រឿងខ្លី “Memory” (តចប់)
អាន Memory 1 អាន Memory 2 អាន Memory 3

… មួយសន្ទុះក្រោយមក មិត្តភ័ក្តទាំងពីរនាក់ដែលមេហៅទៅនិយាយខាងក្រៅបានដើរចូលមកក្នុងបន្ទប់វិញ ។
“មេប្រាប់ថា … ស្អែកគាត់ជប់លៀងឲ្យវីរិយាឯង នៅហាង - - - ផ្លូវមុនីវង្ស ចាំបានទេ? ហាងដែលយើងធ្លាប់ទៅញ៉ាំបាយថ្ងៃត្រង់ជាមួយគាត់កាលពីចុះទៅធ្វើការនៅខាងក្រៅលើកមុននោះ?” មិត្តម្នាក់គេប្រាប់ខ្ញុំ
“ចាំបានតើហ៍ ហាងហ្នឹង មេ សសើរថាធ្វើតៅហ៊ូឆ្ងាញ់ហ្នឹងអ្ហេ?” ខ្ញុំតបគេវិញ
“បងៗ ថ្ងៃត្រង់ ឬ ល្ងាច? ខ្ញុំដូចជាឮថា ថ្ងៃត្រង់” មិត្តម្នាក់ទៀតដែលចេញទៅជាមួយគ្នាអម្បាញ់មិញសួរបញ្ជាក់
“ដល់ហើយយើង… មើល៍វីរិយាជួយប្រែខ្ញុំបន្តិចមើល មេគាត់ថា ‘Dinner’ ប្រែថាម៉េច? ” មិត្តម្នាក់ដែលប្រាប់ខ្ញុំមុននេះឆ្លើយ
“six twenty ok?” មេខ្ញុំគាត់បែរមកបញ្ជាក់ ប្រាប់មិត្តខ្ញុំដែលកំពុងប្រកែកគ្នា
(ប្រហែលជាមេគាត់ឮថាពួកយើងកំពុងប្រកែកគ្នារឿងពេលវេលាហើយបានជាគាត់បញ្ជាក់បន្ថែម…នៅស្រុកខ្មែរយូរៗស្តាប់យើងនិយាយបានច្រើនណាស់ ចង់និយាយដើមមិនបានទេ គាត់កាត់យល់បាន … ហេហេហេ គេមិនទាន់ថាឲ្យផង បរិហារខ្លួនឯងមុនទៅហើយថាជាកូនចៅចូលចិត្តនិយាយដើមមេ….)
…អ្ហេ!!! តែគាត់មិនមើលមុខខ្ញុំទេ មិនសួរថាទំនេរឬទេ? ទៅបានឬអត់? ក៏មិនសួរដែរ នេះគាត់កំពុងគិតស្អីគាត់ហ្នឹង ខ្ញុំមិនយល់ទេ … ណ្ហើយ! មិនចង់គិតច្រើនទេ ខ្ជិលណាស់ខ្ញុំ ខ្ជិលឈឺក្បាល… (តែនៅតែលួចគិតតិចៗដដែលហ្នឹង)
ពេញមួយថ្ងៃនៅកន្លែងធ្វើការ ខ្ញុំដូចជាមិនបានធ្វើអ្វីឲ្យកើតជាប្រយោជន៍សោះ មានតែអង្គុយគិតវែងគិតខ្លី ពីនេះបន្តិចពីនោះបន្តិច ។ ពេលវេលាហាក់មិនប្រណីសោះឡើយ ដើរទៅមុខលឿនដូចផ្លេកបន្ទោលអញ្ចឹង មិនដឹងស្អីផងដល់ម៉ោងចេញទៅផ្ទះស្រេច … នេះសរុបបានថាថ្ងៃទីប្រាំនៅកន្លែងធ្វើការខ្ញុំត្រូវបានបញ្ចប់បាត់ទៅហើយ នៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះ…។
