង្រៀនសិស្សណាអ្នកគ្រូ …” សុធីឱនមកខ្សិបដាក់ត្រចៀកខ្ញុំ នឹងថើបថ្ងាស់ខ្ញុំយ៉ាងទន់ភ្លន់ ហើយក៏ទាញខ្លួនខ្ញុំឲ្យគេកើយស្មារគេ ខ្ញុំទទួលបានភាពកក់ក្ដៅពីផែនទ្រូង និងរង្វង់ដៃដ៏រឹងមាំមួយគូនេះណាស់ ។
“អឺ….” ខ្ញុំញញឹមតបទាំងបិទភ្នែក ជាសញ្ញាប្រាប់ថាទទួលបញ្ជាលោកនាយ រួចហើយខ្ញុំក៏គេបន្តទៀត ។
គេងលក់យូរប៉ុនណាហើយក៏មិនដឹង មកដឹងខ្លួនម្តងទៀតនៅពេលទូរស័ព្ទដៃរបស់ខ្ញុំ បញ្ចេញសំឡេងរោទ៍ឡើង ប្រាប់ម្ចាស់វាថា កំពុងមានគេហៅចូលមកហើយ ។
“អាឡូ…” ខ្ញុំស្រវាចាប់ទូរស័ព្ទដៃ ចុចទទួលហើយប្រញាប់និយាយទាំងបិទភ្នែក ។
“អស់ពេលគេងហើយ មុន្នី សល់ពេលតែមួយម៉ោងទៀតទេ ក្រោកឡើងត្រៀមខ្លួនទៅបង្រៀន” សុធី ដាស់ខ្ញុំម្ដងទៀតតាមរយៈទូរស័ព្ទ ។
ខ្ញុំប្រញាប់បើកភ្នែកធំៗមើលនាឡិកាព្យួរជញ្ជាំង ដែលពេលនេះទ្រនិចរបស់វាចង្អុលប្រាប់ថាម៉ោងប្រាំបី ខ្ញុំក្រោកចេញពីលើគ្រែហើយដើរសំដៅទៅបន្ទប់ទឹកជាបន្ទាប់ ព្រោះព្រឹកនេះខ្ញុំត្រូវចូលបង្រៀននៅម៉ោងប្រាំបួន ។
“ដឹងហើយ ក្រោកហើយ ប៉ុណ្ណឹងសិនបានហើយណា ខ្ញុំចូលបន្ទប់ទឹក” ខ្ញុំឆ្លើយទៅសុធីទាំងកំបុតៗហើយក៏ចុចទូរស័ព្ទដាក់ចុះទៅ ។
—————————————————————-
ខ្ញុំស្គាល់សុធីកាលបីឆ្នាំមុន ហើយយើងបានប្រែប្រួលទំនាក់ទំនង ជិតស្និទ្ធនឹងគ្នាប្រហែលពីរឆ្នាំហើយ ។ “ជិតស្និទ្ធ”ដល់កម្រិតណាឬ? គឺខ្ញុំទុកចិត្តគេរហូតមិនប្រកែកនៅពេលគេទាមទារចម្លងកូនសោរបន្ទប់ជួលរបស់ខ្ញុំ ហើយក៏មិនដែលបារម្ភថាគេនឹងចេញចូលមកពេលណាដែរ ឬមកធ្វើអ្វីផ្ដេសផ្ដាស ព្រោះសុធីគេគោរពការសម្រេចចិត្តរបស់ខ្ញុំជានិច្ច ។
ក្រោយពីឪពុកខ្ញុំស្លាប់បានមួយឆ្នាំ ដោយសារជំងឺមហារីកសួតបណ្តាលផ្សែងបារីកាលពីប្រាំមួយឆ្នាំមុន ម្តាយខ្ញុំក៏រៀបការជាមួយប្តីថ្មី ជាឆ្នាំដែលខ្ញុំប្រឡងជាប់បាក់ឌុបល្មម ។ ដោយសារហេតុផលជាច្រើនយ៉ាង បានធ្វើឲ្យសម្រេចចិត្តសុំម្តាយប្រឡងចូលរៀនមហាវិទ្យាល័យនៅឯភ្នំពេញ ហើយម្តាយខ្ញុំក៏មិនបានបដិសេធ ។ ហេតុផលដែលថានោះមានដូចជា ៖ ខ្ញុំចង់រៀនបន្តឲ្យខ្ពស់ ដោយសារជីវភាពរបស់គ្រួសារយើងចាត់ក្នុងឋានៈសមរម្យ ហើយម្យ៉ាងទៀតនោះ ខ្ញុំមិនសូវត្រូវធាតុគ្នាជាមួយឪពុកចុងខ្ញុំប៉ុន្មានទេ ហេតុផលចុងក្រោយនេះ ក៏ប្រហែលជាហេតុផលដែលម្តាយខ្ញុំមិនប្រកែក ដែលនឹងឲ្យកូនស្រីរបស់គាត់មករៀននៅភ្នំពេញ ដោយអាស្រ័យក្រោមដំបូលផ្ទះជួលរបស់ញាតិសាច់ឆ្ងាយតែឯង ។
