រឿងខ្លី “Memory” (3)

ភាគ ៣ … ក្រឡេលមើលប្រក្រតទិនលើជញ្ជាំង ឃើញថាជិតដាច់ខែប្រាំហើយ ‘ដាច់ខែ ៥!!! លឿនម៉្លេះ’ ‘^//^’ ‘TvT’ អឺមែនហើយ ឆាប់ណាស់ណ៎
កាលពីប្រាប់ដំណឹងគេលើកដំបូងវានៅសល់ពេលជិតបីខែឯណោះ ក្រោយពីឈប់ចូលឆ្នាំខ្មែរហើយខ្ញុំបានផ្តល់ដំណឹងឲ្យគេលើកទៅពីរ នៅពេលនោះខ្ញុំគិតថា នៅសល់ពេល0១ខែកន្លះទៀត យូរគ្រាន់បើដែរ ។
‘..អ្ហើយ!..’ គិតមកកដល់ត្រឹមនេះខ្ញុំដកដង្ហើមវែងមួយបន្ធូរភាពតានតឹងក្នុងចិត្ត ថ្ងៃនេះនៅសល់ពេលតែប្រាំថ្ងៃទៀតទេសម្រាប់ខ្ញុំ ប្រាំថ្ងៃដែលខ្ញុំមិនដឹងថាត្រូវសប្បាយចិត្ត ឬ ត្រូវអាឡោះអាល័យ មនុស្សយើងនៅពេលដែលមានអារម្មណ៍ពីរបញ្ច្រាស់ទិសដៅគ្នា តែអារម្មណ៍ទាំងពីរនោះគិតពីរឿងតែមួយក្នុងពេលតែមួយវាពិបាកខ្លាំងណាស់ ព្រោះអារម្មណ៍ទាំងពីរនោះវាវ៉ៃគ្នារហូត ឬនិយាយឲ្យស្រួលស្ដាប់គេហៅថាចិត្ត ‘ សាវា ‘ ចង់បានរបស់ពីរក្នុងពេលតែមួយ ។
១៥នាទីក្រោយមកខ្ញុំរៀបចំខ្លួនរួចរាល់សម្រាប់ការចេញដំណើរទៅធ្វើការសប្ដាហ៍ចុងក្រោយរបស់ខ្ញុំ ។ មុនចេញពីផ្ទះខ្ញុំទៅកកូរទូរទឹកកក រកចំណីទ្រាប់ពោះបន្តិច ព្រឹកនេះត្រូវតែយកចិត្តក្រពះបន្តិច ឈឺក្បាលស្រាប់ផង អត់ញ៉ាំអីទៀតនឹងច្បាស់ជាអង្គុយមិនជាប់កៅអីទេ ។ ទូរទឹកកកផ្ទះខ្ញុំយល់ចិត្តខ្ញុំណាស់ ខ្ញុំមិនសូវខកបំណងព្រោះបើកមកគ្មានរបស់ញ៉ាំទេ ម៉ាក់គាត់ត្រៀមបម្រុងមានជានិច្ច ហោចណាស់ក៏មានផ្លែប៉ោមសម្រាប់ឲ្យខ្ញុំកកេរញ៉ាំទ្រាប់ពោះមុនទៅធ្វើការដែរ ។
អេ! ព្រឹកម៉ិញម៉ាក់ដូចជាមានធ្វើម្ហូបតើហ៍ មែនហើយនៅក្នុងទូចានមានបាយឆាយដួសដាក់ចានហើយស្រេច …. បន្ទាប់ពីបន្ទាប់ពីចាត់ការបាយឆាដ៏សែនឆ្ងាញ់ (ស្នាដៃម៉ាក់ខ្ញុំ) រួចរាល់ហើយហើយ ក៏ប្រញាប់ចេញដំណើរទៅធ្វើការដូចសព្វមួយដង តែក្នុងក្បាលខ្ញុំនៅតែដិតជាប់ពាក្យថា ‘អាទិត្យចុងក្រោយហើយ ៗៗៗៗៗ ‘
ទោះជាខាងក្រៅខ្ញុំធ្វើហាក់ដូចជាមិនមានអ្វីកើតឡើង តែខ្ញុំមិនអាចកុហកចិត្តខ្លួនឯងបានឡើយថា ក្នុងចិត្តកំពុងគិតអ្វីនោះ តែខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំត្រូវគិត ។