ខ្ញុំនៅធ្វើការកន្លែងនេះ៤ថ្ងៃទៀតប៉ុណ្ណោះ … ហើយថ្ងៃនេះមេប៉ាវបាយល្ងាច (ជប់លៀងលាគ្នា) ពេញមួយថ្ងៃអង្គារ៍ដែលខ្ញុំនៅកន្លែងធ្វើការមិនបានគិតពីរឿងអ្វីច្រើនក្រៅតែពីរឿងរាប់ថ្ងៃ និងបរិយាកាសនៅពេលដែលយើងជប់លៀងលាគ្នា ។
តាមពិតទៅខ្ញុំក៏ចង់មានកម្មវិធីតូចៗសម្រាប់ការលាពីកន្លែងការងាររបស់ខ្ញុំដែរ តែខ្ញុំមិនទាន់ចង់ធ្វើនៅកណ្តាលអាទិត្យអញ្ចឹងទេ ព្រោះនៅសល់ពេលបីថ្ងៃទៀត លាគ្នាហើយមកជួបមុខគ្នាវិញដដែលណឹង ដូចជាម៉េចអញ្ចឹងទេ តែខ្ញុំក៏មិនយល់ដែរថាហេតុអ្វីបានជាមេខ្ញុំសម្រេចរើសយកថ្ងៃនេះ ប្រហែលជាគាត់រវល់ហើយមើលទៅ ។
បានត្រឹមតែគិតប៉ុណ្ណោះ ខ្ញុំមិនហ៊ានសួរគាត់ទេ ម្យ៉ាងឃើញគាត់ស្ងាត់ៗឈ្ងោកមុខធ្វើការរហូត ខ្ញុំនិយាយជាមួយគាត់លើកចុងក្រោយគឺនៅថ្ងៃត្រង់ម្សិលម៉ិញ គាត់សួរបញ្ជាក់ខ្ញុំថាពិតជាទៅមែនឬ ? ហើយមានដឹងទេថាថ្នាក់លើគេចាត់ចែងមានអ្នកមកជំនួសឬទេ? បើគ្មានទេគាត់នឹងយក Laptop ខ្ញុំទៅឲ្យក្រុមការងារផ្សេងដែលខ្វះប្រើ តែបើមានគាត់ទុកឲ្យអ្នកថ្មីប្រើបន្ត (ដំបូងឡើយឯងស្មានតែគាត់សួរព្រោះមិនចង់ជឿទុកចិត្តថាខ្ញុំចេញមែនឬអត់? ពេលណាឲ្យប្រាដក? គិតថាប្រហែលជាគាត់ចង់ឃាត់ខ្ញុំ តែមានឯណា សួរព្រោះរឿងចាត់ចែងរឿងទ្រព្យសម្បត្តិក្រុមហ៊ុនសោះហ្នឹង … )
ថ្ងៃទី៤នេះក៏កន្លងទៅលឿនដូចម្សិលម៉ិញទៀតហើយ ជិតដល់ម៉ោងចេញទៅផ្ទះពួកខ្ញុំសួរគ្នា រឿងទៅចាំគ្នានៅហាងបាយដែលមេគាត់ណាត់ពួកយើង មេប្រាប់បន្ថែមថាឲ្យពួកយើងបបួលគ្នាក្នុងក្រុមការងារទាំងអស់ ហើយទៅចាំគាត់មុន ព្រោះគាត់ជិះឡានប្រហែលជាទៅដល់ក្រោយព្រោះបញ្ហាចរាចរកកស្ទះ ។
ក្រុមការងារខ្ញុំជនជាតិខ្មែរ៦នាក់ ៥នាក់ជាអ្នកបច្ចេកទេស និង ម្នាក់ទៀតជាមេក្រុម ឬអ្នកសម្របសម្រួល ហើយនឹងជំនាញការជាជនកូរ៉េម្នាក់ (គឺមេដែលខ្ញុំនិយាយដល់ហ្នឹងឯង) ។ សម្រេចសម្រួលក្រុមការងារខ្ញុំដែលមានសមាជិក៧នាក់បានទៅចូលរួមតែ៤នាក់ប៉ុណ្ណោះងបូករួមទាំងខ្ញុំ ឃើញថាច្រើនជាង ៥០% (តែបើដកខ្ញុំចេញ គឺ៥០%នៃក្រុមការងារបានទៅ ៥០%ជាប់រវល់មិនបានទៅ) ។