ខ្ញុំបានប្រឡងជាប់ផ្នែកអក្សរសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ នៅឆ្នាំទី៣ ខ្ញុំបានសាកល្បងរកការងារធ្វើក្រៅម៉ោង ដើម្បីបានបទពិសោធន៍ និងរកកម្រៃដើម្បីជួយកាត់បន្ថយការចំណាយរបស់ម្តាយខ្ញុំផងដែរ ។ ខ្ញុំបានការងារធ្វើជាគ្រូបង្រៀនភាសាខ្មែរក្រៅម៉ោង សិស្សថ្នាក់ទីប្រាំនៅសាលាឯកជនមួយ ។ ហើយខ្ញុំក៏បានបង្រៀនបន្តនៅសាលានេះរហូតដល់សព្វថ្ងៃ តែពេលនេះខ្ញុំបង្រៀនពេញម៉ោង ហើយមាននាទីបន្ថែមជា គឺជាអនុរក្សមើលការខុសត្រូវសិស្សថ្នាក់ទីប្រាំទាំងអស់ ។
កាលពីបីឆ្នាំមុន សិស្សថ្នាក់ទីប្រាំមួយក្រុមបង្ករឿងវាយតប់គ្នាក្នុងសាលា លោកនាយកប្រគល់តួនាទីឲ្យខ្ញុំធ្វើជាអាជ្ញាកណ្តាលដោះស្រាយជម្លោះ ។ បន្ទាប់ពីដោះស្រាយជាមួយក្មេងៗរួចរាល់ហើយ សាលាតម្រូវឲ្យអញ្ជើញអាណាព្យាបាលសិស្សមកទទួលសិស្ស និងផ្តល់ដំណឹងជូនពួកគាត់ ។ កាលណោះ សុធី មកទទួលក្មួយប្រុសគេ ដែលជាអ្នកបង្ករឿងជំនួសបងប្រុសខ្លួន ដែលជាប់រវល់ការងារមកមិនបាន ។ ដើមឡើយខ្ញុំគិតថាសុធីជាឪពុករបស់ក្មេងនោះ តែគេប្រញាប់ប្រកែកភ្លាមៗថាគេជាពូទេ ហើយនៅ”កម្លោះ”ទៀត ។
តាំងតែពីថ្ងៃនោះមក ពូសុធីម្នាក់នេះ មកជូននិងទទួលក្មួយនៅសាលារាល់ថ្ងៃ សុធីបានប្រើក្មួយប្រុសជាស្ពាន់ ដើម្បីទំនាក់ទំនងឲ្យបានស្គាល់ និងជិតដិតជាមួយខ្ញុំ ។ ចំណាយពេលមួយឆ្នាំពេញទម្រាំខ្ញុំព្រមចិត្តទន់ ព្រមចេញទៅញ៉ាំបាយជាមួយគេ (First Date) តាំងពីពេលនោះមក សម្ព័ន្ធភាពរបស់យើងបានកើនឡើងបន្តិចម្តងៗ ។ មកទល់សព្វថ្ងៃចាស់ទុំទាំងសងខាងក៏បានទទួលដឹង ថាយើងមានទំនងទំនងជាមិត្តយល់ចិត្តគ្នា កំពុងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក មុនពេញយើងសម្រេចចិត្តប្រើជីវិតរួមគ្នានៅថ្ងៃអនាគត ។
ខ្ញុំជាមនុស្សនិយាយត្រង់ មាត់រឹង ហើយមិនសូវទន់ភ្លន់ (ចំពោះតែសុធីម្នាក់ទេ) ខ្ញុំមិនយល់ខ្លួនឯងដែរថាហេតុអ្វី បានជាខ្ញុំធ្វើបែបនេះដាក់សុធី ទាំងៗសុធីបានយកចិត្តយកថ្លើម សម្តែងចេញនូវកាយវិការទន់ភ្លន់ ហើយថែមទាំងយកចិត្តទុកដាក់ជាមួយខ្ញុំខ្លាំងទៀតផង ។ សំខាន់ខ្ញុំព្យាយាមគេចវេសជាច្រើនដង នៅពេលដែលសុធីប្រាប់ថាចង់ឮពាក្យថា “ស្រឡាញ់” ចេញពីមាត់ខ្ញុំ ។ ទោះជាគេប្រើវិធីណាក៏ដោយ ក៏ខ្ញុំនៅមាត់រឹងមិនទាន់ព្រមនឹងនិយាយពាក្យនេះជាមួយគេនៅឡើយ ប្រហែលខ្ញុំនៅ “អៀន” ឬខ្ញុំគិតថាមិនចាំបាច់សម្តែងចេញតាមពាក្យនិយាយស្តី ។
————————————–
“អាឡូ… ដល់ណាហើយហ្នឹង មុន្នី?” សុធី ទូរស័ព្ទមកខ្ញុំ
“មកដល់ផ្ទះហើយ…ហើយធីនៅ…” សំណួរដែល បម្រុងនឹងសួរថាគេនៅឯណាត្រូវបានបញ្ចប់នៅ ពេលដែលខ្ញុំបើកទ្វារបន្ទប់ជួល សុធី កំពុងឈរនៅមាត់ទ្វារញញឹមពព្រាយមកដាក់ខ្ញុំ ។