កាលពីពេលសម្រេចចិត្តថា ឈោងចាប់យកការងារថ្មីដែលល្អជាង ខ្ញុំមិនដែលដឹងមុនសោះឡើយថា ខ្ញុំនឹងកាត់ចិត្តពីការងារប្រចាំថ្ងៃពិបាកបែបនេះសោះ ។
អាទិត្យចុងក្រោយនេះខ្ញុំត្រូវធ្វើការងារ ដែលមាននៅសេសសល់ ហើយនឹងសម្អាតឯកសារចាស់ៗ និងផ្ទាល់ខ្លួននៅក្នុង Laptop ដែលប្រើជាប្រចាំ ។
តាមពិតទៅខ្ញុំមិនទាន់ធុញទ្រាន់នឹងការងារខ្ញុំនៅឡើយ បើមានក៏តិចតួចអាចទ្រាំទ្រនិងដោះស្រាយបាននៅឡើយ ។
នឹកដល់ទម្លាប់រាល់ព្រឹកដែលត្រូវចេញមកធ្វើការ
នឹកដល់ទិដ្ឋភាពដែលធ្លាប់បានជួបជាប្រចាំអស់រយៈពេលជិតមួយឆ្នាំ
(ពិសេសជាងគេ) នឹកដល់មិត្តរួមការងារ ដែលអង្គុយធ្វើការជុំគ្នា ញ៉ាំបាយថ្ងៃត្រង់ជុំគ្នា និងញ៉ាំនំចំណីជុំគ្នា
នឹកដល់ការងារដែលធ្លាប់ទទួលខុសត្រូវ
នឹកដល់ឧបសគ្គនៅក្នុងការងារដែលធ្លាប់ជួប
នឹកដល់ Laptop ប្រើរាល់ថ្ងៃធ្វើការ
នឹកដល់តុកៅអីដែលធ្លាប់អង្គុយ
នឹកដល់អ្វីៗផ្សេងៗទៀត
‘អ្ហើយ! បានហើយនៅនឹកដល់មេឃដល់ផ្កាយណាទៀត សំកុកមួយព្រឹកហើយ’ ខ្ញុំដាល់ខ្លួនឯងឲ្យភ្ញាក់ពីអារម្មណ៍អណ្ដែតអណ្ដូងខុសម៉ោងខុសពេលរបស់ខ្ញុំ
‘ប្រញាប់ចាត់ចែងការងារវិញទៅល្អជាងអ្ហី តិចត្រូវបានគេដេញចោលមុនកំណត់សុំឈប់ … ហាហាហា អញ្ចឹងមែនខ្មាស់គេណាស់ បាក់សាច់ព្រួកៗហើយអ្ហែង’ self-motivate បន្តិចទើបបាន…
‘នេះគេហៅថា មនោសញ្ចេតនា ?’ នឹកសួរខ្លួនឯង មានពេលខ្លះខ្ញុំគិតថាខ្លួនឯងមានវាច្រើនពេក ដូចជាមិនល្អសោះ
‘ចិត្តមិនដាច់ធ្វើស្ដេចមិនបានទេ… តែញ៉ុមមិនមែនចង់ធ្វើស្ដេចឯណា…’ ចូលវគ្គសំណួរចម្លើយហើយ
‘តែគ្រាន់តែចង់ឲ្យខ្លួនឯងកុំខ្វល់ ខ្លាចក្រែង ជាប់ជំពាក់ច្រើនពេកប៉ុណ្ណឹងឯង…’ ពន្យល់ពីហេតុបន្ថែមក្រែងបានពិន្ទុច្រើនជាងនេះទៀត
‘ដល់ក៏ហើយមើលវា នៅមិនទាន់ឈប់អង្គុយបង្ហោះបង្ហើរអារម្មណ៍ទៀត ….ឈប់បានហើយ!…ធ្វើការ … ធ្វើការ… ធ្វើការ…