…ម៉េចតិចម៉្លេះណ៎… ខ្ញុំគិតក្នុងពោះនៅពេលបានដឹងចំនួនមនុស្សពិតប្រាកដដែលនឹងទៅ ព្រោះយើងប្រហែលជាកម្រមានឱកាស បានញ៉ាំបាយជុំគ្នានៅហាងម្ហូបកូរ៉េបែបនេះទៀតណាស់ ។ តែធ្វើម៉េចបើអ្នកផ្សេងៗគ្នារវល់ …តែបើយើងបានទៅជុំគ្នាទាំងអស់ច្បាស់ជាល្អមិនខាន យ៉ាងហោចណាស់យើងអាចបានរំលឹកដល់អានុស្សារីយ៍កន្លងមក …
រាល់ដងមេខ្ញុំជាអ្នកសួរនាំថាចង់ញ៉ាំអី? របៀបណា? ហើយគាត់តែងណែនាំមុខម្ហូបដែលគាត់ចង់ឲ្យយើងសាក ជាអ្វីដែលគាត់គិតថាយើងអាចញ៉ាំបាន ជាពិសេសគាត់ខ្លាចយើងមិនអាចស៊ូជាមួយរសជាតិហិរនៃម្ហូបបាន ។
នៅហាងបាយកូរ៉េលើកនេះខុសសព្វមួយដង ព្រោះមេមិនទាន់បានណែនាំមុខម្ហូបផង យើងកុំម៉ងមុនទៅហើយថាចង់ញ៉ាំអ្វី! ប្រហែលមកពីចូលច្រើនលើកច្រើនសារ ហើយជាប់ចិត្តនឹងសម្លហ្នឹងហើយបានជាពួកយើង ស្រុះស្រួលគ្នាដូចបានណាត់គ្នាជាមុនថាចង់ញ៉ាំសម្លណឹង ។ (ចាំឈ្មោះមិនបានទេ តែអាចពន្យល់រូបរាងលក្ខណៈ និង គ្រឿងផ្សំដែលមានក្នុងសម្លនោះបាន)
ចម្លែកណាស់ដែលការសន្ទនារបស់យើងពេលញ៉ាំបាយ មិនបាននឹកនាដល់ពាក្យថា “បែកគ្នា” “ឈប់បានធ្វើការជាមួយគ្នា” គ្រប់គ្នាហាក់ដូចជាព្យាយាមគេចវេសពីពាក្យទាំងនេះ ។
ការសន្ទនារបស់យើង បែរជាផ្តោតទៅលើរឿងផ្សេងៗ ដូចរាល់ដងដែលយើងមកទីនេះជាមួយគ្នា ភាគច្រើនគឺខ្ញុំ និង មេជាអ្នកនិយាយច្រើនជាងគេ ។ មេគាត់តែប្រាប់ពីរបៀបរបបនៃការញ៉ាំរបៀបកូរ៉េ នឹងលើកឡើងប្រៀបពីការធ្វើការ រវាងស្រុកខ្មែរនឹងប្រទេសគាត់ ។ ចំណែកខ្ញុំតែងតែសួរគាត់ពីរឿងនេះផងដែរ យើងក៏និយាយដល់ជីវភាពប្រចាំថ្ងៃ ដែលដូចនឹងខុសគ្នា ហើយខ្ញុំតែរអ៊ូចំអន់ប្រាប់មេថា បើសិនជាពួកខ្ញុំមកហាងកូរ៉េមិនមានមេមកជាមួយ ពួកខ្ញុំច្បាស់ជាកុំម៉ង់ម្ហូបញ៉ាំមិនបានអ្វីក្រៅពី Kim Chi តែមួយមុខគត់ដែលយើងស្គាល់ច្បាស់នោះ …
គាប់ជួននៅថ្ងៃសុក្រអាទិត្យនោះ នឹងមានក្រុមតារាចម្រៀងកូរ៉េមកសម្តែងនៅស្រុកខ្មែរ ខ្ញុំក៏សួរនាំថាមេមានបទចម្រៀងពួកគេ ឬ អត់? គេល្បីកម្រិតណាដែរ ។ ដឹងទេចម្លើយដែលបានគឺដូចរាល់ដង … មេខ្ញុំធ្វើមុខឆ្ងល់ៗ គាត់ថាគាត់មិនសូវស្គាល់ទេ … ហើយគាត់តែងឡងមកខ្ញុំវិញថា ខ្ញុំស្គាល់តារាកូរ៉េច្រើនជាងគាត់ផងមើលទៅ….