“សម្បូរណ៍លុយទូរស័ព្ទណាស់អី ដឹងថាដល់ម៉ោងចេញមកផ្ទះហើយ នៅតេមកសួរទៀត” ខ្ញុំតវ៉ាគេភ្លាមៗបន្ទាប់ពីបិទទ្វារបន្ទប់ ។
“ហើយកំពុងធ្វើអីហ្នឹងសុធី?” មានក្លិនចម្លែកនៅក្នុងបន្ទប់ខ្ញុំ
“ធ្វើសុគីស៊ុប” សុធីតប
“បើចង់ញ៉ាំម៉េចមកប្រាប់មក ចេញទៅញ៉ាំខាងក្រៅស្រូលជាង មិនបាច់ធុំក្លិនពេញបន្ទប់ខ្ញុំផង” នេះជាអ្វីដែលខ្ញុំតបទៅមនុស្សដែលហត់ខ្លួនធ្វើស៊ុបឲ្យខ្ញុំញ៉ាំ និយាយចេញហើយដូចជាអាណិតគេយ៉ាងម៉េចទេ ខំធ្វើឲ្យញ៉ាំហើយមិនអរគុណមួយម៉ាត់តែបែរជាស្តីឲ្យថែមទៀត ។
“ហើយម្យ៉ាងនាំឲ្យតែហត់សុធីឯងទៀត” ខ្ញុំត្រូវប្រញាប់ប្រាប់ឲ្យគេដឹងថាខ្ញុំក៏បារម្ភពីគេដែរ ខ្ញុំមិនចង់ឲ្យគេលំបាកព្រោះខ្ញុំទេ ម្យ៉ាងព្រោះខ្ញុំខ្លាចគេអន់ចិត្ត ។
“មានហត់អីមុន្នី ទិញគ្រឿងគ្រៅនៅផ្សារឡាក់គីស្រាប់ៗ ទៅងូតទឹកសិនទៅចាំចេញមកញ៉ាំ” សុធី នៅរក្សាស្នាមញញឹមលើផ្ទៃមុខដដែល ស្នាមញញឹមនេះហើយដែលធ្វើឲ្យខ្ញុំ នឹកស្តាយជានិច្ចរាល់ដងបន្ទាប់ពីខ្ញុំប្រើពាក្យសម្តីធ្ងន់ដាក់គេ ហើយគេមិនខឹង បែរជាមានស្នាមញញឹមលេចឡើងលើផ្ទៃមុខ បង្ហាញថាគេសុំទោសខ្ញុំដែលធ្វើឲ្យខ្ញុំខឹងទៅវិញ ។
“នឹកឃើញម៉េចហ្នឹង បានជាមកធ្វើស៊ុគីញ៉ាំ?” ខ្ញុំសួរទៅ សុធី ទាំងមាត់ខ្ញុំពេញដោយស្ពៃដែលសុធីស្រុះឲ្យ ។
“ថ្ងៃនេះជាថ្ងៃពិសេស ខ្ញុំចង់នៅជាមួយមុន្នីតែពីនាក់” សុធីឆ្លើយ
“ថ្ងៃពិសេស?” ខ្ញុំសួរទៅវិញ ថ្ងៃអីទៅខ្ញុំនឹកមិនឃើញទេ បុណ្យអីទេដឹង? ចូលឆ្នាំក៏មិនមែន នេះតែប្រាំពីរកណ្តាលឆ្នាំហ្នឹង ។
“នឹកមិនឃើញមែនអ្ហេ?” សុធី ងើបមុខពីឆ្នាំងស៊ុប ចងចិញ្ចើមសួរខ្ញុំ ។
“នឹកឃើញអី សុធី?” ខ្ញុំនឹកមិនឃើញមែន ហើយក៏មិនបានប្រឹងគិតដែរ ។
“ថ្ងៃនេះជាថ្ងៃកំណើតរបស់ មុន្នី ថ្ងៃកំណើតខ្លួនឯងក៏ភ្លេចដែរ ” សុធី ក្រវីក្បាលតិចៗទំនងហួសចិត្តនឹងខ្ញុំដែលមិនសូវយកចិត្តទុកដាក់នឹងខ្លួនឯង និង ‘មនុស្សដែលខ្លួនស្រឡាញ់ផងដែរ’ ។
“មានភ្លេចឯណា… ថ្ងៃខួបកំណើតមានអីពិសេសទៅ” ខ្ញុំឆ្លើយដោះសារនឹងសុធី តែឱនមុខចុះមិនហ៊ានសម្លឹងក្រសែភ្នែករបស់គេទេ ។
“បើភ្លេចក៏ប្រាប់ថាភ្លេចទៅ មុន្នី អើយ … មិនមានអីពិសេស តែវាក៏មិនមែនជាថ្ងៃធម្មតា … ” សុធី ឆ្លើយឌឺដាក់ខ្ញុំ និយាយរួចយើងទាំងពីរនាក់នៅស្ងៀម ។
“សុធី” ពេលខ្ញុំងើបមុខឡើងមើលសុធី ឃើញគេកំពុងសម្លឹងមុនទៅហើយ យើងសម្លឹងមុខគ្នាមួយសន្ទុះ រួចខ្ញុំក៏ហៅឈ្មោះគេ ។