ដំបូងខ្ញុំព្យាយាមមិនគិតអ្វីច្រើនទេ គិតថានឹងចេញទៅស្ងាត់ៗ សំខាន់មុនចេញទៅគឺប្រឹង Clear ការងារដែលមាន ហើយបន្ដការងារទៅឲ្យអ្នកដែលនឹងចូលជំនួសឲ្យចប់រៀបរយ គឺចេញទៅដោយមិនឲ្យមានបញ្ហាប៉ះពាល់ដល់ការងារដែលយើងទទួលខុសត្រូវ ឬមិនធ្វើឲ្យការងារគេមានការរអាក់រអួលព្រោះយើង ។ អ្វីៗក៏ដូចជាដំណើរទៅមុខល្អ តាមដែលបានគ្រោងទុក ព្រោះខ្ញុំបានសុំលាឈប់បីខែមុន នៅពេលនេះខ្ញុំក៏បានផ្ទេរការងារទាំងអស់រួចរាល់ហើយដែរ ។
មកដល់កន្លែងធ្វើការ ខ្ញុំក៏តម្រង់ទៅតុធ្វើការរបស់ខ្ញុំ រៀបចំ Start Up PC ដូចសព្វដង ។ Windows កំពុងតែដំណើរការងារ Boot ស្រាប់តែមិត្តរួមក្រុមការងារម្នាក់បាននិយាយឡើងថា
“វីរិយា ថ្ងៃចន្ទទី ២៦ហើយ មិនចង់នឹកដល់សោះថា នេះជាអាទិត្យចុងក្រោយដែលយើងនឹងធ្វើការជាមួយគ្នា!” មិត្តរួមការងារខ្ញុំម្នាក់ចាប់ផ្តើមស្វាគមន៍ខ្ញុំជាមួយទឹកមុខស្រពោន
“……” ខ្ញុំគ្មានពាក្យតបទេ មានតែស្នាមញញឹមយ៉ាងស្ងួតត្រឡប់ទៅគេវិញ ។
“វីរិយា…ខ្លួនឯងគិតទៅមែនអ្ហេ? មិនស្ដាយទេអ្ហី ?” …. មិត្តម្នាក់ទៀតរាក់ទាក់បន្ថែម
“…អឺៗៗៗ….. បា…… បាទ…” ត្រឹមបានត្រឹមញញឹម ហើយគិតក្នុងចិត្តថា ‘នេះគិតលេងឲ្យខ្ញុំអួលដើមកនិយាយមិនចេញទាំងព្រឹកតែហ្មងអ្ហី ? ‘
បន្ទាប់ពីប្រយោគខ្លីរអាក់រអួលរបស់ខ្ញុំបានពោលចប់យ៉ាងសោះកក្រោះ បន្ទប់ធ្វើការរបស់យើងបានប្រែសភាពទៅជាស្ងាត់ឈឹងតែម្ដង ស្ងាត់ចម្លែកៗ ព្រោះម្នាក់មានតែស្នាមញញឺមជូនដំណើរខ្ញុំ ដែលបង្កប់ដោយមិត្តភាព លាយឡំជាមួយអារម្មណ៍សោកស្តាយដែលលែងបានធ្វើការជាមួយគ្នាទៀត ។
“មានអីត្រូវស្ដាយ!…បើបោះបង់ឱកាសម្ដងនេះចោល បានជារឿងគួរឲ្យស្តាយមែនទេវីរិយា?…” មិត្តជិតស្និតម្នាក់ អង្គុយតុជាប់ខ្ញុំបានបន្លឺសំឡេងឡើង ក៏ដូចជាដើម្បីបំបាត់ភាពស្ងប់ស្ងាត់យ៉ាងចម្លែកដែលកំពុងកើតឡើង ហើយក៏ដើម្បីផ្តល់ជាកម្លាំងចិត្ត ក៏ដូចជាធ្វើឲ្យពួកយើងឈប់គិតដល់ការបែកគ្នានោះទៀត ។