ខ្ញុំទទួលស្គាល់ថា បាយពេលល្ងាចនេះពិតជាមានន័យសម្រាប់ខ្ញុំណាស់ យ៉ាងហោចណាវាក៏ជាសក្ខីភាពបង្ហាញប្រាប់ថា ការងាររបស់ខ្ញុំដែលបានធ្វើកន្លងមក វាមិនអាក្រក់ខ្លាំងពេក ។ ព្រោះយ៉ាងហោចណាស់ក៏មេ និង មិត្រភ័ក្តរួមការងារ បានបង្ហាញថាពួកគេមិនរំខាននៅដែលធ្វើការជាមួយខ្ញុំពួកគេ ហើយមេបានទាំងហៅញ៉ាំបាយជូនទុកជាអានុស្សាវរីយ៍ថែមទៀតផង ។
ពេលនេះពួកយើងញ៉ាំឆ្អែតហើយ តែមិនទាន់ក្រោកចេញទេ ព្រោះនៅនិយាយគ្នាលេងពីនេះពីនោះ ហើយខ្ញុំក៏មិនទាន់ចង់ក្រោកដែរ ចង់និយាយគ្នាលេងបន្តទៀត ព្រោះយើងកម្រមានពេលបាននិយាយគ្នាលេងជាមួយមេដូច្នេះណាស់ បើនៅក្នុងបន្ទប់ធ្វើការវិញគឺរឹតតែយ៉ាប់ទៅទៀត ។
គ្មានពិធីជប់លៀងណាដែលថាមិនមានទីបញ្ចប់នោះទេ! មិត្តខ្ញុំម្នាក់គេសុំទៅមុនព្រោះមានណាត់បន្ត មេប្រហែលជាចង់ត្រឡប់ដែរហើយមើលទៅ គាត់ឃាត់ថាចាំទៅទាំងអស់គ្នា គាត់ដើរទៅគិតលុយឲ្យគេរួច យើងក៏នាំគ្នាចេញទៅ …
នៅមុខហាង មិត្តខ្ញុំពីរនាក់ទៀតគេបានចេញទៅផ្ទះហើយ នៅពេលនេះនៅសល់តែខ្ញុំពីរនាក់មេ មេគាត់ថាចាំអ្នកបើកឡានមកទទួល តែគាត់សួរខ្ញុំថា ជិះកាត់ផាកវ៉េមែនទេ? ព្រោះផ្ទះខ្ញុំនៅម្តុំទួលទំពូង ។ សម្រេចសម្រួលមេគាត់ឡើងជិះម៉ូតូជាមួយខ្ញុំទៅផាកវ៉េ ព្រោះមិត្តភ័ក្តគាត់ម្នាក់ទៀតកំពុងនៅទីនោះ នៅតាមផ្លូវខ្ញុំចេះតែរករឿងមកនិយាយពីនេះពីនោះជាមួយមេ រហូតដល់កន្លែងដែលត្រូវជូនគាត់ ហើយខ្ញុំក៏បន្តមកផ្ទះទៅ ។
បីថ្ងៃចុងក្រោយនៅកន្លែងធ្វើការ បានកន្លងផុតទៅយ៉ាងលឿន ស្ទើរមិនគួរឲ្យជឿខ្លួនឯង ។ ពេលវេលាដែលខ្ញុំមិនទាន់ចង់ឲ្យមកដល់ បានមកដល់ហើយ នឹងកំពុងកន្លងទៅផុតទៅសន្សឹមៗ វិនាទីនេះ កំពុងក្លាយជាអតីតកាលរបស់វិនាទីខាងមុខដែលកំពុងមកដល់ គ្មានអ្វីអាចបញ្ឈប់ពេលវេលាបានទេ ។ មានតែការចងចាំ (Memory) របស់យើងប៉ុណ្ណោះឯង ដែលអាចបង្ហាញបានថាតម្លៃរបស់បច្ចុប្បន្នកាលបាន ។
អតីតកាលមិនត្រឹមតែជាមេរៀនដ៏ប្រសើរសម្រាប់បច្ចុប្បន្ន និង អនាគតកាលប៉ុណ្ណោះទេ តែការចងចាំនូវអានុស្សារីយ៍ពីអតីតកាលប្រៀបដូចជារូបថតដែលចាស់ៗ ដែលតែងធ្វើឲ្យញញឹមជានិច្ចនៅពេលត្រឡប់មកមើលថតទាំងនោះ ពេលខ្លះនឹកខ្មាស់ខ្លួនឯង ពេលខ្លះអៀន ពេលខ្លះលួចពេញចិត្តទិដ្ឋភាពក្នុងរូបថតទាំងនោះ ។ មិនខុសពីអតីតកាលដែលមាននៅក្នុងការចងចាំរបស់យើងម្នាក់ៗទេ មានរឿងមួយចំនួនអាចធ្វើឲ្យយើងញញឹម មានរឿងខ្លះទៀតអាចធ្វើឲ្យយើងស្តាយ រឿងរ៉ាវក្នុងអតីតកាលដែលមាននៅក្នុងការចងចាំទាំងនោះហើយ ដែលជាគ្រូបង្រៀនឲ្យយើងស្គាល់រសជាតិជីវិត ។