“មុន្នី បើមុន្នីនៅគិតតែពីរឿងការងារ ហើយមិនយកចិត្តទុកដាក់ខ្លួនឯងអញ្ចឹង ធ្វើម៉េចខ្ញុំអាចទុកចិត្តបាន ថាមុន្នីអាចមើលថែខ្លួនឯងបាន?” សុធីដកដង្ហើមធំ និងបញ្ចេញក្រសែភ្នែកព្រួយបារម្ភមើលមកខ្ញុំ ។
“ខ្ញុំមិនអាចមើលថែខ្លួនឯងក៏មិនអីដែរ ព្រោះអីខ្ញុំមានសុធីចាំមើលថែរខ្ញុំហើយហ្នឹង” និយាយរួចសុធីក៏ដើរមកឱបខ្ញុំពីក្រោយ ។
“ខ្ញុំស្រឡាញ់មុន្នី ខ្ញុំចង់មើលថែមុន្នី ហើយចង់នៅជាមួយមុន្នីតែពីរនាក់អញ្ចឹងរហូតទៅ” សុធីនិយាយរួចក៏ឱនមកថើបថ្ងាស់ខ្ញុំថ្នមៗ ។
“- - - - - - -” ខ្ញុំមិនតបគេទេ តែខ្ញុំឱបគេរឹតណែនជាមុនជាសញ្ញាបង្ហាញប្រាប់ថាខ្ញុំយល់ពីអ្វីដែលសុធីកំពុងប្រាប់ ព្រោះពេលនេះខ្ញុំដឹងច្បាស់ហើយថា ខ្ញុំស្រឡាញ់សុធីខ្លាំងណាស់ តើសុធីដឹងទេ បើគ្មានសុធីទេ ជីវិតក្មេងស្រីជនបទម្នាក់នេះមិនដឹងជារសាត់អណ្តែតដល់ណាទេ តើអ្នកណាគេនឹងមកចាំយកចិត្តទុកដាក់ខ្វាយខ្វល់ពីខ្ញុំដូចសុធីរបស់ខ្ញុំម្នាក់នេះទៅ គ្មានទេ សូម្បីតែម្តាយបង្កើតខ្ញុំក៏គាត់មិនសូវខ្វល់ខ្វាយពីខ្ញុំដូចសុធីដែរ ។
បន្ទាប់ពីថ្ងៃនោះមកសម្ព័ន្ធភាពរបស់ខ្ញុំនឹងសុធី កាន់តែមានភាពផ្អែមល្អែមកើនឡើងមួយកម្រិតទៀត បើទោះជាយើងមិនសូវបានជួបមុខគ្នាជាប្រចាំក៏ដោយ ក៏សុធីនៅតែទូរស័ព្ទមកតឿនខ្ញុំឲ្យធ្វើនេះ ធ្វើនោះ ពេលខ្លះប្រាប់ឲ្យប្រញាប់ចូលគេង កុំនៅអានសៀវភៅយប់ពេកប្រយ័ត្នក្រោកទៅធ្វើការយឺត ញ៉ាំអីពេលព្រឹកហើយ ឬ នៅ ទោះយ៉ាងណាក៏ត្រូវតែញ៉ាំ ព្រោះចំណីពេលព្រឹកសំខាន់ខ្លាំងណាស់សម្រាប់រាងកាយមនុស្សយើង ។
ស្តាប់ៗទៅគួរឲ្យធុញណាស់មែនទេ? តែសម្រាប់ខ្ញុំវិញ ខ្ញុំមិនធុញទេ ខ្ញុំហាក់ទទួលបានភាពកក់ក្តៅទៅវិញទេរាល់ដងពេលតែដឹងថាសុធីបារម្ភពីខ្ញុំ នៅពេលណាដែលគេមិនតេមក ឬ តេមកយឺតខ្ញុំហាក់ដូចជារសេះរសោះនៅមិនសុខទៅវិញទេ សុធីដឹងទេថាសុធីធ្វើឲ្យខ្ញុំធ្លាប់ខ្លួនហើយ ។
មួយរយៈនេះសុធីមិនសូវបានមករកខ្ញុំទេ ហើយយើងក៏មិនសូវបានចេញក្រៅជាមួយគ្នាដែរ ព្រោះគេរវល់ជួយបងប្រុសច្បងគេ រកសំឡេងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ។ សុធី ជាកូនពៅបន្ទាប់ពីឪពុកម្តាយស្លាប់អស់ទៅ បងប្រុសច្បងរបស់គេបានយកសុធីមកចិញ្ចឹមទំនុកបម្រុង ។ ដោយសារការងារគាត់ជាអ្នកនយោវាច្រើនពេក ទើបគាត់តែងផ្តល់សិទ្ធិជាអាណាព្យាបាលលើកូនប្រុសគាត់ឲ្យទៅសុធី ដែលនេះហើយជាមូលហេតុធ្វើឲ្យយើងទាំងពីរនាក់បានជួប និង ស្គាល់គ្នា ។
ល្ងាចថ្ងៃសុក្រសុធីបានទូរស័ព្ទមកខ្ញុំ
“មុន្នី ដល់ផ្ទះឬនៅ? ”
“ដល់មួយសន្ទុះហើយធី”
“កំពុងធ្វើអីហ្នឹង?”
