My New Year’s activities…(2)
ថ្ងៃទី២ …
បន្តពីថ្ងៃចូលឆ្នាំទី១ … ជាទម្លាប់របស់ពូខ្ញុំ ឬ យ៉ាងម៉េចទេ ព្រោះជារាងរាល់ពេលចូលឆ្នាំប្រពៃណីជាតិ គាត់តែងទៅវត្តមួយហ្នឹងជាមិនសូវដែលបានអាក់ខានទេ ។ វត្តដែលខ្ញុំកំពុងនិយាយដល់នោះគឺវត្ត វិហារសួគ៌ ស្ថិតនៅក្នុងខែត្រកណ្ដាល ប្រហែលជាស្រុកមុខកំពូលបើខ្ញុំស្មានមិនខុស (ហេហេហេ មិនដែលចាប់អារម្មណ៍អំពីទីតាំងវត្ត ដឹងតែផ្លូវទៅ) ។
ដោយសារចម្ងាយផ្លូវ និង ស្ថានការណ៍របស់ផ្លូវមិនសូវជាអំណោយផល យើងសម្រេចគ្នាចេញដំណើរពីព្រលឹមបន្តិច ។ ប្រហែលម៉ោង ៧កន្លះទើប ខ្ញុំនឹងបងប្រុសបានចេញពីផ្ទះរួច (ថ្ងៃនេះល្បងខ្ញុំទៅជាមួយដែរ) ។ តែសភាពផ្លូវពិតជាមិនស្រួលដូចបានគិតទុកមិនខុសមែន ឧបសគ្គចម្បងសម្រាប់ការធ្វើដំណើរទៅវត្តវិហារសួគ៌ គឺកំពង់ចម្លង ។ ដើម្បីទៅដល់វត្តបាន យើងត្រូវឆ្លងទន្លេមេគង្គ ម្ដុំស្រុកមុខកំពូលលើកំណាត់ផ្លូវជាតិលេខ៦អា ។ កំពង់ចម្លងដែលឆ្លងទៅចំផ្លូវទៅវត្តតែម្ដងនោះ គឺកំពង់ចម្លង ស្វាយអាត់ និង កំពង់ចម្លងព្រែកតាមាក់ យើងក៏អាចឆ្លងតាមទូកដរក្បែរៗនោះផងដែរ ។ តែថ្ងៃនោះបំណងដែលប៉ងរបស់ខ្ញុំ ត្រូវបានខកខានម្ដងទៀតហើយ ព្រោះកំពង់ចម្លងណែនសឹងគ្រប់កន្លែង ស្ទះពីចម្ងាយមិនអាចចូលទៅកៀកក្បែរផង ។ ក្បូនរថយន្តក្រុមគ្រួសារខ្ញុំ សម្រេចប្ដូរទិសដៅទៅកន្លែងផ្សេងវិញ ព្រោះមិនចង់ខាតពេលវេលាជាមួយការឆ្លងសាឡាង ។ មានតែឡានក្រុមគ្រួសារពូខ្ញុំទេ ដែលតស៊ូឆ្លងទៅបាន ដោយវីរិយឧស្សាហៈភាពរបស់គាត់(លេងពាក្យបន្តិចព្រោះមានឈ្មោះរបស់ខ្ញុំនៅក្នុងនោះដែរ «វីរិយ» ប្រែថា សេចក្ដីព្យាយាម នៅ ពេលបូកជាមួយ «ឧស្សាហៈ» ប្រែថា ការប្រឹងប្រែងព្យាយាម ) ។
ក្រុមដែលដកថយព្រោះខ្លាចស្ទះសាឡាង មានចំនួន៣រថយន្ត មនុស្សចំនួន ១៤នាក់ បានបន្តដំណើរលើកំណាត់ផ្លូវជាតិ ៦អា ឆ្ពោះទៅកំពុងចាម ។ មិនទាន់ដល់ថ្នល់បំបែកជិតបាធាយផង យើងសម្រេចគ្នាថាទៅស្រុកភូមិមួយ ដែលពួកយើងមិនធ្លាប់បានទៅពីមុនមកសោះ គឺ រកាកោង ។ យើងទៅដល់វត្តមួយតាម ក្បែរផ្លូវបំបែកពីផ្លូវជាតិ ៦អា ទៅរកាកោង វត្តនេះមានឈ្មោះថា វត្តកែវមណីជោតិ ។
បន្ទាប់ពីចូលប្រគេនដាក់បាត និង ប្រគេនចង្ហាន់ព្រះសង្ឃរួចរាល់ហើយ យើងបន្តដំណើរទៅមុខទៀតដោយគ្មានទិសដៅច្បាស់លាស់ ។ ជិះយូរៗទៅ កុង ខ្ញុំថាគិតជិះឲ្យដល់ទីរួមខែត្រកំពង់ចាមតែម្ដងទៅ ព្រោះតាមគាត់ដឹងតាមផ្លូវនេះក៏អាចនាំឲ្យទៅដល់ទីរួមខែត្របានដែរ ។ ធ្វើដំណើរបានប្រហែល ១ម៉ោង សភាពផ្លូវហាក់មិនអំណោយផលដល់ការធ្វើដំណើររបស់យើងសោះ ។ ផ្លូវលំគ្រួសក្រហមហាក់មានសភាពដុនដាបបន្តិចម្ដងៗ យើងក៏ចុះសាកសួរសភាពផ្លូវទៅខាងមុខទៀតពីសំណាក់អ្នកស្រុក ។ អុំប្រុសម្នាក់បានឲ្យដំណឹងយើងថា ផ្លូវលំនេះមានសភាពរខេករខាកបែបនេះរហូតដល់ទីរួមខែត្រតែម្ដង ហើយចម្ងាយផ្លូវដែលនៅសល់ទម្រាំដល់ទីរួមខែត្រ គឺជាង៥០គីឡូម៉ែត្រទៀតឯណោះ ។

