រឿងខ្លី “Memory…”
យូរៗទើបឮសូរសំឡេង ឡាន ម៉ូតូ បើកកាត់ខាងមុខផ្សារម្ដង ស្ងាត់ម៉្លេះថ្ងៃនេះ មនុស្សម្នាក៏មិនសូវកុះករដូចសព្វដង ។ ផ្សារទួលទំពូងនៅម៉ោងថ្មើនេះមិនដែលស្ងាត់អញ្ចឹងទេ កម្រឃើញសភាពបែបនេះណាស់ បើមានក៏ទាល់តែថ្ងៃចូលឆ្នាំចិន ឬ ខ្មែរ ដែលផ្សារបិទទ្វារ ហើយនៅតាមផ្លូវមិនសូវមានមនុស្សធ្វើដំណើរ ។ អ្ហេះ! នេះខែ៥តើហ៍ចូលឆ្នាំខ្មែរទើបរួចហ្នឹង ផ្សារក៏មិនបានបិទ មានរឿងអីកើតឡើងហ្នឹង មានបុណ្យជាតិថ្មីដែលខ្ញុំមិនបានដឹង? មិនទំនងទេព្រោះអារឿងថ្ងៃឈប់ថ្ងៃបុណ្យនេះខ្ញុំមិនដែលឲ្យរំលងបានងាយទេ ឲ្យតែដើមខែខ្ញុំពិនិត្យមើលប្រតិទិនលើតុការងារខ្ញុំរួចជាស្រេច ថាមានថ្ងៃឈប់ប៉ុន្មានថ្ងៃ? ថ្ងៃណាខ្លះ? បុណ្យអី?
‘ឈឺក្បាលម៉េះថ្ងៃនេះ’ … ខ្ញុំរអ៊ូរក្នុងពោះម្នាក់ឯង ប្រហែលមកពីខ្ញុំខំរកនឹកថ្ងៃបុណ្យ ហើយនឹកមិនចេញទេដឹង បានឈឺក្បាលអញ្ចឹង ។ គិតទៅផ្ទះបើកប្រក្រតិទិនមើលសិន បុណ្យអីថ្ងៃនេះ! កំពុងតែងាកខ្លួនថានឹកដើរមកផ្ទះ ក៏ស្រាប់តែឃើញថាពេលនេះខ្ញុំកំពុងឈរនៅខាងមុខផ្ទះចាស់ខ្ញុំតើហ៍ ឧស្សាហ៍ជិះកាត់ហ្នឹងដែរ តែមិនបានចាប់អារម្មណ៍ថា សភាពផ្ទះបានប្រែប្រួលច្រើនដល់ថ្នាក់នេះសោះ អ្នកជួលផ្ទះនេះគេជួលផ្ទះយកទុកចោលធ្វើអីគេ ឃើញគាត់មកបង់លុយរាល់តែខែតើហ៍ ម៉េចបានជាសភាពផ្ទះដូចត្រូវបានគេបោះបង់ចោលរាប់ឆ្នាំអញ្ចឹង?
ខ្ញុំឈរនៅត្រើយម្ខាងថ្នល់ទល់មុខផ្ទះចាស់ខ្ញុំ ហើយបន្ទប់មុខគេជាន់ទីមួយដែលមើលពីក្រៅឃើញ ជាបន្ទប់គេងច
ាស់ខ្ញុំតើហ៍ កញ្ចក់បង្អួចបែករបើកមើលឃើញខាងក្នុងច្បាស់ចែស ។ ពីដានឈើស្រល់ ក៏បាត់បង់សភាពដើមអស់រលីង ពីមុនវាមានពណ៌ខ្លឹមខ្នុរ និងមានក្រយៅឈើស្អាតណាស់ ពេលនេះវាត្រូវបានធូលី និងសំបុកពីងពាងរុំជិតអស់ ពីដាននេះខ្ញុំធ្លាប់គេងមើលវាជាង១០ឆ្នាំរាល់ដងមុនពេលគេង ឥឡូវមានផ្ទាំងខ្លះបានបាក់ជ្រុះរខេករខាកប្រហោងដុំៗមើលឆ្លុះដល់ធ្នឹមដំបូល ។