“គេងសម្រាកបន្តិច មុនហ្នឹងត្រូវទឹកភ្លៀង ខ្ញុំភ្លេចយកអាវភ្លៀងដាក់ក្រោមកែបម៉ូតូ”
“ចំមែន! មុន្នីអ្ហើយមុន្នី ខ្ញុំរវល់ពេកថ្ងៃនេះ ខ្ញុំភ្លេចតឿនមុន្នីឯង ឃើញភ្លេចទាល់តែបាន”
“មិនអីទេធី ខ្ញុំឈឺក្បាលបន្តិចបន្តួច គេងសម្រាកមួយភ្លែតអស់អីហើយ”
ដាក់ទូរស័ព្ទចុះបានមួយសន្ទុះ សុធី ក៏ចូលមកដល់ផ្ទះខ្ញុំ គេបានមកចាត់ចែងឲ្យខ្ញុំផឹកថ្នាំ ហើយឲ្យខ្ញុំគេងសម្រាក ។
“មុន្នី ស្អែកនេះខ្ញុំទៅមណ្ឌលគីរីពីរ-បីថ្ងៃ បងប្រុងគាត់ឲ្យខ្ញុំជួយបើកឡានជូនពួកម៉ាកគាត់មកពីស្រុកក្រៅ”
“ទៅដើរលេង ឬទៅធ្វើការសុធី” ខ្ញុំងើយមើលមុខសុធី ដែលគេងឱបខ្ញុំពីក្រោយ ។
“ទាំងពីរយ៉ាងហ្នឹង” សុធីអង្អែលសក់ខ្ញុំហើយ ឱនថើបថ្ញាស់ខ្ញុំតិចៗរួចគេបន្ត
“ទៅជាមួយខ្ញុំណាមុន្នី បងគាត់ទៅឃោសនាបោះឆ្នោតនៅទីនោះថ្ងៃចុងក្រោយ ហើយមិត្តគាត់មកពីស្រុកគេចង់ទៅមើល ស្អែកថ្ងៃសៅរ៍
តើហ៍” សុធីបបួលខ្ញុំ
“ថ្ងៃសៅខ្ញុំបង្រៀនថែមម៉ោង នាយកគាត់សុំឲ្យជួយតែពីរខែទេ ខ្ញុំមិនហ៊ានសុំច្បាប់គាត់ទេខ្លាចចិត្តគាត់” ខ្ញុំប្រាប់សុធី តាមពិតស្តាយក៏ដែរ បើមិនជាប់រវល់ខ្ញុំក៏ចង់ទៅលេងជាមួយសុធីចង់ទៅស្គាល់មណ្ឌលគីរីនឹងគេម្តង ។
“តែមុន្នីត្រូវសន្យាថាមើលថែរខ្លួនឯងឲ្យបានល្អ” សុធីបង្វិលមុខខ្ញុំឲ្យសម្លឹងមើលមុខគេ ។
“ចាស៎ ដឹងហើយប៉ាៗ…” ខ្ញុំតបសុធីវិញកំប្លែងៗ តែពេលនេះខ្ញុំឈឺក្បាលរងៀមៗ ថែមទាំងធ្ងន់ត្របកភ្នែកទៀត ។
“ងងុយគេងហើយមែនទេ? ញ៉ាំថ្នាំផ្តាសាយវាអញ្ចឹងហើយ សំងំគេងទៅ បន្តិចទៀតបានខ្ញុំទៅ មិនទាន់បានរៀបឥវ៉ាន់ផង”
“សុធីទៅរៀបចំអីវ៉ាន់ទៅ ខ្ញុំអត់អីទេ” ខ្ញុំប្រាប់ទៅសុធីអញ្ចឹងមែន តែក្នុងចិត្តខ្ញុំហាក់កំពុងបញ្ជាមកមាត់ខ្ញុំឲ្យឃាត់មិនឲ្យសុធីទៅ តែខ្ញុំមិនចង់ឲ្យគេមានបញ្ហាដោយសារខ្ញុំទេ ។
“ចាំបន្តិចទៀត ខ្ញុំទូរស័ព្ទហៅ ស្រីកា ឲ្យមកគេកំដរ មុន្នី បន្តិចទៀតប្រហែលមកដល់ហើយ ចាំគេមកដល់ចាំខ្ញុំទៅ” ស្រីកា ជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំបន្ទាប់ពីសុធី នៅភ្នំពេញនេះមានតែស្រីកាដែលជិតស្និទ្ធនឹងខ្ញុំ ។ យើងរៀនជាមួយគ្នា ធ្វើការជាមួយគ្នា ហើយមិត្តម្នាក់នេះក៏ជាមេអណ្តើកឲ្យខ្ញុំនឹងសុធីដែរ ព្រោះគ្រួសារសុធី និង ស្រីកា រាប់អានគ្នាយូរហើយ ។
សំងំគេងបានមួយសន្ទុះ ខ្ញុំឮសុធីនិយាយទូរស័ព្ទ “ស្រីកា មកដល់ណាហើយ? … … … បាទ! អញ្ចឹងចាំខ្ញុំចេញទៅចាក់សោរឲ្យ” ប្រហែលស្រីកាមកដល់ហើយ នាងមិនមានសោរចាក់ចូលបានជាទូរស័ព្ទហៅសុធីឲ្យទៅបើករបងឲ្យ ។