គ្រាន់តែទទួលបានចម្លើយភ្លាម យើងសម្រេចចិត្ត លុបចោលកម្មវិធីទៅទីរួមខែត្រកំពង់ចាមតាមផ្លូវថ្មីនេះចោលភ្លាម (ខកបំណងម្ដងទៀតហើយបងប្អូន ហេហេហេ) ។ សម្រេចសម្រួល យើងបែរក្បួនត្រឡប់ក្បាលមកផ្ទះវិញ តែមុនទៅដល់ផ្ទះយើងក៏ឆៀងចូលញ៉ាំបាយថ្ងៃត្រង់នៅភោជនីយដ្ឋានមួយម្ដុំជ្រោយចង្វា ។
ខាងក្រោមនេះជារូបភាពវត្តកែវមណីជោតិ ខ្ញុំថតយកមកផ្ញើប្រិយមិត្ត VphotO ទស្សនាកម្សាន្ត ៖

ទិដ្ឋភាពព្រះវិហារមើលពីចំហៀង

មានរាប់បាតព្រះសង្ឃជុំវិញព្រះវិហារទៀតផង

ខ្លោងទ្វារព្រះវិហារ ដែលមានសរសេរឈ្មោះវត្ត កុំអីខ្ញុំចាំឈ្មោះវត្តនេះមិនបានទេ ។
*** សុំបន្ថែមបន្តិច នៅចំហៀងវត្តម្ខាងទៀតគឺទន្លេមេគង្គ ហើយបើឆ្លងទៅត្រើយខាងនោះមានឆ្នេរខ្សាច់ធំគ្រាន់បើ បើអ្នកចូលចិត្តលេងទឹកប្រហែលអាចយកកន្លែងនេះធ្វើជារមណីយដ្ឋានសម្រាកលម្ហែបាន ។ (ខ្ញុំមិនបានថតរូបមកផ្ញើភ្លេចឲ្យឈឹង)
ចូលមកដល់ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ ខ្ញុំបានចេញដំណើរជាទៅស្វាយរៀងជាមួយ ក្រុមបងប្អូនសាច់ញាតិដូចកាលថ្ងៃទី១ដែរ គឺម៉ាក់ និង បងប្រុសខ្ញុំមិនទៅជាមួយ ។ គោលបំណងចម្បងរបស់យើងគឺ ទៅទិញទំនិញ រួចពន្ធ នៅឯបាវិត ព្រោះអ្នកផ្ទះខ្ញុំគេធ្លាប់បានទៅម្ដងហើយកាលពីប៉ុន្មានអាទិត្យមុនចូលឆ្នាំ ។
យើងចំណាយពេលប្រហែល ២ម៉ោងបន្តិចបន្តួច សម្រាប់ការធ្វើដំណើរពីភ្នំពេញ ទៅ បាវិត ។ ព្រោះតែមានបទពិសោធន៍រឿងស្ទះសាឡាង ទើបយើងសម្រេចគ្នាថានឹងចេញដំណើរព្រឹកបន្តិច គឺម៉ោង៦កន្លះ ។ មកដល់ផ្សារគគីរប្រហែលម៉ោង ៧ព្រឹកយើងឆៀងចូលស្រស់ស្រូបអាហារពេលព្រឹកនៅហាងគុយទាវមួយកន្លែង ដោយចំណាយពេលប្រហែល ៣០នាទី ។ ធ្វើដំណើរភ្លេចខ្លួនមួយភ្នែកសោះ យើងក៏មកដល់កំពង់ចម្លងអ្នកលឿង ផ្លូវពីផ្សារគគីរមកអ្នកលឿងឥឡូវធ្វើថ្មីជិតសម្រេចបាន ១០០%ហើយ ទើបធ្វើឲ្យការធ្វើដំណើររបស់យើងលឿនហួសការគ្រោងទុក ។