នៅពេលនេះខ្ញុំយល់ហើយ ថាហេតុអ្វីបានជាខ្ញុំយល់សប្តិឃើញរូបថតចាស់ៗ ផ្ទះចាស់ បន្ទប់គេងចាស់ ប្រហែលមកពីមួយរយៈនេះខ្ញុំព្យាយាមចងចាំ ក៏ដូចជារំលឹកដល់ពេលវេលាល្អដែលខ្ញុំធ្លាប់មាននៅកន្លែងធ្វើការ ។ ខ្ញុំដឹងថាការងារ មិត្តភ័ក្តរួមការងារ កំពុងក្លាយជាអតីតកាលសម្រាប់ខ្ញុំ នៅពេលដែលខ្ញុំនឹកដល់ ខ្ញុំនឹងប្រើពាក្យថា “ខ្ញុំធ្លាប់ធ្វើការនៅកន្លែងហ្នឹង, ខ្ញុំធ្លាប់ធ្វើការជាមួយគេម្នាក់ហ្នឹង, ខ្ញុំធ្លាប់អង្គុយកន្លែងហ្នឹង, យើងធ្លាប់រួមការងារ ធ្លាប់ចែករំលែកបទពិសោធន៍ការងារ ធ្លាប់ដោះស្រាយបញ្ហារួមគ្នា ….”។
មានពាក្យមួយឃ្លានិយាយថា “Yesterday is gone forever. Tomorrow may never come. Only Today is yours to live in.” ព្រោះពេលវេលាមិនដែលឈប់នៅនឹងមួយកន្លែងរង់ចាំនរណាម្នាក់ឡើយ បើទោះជាផែនដីឈប់វិល ក៏ពេលវេលានៅតែដើរទៅមុខជានិច្ច ទៅដោយមិនត្រឡប់ក្រោយវិញឡើយ ។
យើងមិនអាចឃាត់ថ្ងៃស្អែកមិនឲ្យមកដល់បានទេ តែយើងអាចគ្រប់គ្រងបច្ចុប្បន្នកាលរបស់យើងបាន ហើយបច្ចុប្បន្នកាលនេះឯង ក៏កំពុងនឹងក្លាយជាអតីតកាលសម្រាប់ឲ្យយើងនឹកដល់ ។ ដូច្នេះបើយើងចង់មានស្នាមញញឹម នៅពេលដែលយើងនឹកត្រឡប់មកដល់អតីតកាល យើងគួរធ្វើបច្ចុប្បន្នកាលរបស់យើងឲ្យល្អប្រសើរបំផុតតាមដែលសមត្ថភាពមាន ។
“មិត្តភាព” ភាពស្រស់បំព្រងគ្រប់ពេលវេលា បើប្រៀបជា “ផ្កា” មិត្តភាពប្រៀបបាននឹងផ្កាដែលរីកល្អ និងមានក្លិនក្រអូប ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ប្រសិនបើយើងអាចថែររក្សាមិត្តភាពរបស់យើងឲ្យនៅល្អគង់វង្សបាន ។
“ការចងចាំរបស់ខ្ញុំជាមួយកន្លែងធ្វើការនេះ មានច្រើនបែប ៖ មានទាំងរឿងល្អ មានទាំងរឿងពិបាក តែខ្ញុំអាចចាត់ទុកបានថា ជាការចងចាំមួយដ៏ល្អសម្រាប់ខ្ញុំ ព្រោះរាល់ពេលដែលខ្ញុំនឹកដល់កន្លែងធ្វើការមួយនេះ ខ្ញុំតែនឹកដល់ពេលវេលាល្អៗដែលខ្ញុំធ្លាប់មាន នឹកដល់បទពិសោធន៍ការងារដែលខ្ញុំបានរៀនសូត្រ នឹកដល់មិត្តភាពដែលបានទទួល និង ផ្តល់ នឹកដល់បញ្ហាដែលបានជួបប្រទះ នឹកដល់បទពិសោធន៍ជីវិតដែលខ្ញុំបានឆ្លងកាត់ វាធ្វើឲ្យជំហររបស់ខ្ញុំនៅថ្ងៃនេះរឹងប៉ឹងជាងកាលពីថ្ងៃមុន វាជាការចងចាំដែលធ្វើឲ្យខ្ញុំអាចញញឹមបាននៅពេលដែលនឹកដល់វា! ” ៕
ចប់ ៚
Posted: July 4th, 2008 under [V]-Writing.
