រឿងខ្លី — “ផ្ញើ”ទុកសិន —

by VphoTO៚
គូសង្សារមួយគូទើបបានផ្លាស់មករស់នៅជាមួយគ្នាក្រោយពេលចំណាយពេលសន្សំប្រាក់ជិតបីឆ្នាំដើម្បីទិញផ្ទះចាស់តូចមួយនៅជាយក្រុង ។
ក្រោយពេលជញ្ជូនឥវ៉ាន់ដាក់ក្នុងផ្ទះថ្មីរួចរាល់ហើយ សុធា បានដើរចូលក្នុងផ្ទះ និងទាញទ្វារបិទ ព្រមទាំងនិយាយទៅកាន់ រ៉ាវី ជាសង្សារថា “យើងគិតសម្អាតបន្ទប់គេងមុនគេ ព្រោះអិ…………”
សុធា មិនអាចនិយាយបន្តបាន ព្រោះបបូរមាត់របស់គេត្រូវបានបិទដោយបបូរមាត់ស្តើងពណ៌ក្រហមព្រើងៗរបស់ រ៉ាវី ។
“ម៉េចបានមកថើបខ្ញុំអញ្ចឹង?” សុធាសម្លឹងមើលមុខ រ៉ាវី ក្រោមក្រសែភ្នែកពោរពេញដោយចម្ងល់ ព្រោះជាធម្មតា រ៉ាវី មិនមែនជាភាគីដែលនឹងសម្តែងចេញនូវអ្វីដែលផ្អែមល្អែមដូច្នេះទេ នាងមានការខ្មាស់អៀនច្រើន ចម្លែក! ថ្ងៃនេះម៉េចបានអញ្ចឹង?
“ខ្ញុំចង់អរគុណ សុធា ឯងហ្នឹងណា” រ៉ាវី ឆ្លើយទាំងមុខក្រហមព្រោះអាការៈខ្មាស់អៀន ។
“អរគុណខ្ញុំ?” សុធា សួរបកទៅកាន់ រ៉ាវី ព្រោះគេនឹកមិនឃើញមូលហេតុដែល រ៉ាវី ត្រូវមកអរគុណគេ ។
“អរគុណ សុធា ដែលបានធ្វើឲ្យសុបិន្តរបស់ខ្ញុំក្លាយជាការពិត” រ៉ាវី តប សុធា ទាំងទឹកមុខញញឹម
សុធាញញឹម និងងោកក្បាលបន្តិចទៅកាន់ រ៉ាវី បង្ហាញទឹកមុខប្រាប់នាងថាគេបានយល់ពីអ្វី ដែល រ៉ាវី កំពុងនិយាយហើយ ។
“មិនបាច់អរគុណខ្ញុំទេ ព្រោះវាមិនមែនជាសុបិន្ដរបស់ រ៉ាវី តែម្នាក់ឯណា តែវាជាសុបិន្តរបស់យើងទាំងពីរនាក់” សុធា តប ព្រមសម្លឹងកែវភ្នែកទាំងគួ និង លូកដៃទៅក្តោបប្រអប់ដៃដ៏ទន់ល្មើយរបស់ រ៉ាវី មកថើបថ្មម ។
សុធា និង រ៉ាវី ជាកុមារកំព្រាឪពុកម្តាយ ហើយទាំងពីរនាក់ត្រូវបានអង្កការមនុស្សធម៌មួយ ទទួលយកមកចិញ្ចឹម ក្នុងមជ្ឈមណ្ឌលកុមារកំព្រាតាំងតែពីរអាយុអាយុ៨ ឬ ៩ ឆ្នាំ ។
ពួកគេមិនដែលស្គាល់នូវសេចក្តីសុខដែលបានទទួលពីអ្វីដែលហៅថា “គ្រូសារ” ទេ ហើយរឹតតែមិនធ្លាប់បានទទួលភាពកក់ក្តៅពីកន្លែងមួយដែលហៅ “ផ្ទះ” ដែរ ។
ដូច្នេះអ្វីដែលជាក្តីប្រាថ្នាធំបំផុតសម្រាប់ជិវិតអ្នកទាំងពីរគឺការសេចក្តីសុខដែលបានទទួលពីគ្រួសារ និង ភាពកក់ក្តៅក្នុងចិត្តក្រោមដំបូល “ផ្ទះ” ដែលជាកម្មសិទ្ធិរបស់ខ្លួន ។