“- - - - - - -” សុធីមិនបាននិយាយអ្វីទេ គេប្រហែលជាគិតថាខ្ញុំកំពុងគេងលក់ ។ ខ្ញុំមិនបានគេលក់ទេ តែខ្ញុំមិនដឹងជាកើតអ្វី វារងៀមៗឈឺពេញខ្លួន ប្រហែលគ្រុនសន្ធំ មានអារម្មណ៍ពាក់កណ្តាលភ្ញាក់ពាក់កណ្តាលគេងលក់ រវើរវាយ ។
សុធីក្រោកចេញពីគ្រែថ្នមៗ ឱនមកថើមថ្ងាស់ និងអង្អែលក្បាលខ្ញុំយ៉ាងថ្នាក់ថ្នម ខ្ញុំប្រឹងបើកភ្នែក មើលមុខសុធី ។ សុធីមិនបាននិយាយអ្វីទេ គេញញឹមដាក់ខ្ញុំ ជាស្នាមញញឹមដែលពោរពេញដោយភាពកក់ក្ដៅ ស្នាមញញឹមដែលខ្ញុំគ្មានថ្ងៃនឹងបំភ្លេចបាន ។ សុធីថើបថ្ងាស់ខ្ញុំម្តងទៀត ហើយដើរបែរខ្នងចេញទៅ ។
“កុំទៅបានទេ?…” ខ្ញុំឃាត់គេទាំងសំឡេងខ្សាវៗ ព្រោះនៅពេលនេះរាងកាយខ្ញុំល្វើយខ្លាំងណាស់ ប្រហែលមកពីគ្រុនសន្ធំព្រោះតែដើរហាលភ្លៀងកាលពីថ្ងៃល្ងាចហើយ ។
“….” គេដើរបែរខ្នងដាក់ខ្ញុំរហូតដល់មាត់ទ្វារ មុនពេលទាញទ្វារបើកចេញទៅ គេបានងាកមកមើលមុខខ្ញុំហើយញញឹមដាក់ខ្ញុំម្តងទៀត ។
“កុំ … កុំអី កុំទៅអី…” ទោះប្រឹងស្រែកខ្លាំងប៉ុនណា ក៏គេមិនអាចឮបានដែរ ព្រោះពេលនេះសូម្បីតែខ្លួនខ្ញុំ ក៏មិនឮសំឡេងខ្លួនឯងដែរ អ្វីដែលខ្ញុំឮគឺសំឡេងបិទទ្វារ ដែលវាខ្ទរពេញត្រចៀកខ្ញុំនៅពេលនេះ ត្របកភ្នែករបស់ខ្ញុំបើកលែងរួចហើយ ប្រហែលជាថ្នាំផ្តាសាយកំពុងបញ្ចេញឫទ្ធិ ។
“— — —” ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីស្រែកក្នុងចិត្ត ព្រមជាមួយទឹកភ្នែកហូរឃាត់សុធី ដែលបានចេញទៅបាត់ហើយ បន្ទាប់ខ្ញុំក៏៏គេងលក់ម្តងទៅ ។
————————————————
“ទីត ទី ទីទ ទីត” សំឡេងទូរស័ព្ទខ្ញុំរោទ៍ដាស់ខ្ញុំ ។
“អាឡូ…” ស្រវាចាប់ទូរស័ព្ទបានហើយប្រញាប់ចុចទទួលភ្លាម ។
“នែ៎ អ្នកគ្រូសម្ពឹក ភ្ញាក់ឡើងគិតដេកដល់ណាណឹង? កន្លះម៉ោងទៀតយើងទៅដល់ហើយ! ល្មមភ្ញាក់ត្រៀមខ្លួនឲ្យហើយទៅ ទៅវត្តទៅវ៉ា ទាល់តែទៅព្រឹកបន្តិចទើបប្រគេនចង្ហាន់លោកទាន់ពេល មិនមែនទៅដើរផ្សារសូរិយា នឹកចង់ទៅថ្មើរម៉ានក៏បាននោះទេ” សំឡេងស្រួយស្រែសនេះ គ្មានអ្នកណាផ្សេងក្រៅពីរស្រីកាមិត្តសម្លាញ់ខ្ញុំទេ តេមកទេសនាទាំងព្រឹកតែម្មង ។
“អឺ អឺ ងើបហើយ!…” ខ្ញុំឆ្លើយតែអញ្ចឹងទេ ក្នុងចិត្តគិតថាសុំមួយស្រលេតទៀតសិន ហើយខ្ញុំក៏បិទភ្នែកគេងបន្តតាមការគិតមែន ។
——————————————————–
“ជុប…” សំឡេងថើបថ្ងាស់ខ្ញុំ ហើយអ្នកដែលថើបកំពុងតែយកដៃមកអង្អែលក្បាលខ្ញុំតិចៗទៀត ។
“ក្រោកឡើង…អ្នកគ្រូអីក៏ស្ពឹកម៉្លេះ!…” សុធី វាជាសំឡេងរបស់សុធី