“មែនហើយ … ខ្ញុំគ្រាន់តែទៅធ្វើការកន្លែងមួយទៀតតើហ៍ មានបែកគ្នាទៅណាមិនអាចមកជួបគ្នាបានឯណា ពេលមានការអីរវល់ មានបុណ្យមានទានអីកុំតែភ្លេចខ្ញុំទៅ! មែនទេ ?!” ខ្ញុំបាននិយាយចេញនូវអ្វីដែលមាននៅក្នុងចិត្តខ្ញុំ ហើយក៏ដើម្បីឲ្យខ្លួនឯង និង មិត្តភ័ក្តបានសប្បាយចិត្តឡើងវិញ ចង់ឲ្យអាទិត្យចុងក្រោយដែលយើងធ្វើការជាមួយគ្នា មានតែការចងចាំដែលល្អ ហើយខ្ញុំនឹងចងចាំវានៅក្នុងចិត្តខ្ញុំរហូតទៅ ។
មិត្តភាពពិតជាសំខាន់មែន មនុស្សយើងពេលនៅក្នុងវ័យសិក្សាយើងចំណាយពេលស្ទើរតែពាក់កណ្តាលថ្ងៃនៅសាលារៀន ចំណាយពេលមួយភាគធំជាមួយមិត្តភ័័ក្ត ។ ហើយពេលចូលដល់វ័យធ្វើការងារ យើងចំណាយពេលមួយថ្ងៃ ៨ម៉ោងនៅកន្លែងធ្វើការ ជួបមុខអ្នកមិត្តរួមការងារច្រើនជាងជួបមុខអ្នកផ្ទះទៅទៀត ។ យើងចំណាយពេលជាងកន្លះជីវិត ជាមួយការងារ មិនថាជាប្រភេទការងារអ្វីក៏ដូចគ្នាដែរ ។ ដូច្នេះយើងមិនគួរធ្វើឲ្យមិត្តភាពរបស់យើងមានបញ្ហាល្អក់កករឡើយ ខ្ញុំយល់ថាយើងពិតជាពិបាកក្នុងការប្រើជីវិតនៅក្នុងសង្គមឲ្យមានសេចក្ដីសុខណាស់ បើចិត្តយើងបិទ មិនបើកទទួលសូម្បីតែមិត្តភាពនោះ ។
រសៀលថ្ងៃដដែលនោះដែរ ខ្ញុំត្រូវចេញទៅបញ្ជាក់ពីការសុំឈប់ពីរការងារឲ្យថ្នាក់លើជ្រាបម្ដងទៀត ។ ខ្ញុំជិះម៉ូតូទៅជាមួយមិត្តរួមការងារម្នាក់ មិត្តម្នាក់នេះចូលធ្វើការងារគម្រោងនេះនៅថ្ងៃតែមួយជាមួយគ្នា និងធ្វើការងារផ្នែកជាមួយគ្នាថែមទៀតផង ។
តាំងតែពីអាទិត្យមុនម៉្លេះដែលមិត្តម្នាក់នេះ រអ៊ូរតិចៗ(ល្មមឲ្យខ្ញុំបានឮ) ថាគេដូចជាមិនទម្លាប់សោះ មនុស្សធ្លាប់ធ្វើការជាមួយគ្នា ឃើញមុខគ្នារាល់ថ្ងៃ សុខៗស្រាប់តែលែងបានឃើញ ហើយពេលមានបញ្ហាមិនដឹងជាទៅពិភាក្សាជាមួយអ្នកណាទេ “…” ដល់អញ្ចឹងខ្ញុំនិយាយមិនចេញដែរ បានត្រឹមតែញញឹមហើយបន្លប់ប្ដូរប្រធានបទនៃការសន្ទនាផ្សេងវិញទៅ ។
ខ្ញុំចង់តែសួរទៅគេថា “មានកម្មវិធីជប់លៀងណាដែលមិនបញ្ចប់ទេ ? មានបើកតែងតែមានបិទ មានជួបក៏ត្រូវតែមានបែកអញ្ចឹងហើយ បើមិនជួបបានវាមិនបែក” គ្រាន់តែចង់ តែមិនបានសួរទេ មិនដឹងពីមួលហេតុអ្វីដែរ ប្រហែលជាមិនទាន់ដល់ពេលទេដឹង …