“… … … …” សុធាបានឱនទៅថើប រ៉ាវី ថើបហើយថើបទៀត ទាល់តែរ៉ាវីប្រើដៃទាំងពីររបស់នាង ច្រានឲ្យខ្លួនសុធាចេញ ដើម្បីឲ្យនាងរួចពីរង្វង់ដៃរបស់ និង ការថើបរបស់ សុធា ។
“ហើយម៉េចបានជាមកថើបខ្ញុំវិញអញ្ចឹង?” រ៉ាវី សួរទៅកាន់ សុធា ទាំងទឹកមុខអឹមអៀន និង យកខ្នងដៃទៅជូតថ្នមលើថ្ពាល់ និង បបូរមាត់ខ្លួន ។
“ខ្ញុំផ្ញើទុកថើបរបស់ រ៉ាវី ទុកសិនចាំសម្អាតបន្ទប់រួចសឹមមកយកវិញ” សុធា តបសំណួររបស់ រ៉ាវី ព្រមទាំងញាក់ចិញ្ចើម និងធ្វើមុខច្រឡឺមៗដាក់ រ៉ាវី ។
“មិនមែនផ្ញើទុកទទេរៗទេ ខ្ញុំយកគិត’ការ’ ២០ភាគរយ ក្នុងមួយម៉ោង ហេហេហេ” សុធានិយាយបន្ត ហើយសើចញឹមៗ ព្រោះអស់សំណើចនឹង រ៉ាវី ដែលពេលនេះកំពុងអៀន ហើយប្រហែលជានឹកហួសចិត្តមុខរឹតតែក្រហម ព្រោះខ្លួនចូលចិត្តដើរខ្សែរលើកេងចំណេញពីសង្សារខ្លួនជានិច្ចក្នុងរឿងនេះ ។
“មិនទទួលផ្ញើទេ…ហើយក៏គ្មានការឲ្យដែរ…” រ៉ាវី ប្រញាប់តប សុធា វិញព្រោះគិតឃើញថាខ្លួនកំពុងត្រូវបានសុធា ដើរខ្សែរលើទៀតហើយ តែហ៊ានបណ្តោយតាមគេម្នាក់ហ្នឹងឃើញតែខាតតែរហូត ។
សុធា យកដៃចាប់ស្មាទាំងសងខាងរបស់ រ៉ាវី ឲ្យខិតជិតជាថ្មីហើយឱនទៅបម្រុងនឹងថើបទៀត ។
“នេះគិតធ្វើអីទៀតណឹង …?” រ៉ាវីប្រញាប់បម្រាស់ខ្លួនចេញពីរង្វង់ដៃ សុធា ហើយបោះសំណួរជាបន្ទាន់ពីមូលហេតុនៃទង្វើរបស់ សុធា ។
“បើមិនទទួលផ្ញើ អញ្ចឹងឲ្យខ្ញុំយក’ថើប’ទៅវិញក៏បានដែរ ឲ្យ’ថើប’ខ្ញុំវិញមក…” សុធាតប
“… សម្អាតបន្ទប់សិនទៅ នៅលេងហ្នឹងហើយ តិចយប់ហ្នឹងគ្មានកន្លែងគេងទៅ…” រ៉ាវី ប្រញាប់ប្តូរប្រធានបទសន្ទនា ព្រោះគេដឹងច្បាស់ថា បើនៅតវ៉ាជាមួយ សុធា រឿងនេះប្រើពេលប៉ុន្មានក៏មិនចប់ដែរ ។
“អញ្ចឹងក៏បាន… តែយប់នេះខ្ញុំនឹងទារបញ្ញើ’ថើប’ខ្ញុំវិញទាំងដើមទាំង’ការ’ …” សុធានិយាយទៅកាន់ រ៉ាវី ទាំងមុខញញឹមច្រឡឺមៗ ព្រមទាំងញាក់ចិញ្ចើមដាក់រ៉ាវីទៀត ។
*************ចប់**************
Posted: August 10th, 2008 under [V]-Writing.