ខ្ញុំចុះទិញសំបុត្រសាឡាងសម្រាប់ឡានពីរ ដោយឡានមួយត្រូវចំណាយ ៨៥០០៛ តែអ្នកលក់គាត់ថាថ្ងៃចូលឆ្នាំអញ្ចឹងគាត់សុំឡើងថ្លៃ ១០០០៛ (សុំត្រង់ៗអញ្ចឹងមានអ្នកណាគេទៅថាអី ឲ្យតែមានលទ្ធភាពអាចឲ្យបាន ខ្ញុំមិនសាំញ៉ាំទេ) ។ ចំណាយពេលរង់ចាំមិនដល់ ១៥នាទីផងយើងក៏បានឆ្លងសាឡាងទៅត្រើយម្ខាងទន្លេមេគង្គ ។ បន្តដំណើរប្រហែលមួយម៉ោង ក៏ដល់ព្រំដែនខ្មែរវៀតណាម ប្លែកណាស់ខានទៅយូរហើយបងប្អូនអើយ ។ អគារថ្មីៗធំៗដុះដូចផ្សិត ក្រឡេកក្នុងអគារទាំងនោះក្នុងទឹកខ្មែរយើង ៩០% ជាបនកាស៊ីណូទាំងអស់ ។ នៅខាងមុខបន្តិចគឺប៉ុស្តិ៍សម្រាប់នគរបាលអន្តោប្រវេសន៍ធ្វើត្រួតពិនិត្យលិខិតឆ្លងដែន ទាំងខាងខ្មែរ ទាំងខាងវៀតណាម សង់ថ្មីស្អាតៗដូចគ្នា ។ មិនបង្អង់យូរក្បួនរថយន្តទាំងពីរគ្រឿងរបស់គ្រួសារខ្ញុំក៏ចុះសុំប៉ុស្តិ៍ខាងខ្មែរយើងដើម្បីឆ្លងទៅលេងផ្សារខាងវៀតណាម នគរបាលគាត់ក៏ចិត្តល្អមិនសួរនាំអីច្រើនទេ គាត់ក៏ឲ្យឆ្លងបានទាំងឡានទាំងមនុស្សតែម្ដង ។

នៅជាប់ព្រំដែនខាងខ្មែរយើងមានកាស៊ីណូច្រើនជាង១០កន្លែង តែខាងវៀតណាមគេមានផ្សារលក់ទំនិញរួចពន្ធ២កន្លែងយ៉ាងធំស្កឹមស្កៃ ។ ដែលហាងមួយនោះមានលក់លក្ខណៈជាម្ចាស់ស្តង់រៀងៗខ្លួន តែនៅមិនទាន់មានអ្នកមកលក់ពេញនៅឡើយ ក្នុងហាងនេះគួរឲ្យចាប់អារម្មណ៍ត្រង់ការលម្អហាងដោយប្រើដើមត្នោត ខ្មែរយើងមិនតិចអ្នកទេ ដែរបានទៅដល់ហើយទាក់ចិត្តគិតវែងគិតខ្លីរឿងនេះ! ហេហេហេ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ ។ រីឯហាងមួយទៀតគឺឈ្មោះ Hyper mark Duty Free គេលក់ទំនិញគ្រឿងឧបភោគបរិភោគលក្ខណៈដូចផ្សារទំនើប (Super market) អ្វីដែលគួរទាក់ទាញនោះគឺប្រភេទទំនិញភាគច្រើន ជាទំនិញនាំចូលពីអាមេរិក ហើយតម្លៃទាបគួរជាទីទាក់ទាញផងដែរ (ទំនិញរួចពន្ធ) ។ ក្រោយពេលចំណាយពេលក្នុងហាង Hyper mark ប្រហែល២ម៉ោង យើងក៏ត្រឡប់មកភ្នំពេញវិញ ។ ចំណាយពេលប្រហែល២ម៉ោងក៏មកដល់វិញយ៉ាងសុវត្ថិភាព ។

ផ្សារខាងវៀតណាមតែមិនទាន់បើកលក់គ្រប់តូប!
Posted: April 23rd, 2008 under [V]-this-&-that.
Comments: 13