ពេលនេះមានឱកាសបានជិះម៉ូតូជាមួយគ្នា ៖
“អាទិត្យចុងក្រោយហើយ កូនគេជិតបានទៅ កន្លែងថ្មីល្អជាងកន្លែងចាស់ គេជិតភ្លេចយើងហើយ…” មិត្តខ្ញុំគេរអ៊ូឌឺពីក្រោយខ្នងខ្ញុំដែលជាអ្នកបើកម៉ូតូ
នេះគេគិតឲ្យខ្ញុំប្ដូរចិត្ត ឬយ៉ាងម៉េចហ្នឹង? នឹកចង់ខឹងដែរ តែខឹងទៅមិនរួចទេ ព្រោះបើគេមិនចូលចិត្ត បើគេមិនយល់ថាយើងជាមិត្ត ក៏គេប្រហែលជាមិនស្ដាយយើង ដូច្នេះមានតែសប្បាយចិត្តទៅវិញទេ ដែលការចាកចេញរបស់យើង សមដូចអ្វីដែលម៉ាក់តែងអប់រំប្រដៅតាំងពីតូចៗមកថា (”ធ្វើអ្វីក៏ដោយត្រូវធ្វើឲ្យល្អ កុំឲ្យគេគិតថា ទុកក៏មិនចំណេញដកចេញក៏មិនខាត … នៅពេលដែលគ្មានយើ ត្រូវឲ្យគេនឹកអាល័យ កុំឲ្យគេជេរជូនដំណើរ”) ។
ខ្ញុំតបទៅគេវិញក្នុងលក្ខណៈមិត្តជិតស្និតថា “នេះគ្រប់គ្នាមកធ្វើសួរខ្ញុំថា ម៉េចបានជាមុខស្អុយម៉្លេះថ្ងៃនេះ? … មិនឲ្យស្អុយម៉េចបើឈានជើងចូលកន្លែងភ្លាមលេងស្វាមគន៍បែបចង់យំអញ្ចឹង… មេយើងក៏អញ្ចឹង សួរឲ្យរាល់តែអាទិត្យ សួរដដែលៗថា ‘Are you sure Virya?, you will leave at the end of this months? Ai… problem u …. Blablabla (ស្តាប់មិនបានរអ៊ូរជាភាសាគាត់)’ ព្រឹកម៉ិញនេះអញ្ចឹងទៀតហើយ គាត់សួរខ្ញុំ ‘Are you sure? 5 more days left….Ha’ ….. នេះគិតថាវារឿងលេងសើចអ្ហី ? ហើយមួយៗធើចឹង ខ្ញុំចេញទៅដូចមិនសប្បាយចិត្តសោះ” ខ្ញុំតបទៅគេបែបខឹងតិចៗ
“មិនចង់ឲ្យចេញនោះគឺមិនចង់ហើយ តែមិនអាចឃាត់បានទេ ព្រោះវាជាឱកាសល្អសម្រាប់វីរិយាឯង គ្រាន់តែស្ដាយហើយនិយាយទៅណា មេក៏ប្រហែលជាអញ្ចឹងដែរហើយ កូនចៅសំណព្វចិត្តគាត់ចេញ គាត់ច្បាស់ជាមិនចង់ឲ្យចេញហើយ” មិត្តខ្ញុំគេតបមកវិញ
“អ្ហើយ! បានហើយ, មិនដឹងជាសំណព្វចិត្ត សំណព្វប៉ែតស្អីទេ ធ្វើការដូចតែគ្នាសោះហ្នឹង បែងចែកអីខ្លាំងម៉្លេះ….” ខ្ញុំតវ៉ាភ្លាមៗ ព្យាយាមមិនគិតច្រើន ព្រោះដើរមកដល់ដំណាក់កាលនេះហើយ មានតែទៅមុខទេ បែរក្រោយមិនរួចឈប់នៅមួយកន្លែងក៏មិនបាន វាជាអ្វីដែលខ្ញុំសម្រេចចិត្តរួចហើយ ទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែទទួលយកវាឲ្យបានដែរ ហ៊ានធ្វើហ៊ានទទួល ។