Comments: 8
Comments
Comment from Boeun
Time: August 11, 2008, 12:49 pm
ធើដូចដេបដាបម៉េះសុធាហ្នឹង? នៅជាមួយគ្នាថើបស្អីៗហ្នឹង រាល់តែថ្ងៃសោះហ្នឹង ហាហា
លោកវីសុខៗ ម៉ោនឹកសរសេររឿងថើបចឹង ដូចមិនសូវច្រួលរ៉េ កិកិកិ តែស្នាដៃល្អអស់ឆ្ទះ
Comment from naraths
Time: August 11, 2008, 8:40 pm
ដូចមិនស្រួលទេមួយគូរនេះ!! ផ្ញើនោះផ្ញើ!! មិនដឹងផ្ញើស្អីខ្លះទេ… ហាហា
Comment from វីរិយា
Time: August 12, 2008, 11:05 am
បឿន »»» ហ៊ានថាគេដាច់ដាបផង តាមដែលដឹងគូស្នេហ៍ដែលផ្អែមល្អែមគ្នាបានយូរ គឺគេព្យាយាមធ្វើឲ្យបរិកាសនៃក្តីស្រឡាញ់របស់គេមានសភាពដូចគ្រាដំបូងដែលទើបស្រឡាញ់ ។ អញ្ចឹងហើយបានជាសុធាធ្វើអញ្ចឹងណឹងណា បើមិនសូវយល់ខ្ញុំថាសួរបងសុខគីបន្ថែមក៏បាន ។
ណារដ្ឋ »»» មិនស្រួលយ៉ាងម៉េច? ម៉េចចង់ទៅផ្ញើស្អីនឹងគេដែរ? មិនបានទេ របស់អស់នេះគេផ្ញើបានតែពីរនាក់ទេ ។
បងសុខគី »»» សង្ស័យអីអញ្ចឹង? មិនអីទេស្រេចតែអ្នកណាគិតទៅចុះ រឿងក្រោយដែលខ្ញុំកំពុងសរសេរជិតចប់ហើយ ចាំដាក់ចែកគ្នាយើងអានលេង សង្ឃឹមថាមានអ្នកចូលចិត្តច្រើន ។
Comment from Boeun
Time: August 14, 2008, 8:31 am
បើខ្ញុំខ្ជិលណាស់ រៀបចំគ្រែឲ្យស្អាត ចាត់ការតាហ្មង ![]()
Comment from Posoky
Time: August 15, 2008, 12:12 pm
Yeah, that’s my brother Boeun! Don’t be so shy some girls gonna think you are idiot hahah i don’t know so much about our Khmer girl but USA if you are so romantic the girl gonna think you are gay and idiot. it ’s 2008 not 1988 guys.. more fast to get more strong you are hehe
Comment from វីរិយា
Time: August 15, 2008, 4:14 pm
បឿន! ករណីដែលបឿនឯងនិយាយវាខុសគ្នា រឿងដែលខ្ញុំសរសេរ ពីរនាក់នឹងគេស្គាល់គ្នាយូរហើយ មិនចាំបាច់ប្រញាប់រៀបគ្រែទេ ហេហេហេ តែបើករណីដែលបងសុខគី គាត់ថានោះ ប្រហែលក្នុងពីរនាក់សង្សារហ្នឹងទើបតែ First Date! I’m I right bong Soky?
Comment from វីរិយា
Time: August 15, 2008, 4:16 pm
កំពុងសរសេររឿងមួយទៀត ចុងអាទិត្យនេះប្រហែលបានដាក់ចែកគ្នាយើងអាចហើយ ចាំជួយវិភាគផង ក្រែងបន្តិចទៀតខ្ញុំបានក្លាយជាអ្នកនិពន្ធអាជីពនឹងគេ ហាហាហាហា!






Write a comment