“ភ្ញាក់ឡើង ថ្ងៃហើយ ចង់គេងដល់ម៉ោងប៉ុន្មាន?” សុធី មែនជាសំឡេងសុធី ខ្ញុំចាំសំឡេងរបស់គេបានច្បាស់ណាស់ ។
“ភ្ញាក់ឡើង… តិចហួសម៉ោងលោកឆាន់” ពេលខ្ញុំបើកភ្នែកឡើង ខ្ញុំមិនបានឃើញសុធីទេ តែខ្ញុំឃើញស្រីការ ដែលកំពុងដាស់ខ្ញុំ ។
“ស្រីកា ខ្ញុំបានឮសំឡេងសុធី សុធី គេមកដាស់ខ្ញុំ ខ្ញុំឮសំឡេងគេមែនណាស្រីកា ខ្ញុំពិតជាឮមែន” ខ្ញុំស្រែកទ្រហោយំមិនក្រែងខ្លាចចិត្តអ្នកណាទេ ។
“ស្រីកា គេទៅណាបាត់ហើយ? គេទៅណាបាត់ហើយ ខ្ញុំអត់ចង់ឲ្យគេទៅណាចោលខ្ញុំទេ ជួយប្រាប់គេផង ថាកុំទៅចោលខ្ញុំអី”
“មុន្នី ស្ងប់អារម្មណ៍បន្តិចទៅ សុធីគេទៅបានសុខហើយ ថ្ងៃនេះយើងទៅវត្ត ធ្វើបុណ្យឲ្យសុធីណាមុន្នី” ស្រីការទះស្មារ និងនិយាយលោងលោមខ្ញុំ ។
ពិតមែនហើយ សុធី ទទួលគ្រោះថ្នាក់ចរាចរពេលទៅមណ្ឌលគីរី ថ្ងៃដែលគេទៅនោះភ្លៀងធ្លាក់ខ្លាំងណាស់ ឡានរបស់គេរអិលធ្លាក់ជ្រោះ ។ គេទៅចោលខ្ញុំជាងមួយអាទិត្យហើយ គេទៅបាត់ហើយ … តែមុននឹងខ្ញុំពិតជាទទួលដឹងថា គេថើប គេអង្អែលសក់ក្បាលខ្ញុំ និង ខ្ញុំពិតជាឮសំឡេងគេមែន!
“ខ្ញុំមិនចង់ឲ្យគេទៅទេស្រីកា សុធីកុំទៅចោលខ្ញុំអី សុធី ខ្ញុំពិតជាឮសំឡេងសុធីមែន … ខ្ញុំឮ….សុធី ”
“សុធីគេមិនបានទៅណាឆ្ងាយទេមុន្នី គេនៅក្បែរនេះឯង គេនៅក្នុងចិត្តមុន្នីឯងហ្នឹងហើយ គេមិនបានឃ្លាតឆ្ងាយពីមុន្នីឯងទៅឆ្ងាយទេ” ពេលនេះស្រីកាលួងលោមខ្ញុំទាំងទឹកភ្នែក ។
—————————————
មែនហើយ សុធី មិនបានទៅណាឆ្ងាយពីខ្ញុំទេ សុធី នៅក្បែរៗនេះឯង គេនៅក្នុងចិត្តរបស់ខ្ញុំ គេនៅមើលថែរខ្ញុំ ។ ខ្ញុំមានអារម្មណ៍កក់ក្តៅពេលសុធីថើបថ្ងាស់នឹងអង្អែលសក់ក្បាលខ្ញុំ ហើយគេនឹងធ្វើរបៀបនេះជាមួយខ្ញុំរហូតទៅ ដរាបណាដែលចិត្តខ្ញុំនៅឮសំឡេងគេ ដរាបណាដែលខ្ញុំនៅតែស្រឡាញ់គេ ។
“ខ្ញុំស្រឡាញ់មុន្នី ខ្ញុំចង់មើលថែមុន្នី ហើយចង់នៅជាមួយមុន្នីតែពីរនាក់អញ្ចឹងរហូតទៅ”
“ខ្ញុំក៏ស្រឡាញ់សុធីដែរ ចង់ឲ្យសុធីមើលថែ យើងនឹងនៅជាមួយគ្នាតែពីរនាក់រហូតទៅ”
—————អវសាន្ត——————–
Posted: August 17th, 2008 under [V]-Writing.
Comments: 11
Comments
Comment from posoky
Time: August 19, 2008, 12:28 pm
យីសចេះតែងរឿងទៀតសូមសរសើរ
Comment from វីរិយា
Time: August 19, 2008, 12:48 pm
សរសើរអីបង…នៅក្មេងខ្ចីណាស់! ខ្ញុំចូលចិត្តអានរឿង ហើយបានអានមកច្រើនក្រែលដែរ បាននឹកចង់សរសេរសាកលមើល! ហេហេហេ ម៉េចដែរបងអានហើយ? ពិបាកអានណាស់មែនទេ?