នឹកដល់មេក្រុមការងារខ្ញុំម្នាក់នេះ ខ្ញុំក៏ស្ដាយគាត់ដែរ ព្រោះការងារកំពុងតែរលូន ហើយយើងក៏ធ្វើការជាមួយគ្នាស៊ីសង្វាក់ល្អហួសពីរការស្មានទៅទៀត ។
ថ្ងៃដំបូងខ្ញុំទទួលស្គាល់ថា ខ្ញុំស្តាប់ភាសាអង់គ្លេសរបស់គាត់មិនបានសោះឡើយ ស្តាប់ឡើងជិតស្រឡេវត្រចៀក ។ ខ្ញុំគិតថាបែបមកពីភាសាអង់គ្លេសខ្ញុំយ៉ាប់ខ្លាំងណាស់ហើយបានជានិយាយស្ដាប់មិនបានសោះអញ្ចឹង ។
តែពីរខែក្រោយមក អ្វីៗបានប្រសើរឡើង ទំនាក់ទំនងរវាងខ្ញុំនឹងគាត់នៅក្នុងការងារប្រសើរជាមុនច្រើនណាស់ ។ បានប្រហែលកន្លះឆ្នាំ រឹតតែប្រសើរហួសការស្មាន ដោយការភាពស្និតស្នាល ការជឿទុកចិត្តដែលគាត់មានចំពោះខ្ញុំ ធ្វើឲ្យខ្ញុំមានសេចក្ដីសុខពេលកន្លែងធ្វើការ ។
ទោះជាមានបញ្ហា មានឧបសគ្គជាហូរហែរនៅក្នុងការងារ ក៏វាមិនបណ្ដាលឲ្យខ្ញុំធុញទ្រាន់ហ្នឹងគាត់ដែរ ព្រោះវាជារឿងធម្មតា ការងារតែងមានបញ្ហា ដែលត្រូវជួប ត្រូវនឹងសោះស្រាយ ។
អ្វីដែលប្លែកនោះគឺនៅថ្ងៃដំបូងដែលខ្ញុំសម្រេចចិត្តប្រាប់គាត់ថា ខ្ញុំនឹងលាឈប់ពីការងារនោះឯង គាត់បានប្រែទឹកមុខ មិនរីករាយ មិនលេងសើច មិនស្រស់ស្រាយដួចមុន ។ ពេលហ្នឹងធ្វើឲ្យខ្ញុំស្ទើរតែប្ដូរចិត្តទៅហើយ ខ្ញុំគិតថាខ្ញុំកំពុងសាងបញ្ហា ធ្វើឲ្យការងារមានការរអាក់រអួលទេដឹង ។
ក្រោយពីបានពន្យល់ពីមូលហេតុដែលខ្ញុំសម្រេចចិត្តប្ដូរការងារ មេខ្ញុំគាត់យល់ហើយគាត់ក៏លែងសម្ដែងចេញនូវការមិនពេញចិត្តដូចមុន ធ្វើឲ្យខ្ញុំធូរចិត្តជាងមុនបន្តិច ទោះជាគាត់នៅតែសួរបញ្ជាក់ខ្ញុំដដែលៗក៏ដោយពីរការសម្រេចចិត្តរបស់ខ្ញុំ ។
រសៀលនេះមិនមានអ្វីធ្វើទេ មានលែងទម្លាក់ការងារឲ្យខ្ញុំទៀតហើយ ខ្ញុំមានតែរៀបចំ Back up ឯកសារទាំងដាក់ក្នុង Server ហើយធ្វើការសម្អាតការងារសេះសស់ឲ្យចប់រួចរាល់ហ្នឹងឯង ។