Comments: 3
Comments
Comment from sophak
Time: July 4, 2008, 8:28 pm
កាលខ្ញុំឈប់ធ្វើការក៏ខ្ញុំមានអារម្មណ៏អត់សូវសប្បាយចិត្តចឹងដែរណា។ តែសំរាប់មិត្តដែលជិតស្និតជាមួយយើង យើងតែងតែអាចជួបគ្នាបានពេលណាពួកយើងនឹកគ្នា។ សង្ឃឹងថាមិត្តភាពរបស់វី និងមិត្តដែលនៅកន្លែងធ្វើការចាស់នោះនៅតែល្អ ខណះពេលដែលវីក៏នឹងជួបមិត្តល្អថ្មីៗផ្សេងទៀតនៅឯកន្លែងការងារថ្មី។ Take care!
Comment from Posoky
Time: July 5, 2008, 1:33 am
ខ្ញុំមិនសឹងយល់ប្អូនវីមានន័យថាយ៉ាងម៉េចទេ គ្រាន់តែដឹងថានឹងឈប់ធ្វើការ ជាធម្មតាទេ ខ្ញុំមានប្រវត្តធ្វើការ ៣ក្រុមហ៊ុន មកដែរ នៅពេលបែកចេញក្រុមហ៊ុនតែងតែស្រណោះកន្លែងធ្លាប់ធ្វើការជាមួយជាពិសេស ពួកម៉ាក តែអាអ្វីដែលធ្វើអោយ ចងចាំបំផុតនោះ គឺស្នាដៃរបស់យើងចំពោះការងារ ក្នុងក្រុមហ៊ុន រូបផតអនុស្សាវរីយន៏ ជាពិសេសបន្ទប់របស់យើង ដែលធ្លាប់ធ្វើការជាមួយ។ របស់ប្រើប្រាស់ ដូចជា sim phone កៅអីអង្កុយរាប់ពាន់ថ្ងៃ ការដូការងារ កំព្យូទ័រ ។ល។
Comment from វីរិយា
Time: July 6, 2008, 1:12 pm
សុភ៍ក្រ »»» ប្រហែលមកពីខ្ញុំជួបរឿងនេះតិចដងពេក ទើបធ្វើឲ្យខ្ញុំនៅមិនទាន់ ស៊ាំនឹងវា ។ តិចទៀតទៅគិតថាលែងអីហើយ ព្រោះមានបទពិសោធន៍បន្តិចម្ដងៗ ហើយលើកនេះក៏ជាបទពិសោធន៍ដ៏ល្អដែរសម្រាប់ខ្ញុំ ។ Thank you na, you also Take care!
បងសុខគី »»» បងអានមិនសូវយល់? នេះបានន័យថាថ្មីដៃតែងសេចក្តីរបស់ខ្ញុំមិនបានរីកចម្រើនទេ បន្ទាប់ពីខ្ញុំអានរឿងមកច្រើនក្រែលដែរ… មិនអីទេ ខំអានបន្តទៀតក្រែងសរសេរ គ្រាន់បើជាងនេះ (សំខាន់សរសេរទៅមានអ្នកអានយល់) ហេហេហេ!






Write a comment