Comment from Boeun
Time: August 20, 2008, 8:55 pm
កម្សត់បស់គេ។ រៀបរាប់កាយវិការបានរ៉ូមេនទិចណាស់ ជាចរិតដែលខ្ញុំចូលចិត្ត។
ការរៀបរាប់ ដូចអ្នក ប្រូហ្វែសស្យុងណាល់ ហើយ។
Comment from រដ្ឋ
Time: August 21, 2008, 7:08 pm
ពិតជាកម្សត់មែនស្នេហាផស់គេ…
សំណាងហើយមុន្នីមិនមែនខ្លាចខ្មោច! កុំអីពេល សុធីមកលេង នាងរត់បះសក់មិនខាន… មិនមែនមករៀបរាប់ចេញជារឿងចឹងទេ ហាហា អាណិតតែសុធីឯណោះទេ ស្លាប់ទៅបែបមិនអស់ចិត្តទេមើលទៅ ។
Comment from វីរិយា
Time: August 23, 2008, 11:12 am
បឿន… អរគុណច្រើន សម្រាប់ពាក្យ ប្រូហ្វែសស្យុងណាល់ »»» ខ្ញុំមិនហ៊ានទទួល ទេ ទទួលត្រឹមជាអ្នកនិពន្ធសាកល្បងចុះ!
ណារដ្ឋ… មានអ្នកអានភាគច្រើនគេអានហើយគេថាមុន្នីក្លាយជា Error ខួរក្បាល ហាហាហាស ម្យ៉ាងដែរ មានណារដ្ឋដែលគិតដល់រឿងខ្មោច… តាមពិតមិនមែនខ្មោចវិញ្ញាណព្រលឹងស្អីទេ អ្វីដែលមុន្នីបានឮអាចជាការចងចាំចាស់ៗដែល Saved ក្នុងបេះដូងរបស់នាង ហើយវាអាចជាកម្លាំងធ្វើឲ្យនាងឈានជើងដើរទៅមុខម្នាក់ឯងបាន ។
Comment from រចនា
Time: August 24, 2008, 10:24 am
ឱ្យត្រឹមជាអ្នកនិពន្ធសាកល្បងមិនបានទេ!!! មើលចុះ, សរសេរបានល្អបែបនេះ, ខ្ញុំស៊ូមិនរួចទេ!!!
»ឡូយជាងរឿងខ្ញុំសរសេរទៀត… ច្រណែនដល់ហើយ!!!
កម្សត់ណាស់! ហេតុតែវាសនាណ៎!!!
Comment from វីរិយា
Time: August 25, 2008, 6:03 am
រចនា»»» អរគុណច្រើន! ហេហេហេ បើមានពេលនឹងតែងឲ្យវែងជាងហ្នឹង ហើយបើថ្វីដៃប្រសើរជាងនេះ នឹងបោះពុម្ភជាសៀវភៅលក់តែម្តង ហាហាហាហាស និយាយលេងទេ, អាជីពជាអ្នកនិពន្ធមិនមែនជាអាជីពដែលខ្ញុំចង់ចាប់យកទេ គ្រាន់តែជាអ្វីដែលចូលចិត្ត!
Comment from Boeun
Time: August 26, 2008, 2:26 pm
ណារដ្ឋនិយាយត្រូវ! សុធីនៅស្ដាយ ស្លាប់ទៅអត់ទាន់បានអីបន្តិចសោះ ![]()
Comment from រចនា
Time: August 28, 2008, 4:46 am
ខ្ញុំចូលចិត្តរឿងបង ព្រោះថា រឿងបងមានចំណុចមួយដែលខ្ញុំគិតថា មិនសូវមានអ្នកណាសរសេរ… ខ្ញុំធ្លាប់សរសេររឿងទំនងហ្នឹងដែរ តែមិនឡូហ្សិកអញ្ចឹងទេ… គឺ ធ្វើឱ្យចំណុចដើមរឿង ដូចគ្នាទៅហ្នឹងចំណុចណាមួយទៀតក្នុងរឿង…
[“កុំទៅបានទេ?…” ខ្ញុំឃាត់គេទាំងសំឡេងខ្សាវៗ ព្រោះនៅពេលនេះរាងកាយខ្ញុំល្វើយខ្លាំងណាស់ ប្រហែលមកពីគ្រុនសន្ធំព្រោះតែដើរហាលភ្លៀងកាលពីថ្ងៃល្ងាចហើយ ។
“….” គេដើរបែរខ្នងដាក់ខ្ញុំរហូតដល់មាត់ទ្វារ មុនពេលទាញទ្វារបើកចេញទៅ គេបានងាកមកមើលមុខខ្ញុំហើយញញឹមដាក់ខ្ញុំម្តងទៀត ។
“កុំ … កុំអី កុំទៅអី…” ទោះប្រឹងស្រែកខ្លាំងប៉ុនណា ក៏គេមិនអាចឮបានដែរ ព្រោះពេលនេះសូម្បីតែខ្លួនខ្ញុំ ក៏មិនឮសំឡេងខ្លួនឯងដែរ អ្វីដែលខ្ញុំឮគឺសំឡេងបិទទ្វារ ដែលវាខ្ទរពេញត្រចៀកខ្ញុំនៅពេលនេះ ត្របកភ្នែករបស់ខ្ញុំបើកលែងរួចហើយ ប្រហែលជាថ្នាំផ្តាសាយកំពុងបញ្ចេញឫទ្ធិ ។]
គឺបែបហ្នឹងឯង…
Comment from naraths
Time: August 28, 2008, 6:04 am
បឿននិយាយដូចខ្ញុំគិតចឹង! ហេហេ អ្នកណាទៅ ដឹងមានអីកើតឡើងបើអ្នកនិពន្ធមិនប្រាប់យើងផង កិកិ






Write a comment