ប្រហែលកន្លះម៉ោងក្រោយមក មេហៅមិត្តភ័ក្តខ្ញុំពីរនាក់ចេញក្រៅ ខ្ញុំងើយមើលពួកគេ ក្នុងចិត្តនឹកតូចចិត្តឡើងភ្លាមថា
‘នេះយើងមិនទាន់ចេញទៅស្រួលបួលផង ធ្វើអីគេលែងប្រាប់ឯងហើយ ចង់តែឈប់ពីពេលឥឡូវភ្លាមតាម៉្មងទេ ធុញណាស់អង្គុយធ្វើការអត់មានអីធ្វើដដែល…’
… គិតច្រើនម៉្លេះណ៎ខ្ញុំ គេប្រើច្រើនធុញគេ គេមិនប្រើក៏មិនសប្បាយចិត្ត យ៉ាប់ម៉្លេះអានេះ រឿងច្រើនមែនវ៉ី ចង់ឲ្យគេដាក់ការងារ? តិចថាធ្វើមិនចប់ឲ្យគេ តិចថាពិបាកខ្លួន … ខ្ញុំអើយខ្ញុំម៉េចក៏ពិបាកផ្គាប់ម៉្លេះ (មិនយល់ចិត្តខ្លួនឯងដែរ មិនដឹងជាធ្វើម៉េចឲ្យឈប់មានអាគំនិតឡប់ៗអញ្ចឹងទៀត ផ្គាប់មិនចេះត្រូវចិត្ត រឿងច្រើននោះច្រើន ដឹងហើយថាអាការៈគិតបែបកូនក្មេង យកតែចិត្តខ្លួនឯងបែបនេះវាមិនល្អ ដឹងហើយថា គួរតែប្ដូរផ្លាស់ចរិតនេះចេញ តែនៅតែធ្វើមិនបាន ឬជាសន្តាន? ហើយបើនៅតែធ្វើចរិកដូចក្មេងអញ្ចឹង តើហ៍មានអ្នកណាគេនឹងទ្រាំទ្រប្រើជីវិតគូជាមួយបានទៅលោកម្ចាស់ ? តិចបាននៅម្នាក់ឯងដូច…ថាមែនទៅ) ។
មួយសន្ទុះក្រោយមក មិត្តភ័ក្តទាំងពីរនាក់ដែលមេហៅទៅនិយាយខាងក្រៅបានដើរចូលមកក្នុងបន្ទប់វិញ ។
“មេប្រាប់ថា … “ …នៅមានត…
Posted: June 30th, 2008 under [V]-Writing.
Comments: 4
Comments
Comment from sophak
Time: July 2, 2008, 6:05 pm
ប្រាប់ថាម៉េច? សូមមេត្តាផុសសាច់រឿងបន្ត ព្រោះមានអ្នកឃ្លានចង់ដឹង ![]()
Comment from បណ្ឌិត
Time: July 3, 2008, 9:38 am
បងកាលចប់?? ញ៉ុមចង់អឺអើសតិចបង….អានរឿងបងចង់ក្តៀនអាម៉េចទេញ៉ុម ហេហេហេហេ…. ![]()
Comment from វីរិយា
Time: July 3, 2008, 11:07 am
ល្ងាចណឹងចាំទៅដល់ផ្ទះចាំដាក់ភាពបញ្ចប់ឲ្យអាន!
មិនស្រួលទេមានទាំងអង្វរ (មេត្តា) មានទាំងឃ្លាន មានទាំងក្ឌៀន!
Pingback from VPhotO » រឿងខ្លី “Memory” (តចប់)
Time: July 4, 2008, 12:04 am
[...] រឿងខ្លី Memory (3) [...]






Write a comment