ដី​ខ្មែរ ស្រុក​ខ្មែរ “Cambodia Dreams”

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧​ ខែ​មីនា​ ឆ្នាំ​២០០៨​ កន្លង​ទៅ​ថ្មី​នេះ នៅ​សាល​មហោស្រព​ចតុ​មុខ​បាន​ធ្វើ​ប្រារព្ធ​ពិធី​សម្ពោធ​ភាព​យន្ត​ឯកសារ​ជីវិត ​ពិត​មួយ​រឿង​ក្រោម​អធិបតីភាព​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន និង​ មាន​ការ​ចូល​រួម​ពី​សំណាក់​ផលិតករ​ អង្គទូត​នានា និង ភ្ញៀវ​កិត្តិយស​ជាតិ​ និង អន្តរជាតិ​ជា​ច្រើន​រូប​ទៀត ។

ភាព​យន្ត​ឯកសារ​នេះ​ បាន​រៀប​រាប់​អំពី​ជីវិត​ក្រុម​គ្រួសារ​ខ្មែរ​មួយ​គ្រួសារ ក្រោយ​របប​បង្ហួរ​ឈាម​ខ្មែរ​គ្នា​ឯង ត្រូវ​បាន​បញ្ចប់ ។ គ្រួ​សារ​មួយ​នេះ​គឺ​គ្រួសារ​របស់​លោក​យាយ ឆេង​ យ៉ាន គ្រួសារ​គាត់​ត្រូវ​បាន​បែក​គ្នា​ ដោយ​មួយ​ផ្នែក​គឺ​ធ្វើ​ការ​ភៀសខ្លួន​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ហើយ​មួយ​ផ្នែក​ទៀត​គឺ​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ ។ ភាព​យន្ត​ឯកសារ​​ជីវិត​ពិត​នេះ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ អំពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ផ្នែក​ទាំង​ពីរ​នៃ​គ្រួសារ​ខាង​លើ ។

ផ្នែក ​មួយ​បាន​បង្ហាញ​ពី​ទុក​លំបាក​របស់​ជនភៀសខ្លួន​ ដែល​រស់​នៅ​ប្រមូល​ផ្ដុំ​គ្នា​ន​មួយ​កន្លែង មិន​អាច​ចេញ​ទៅ​ណា​ឆ្ងាយ​បាន​ទេ អ្វី​ដែល​គាត់​ធ្វើ​ប្រចាំ​ថ្ងៃ​នោះ​គឺ​ រង់​ចាំ​ដំណឹង​ថា​មាន​អ្នក​ធានា​ចេញ​ទៅ​ក្រៅ​ប្រទេស ក្រៅ​អំពី​នោះ​ពួក​គាត់​រង់ចាំ​តែ​ទៅ​ហើយ​របប​អាហារ​ សម្ភារៈ​ប្រើប្រាស់​ដែល​​អង្គការ​សប្បុរស​នានា​គេ​ផ្ដល់​ឲ្យ​តាម​រយៈ​ថៃ ។ យាយ​ ឆេង​ យ៉ាន​ បាន​ធ្វើ​ការ​ពិពណ៌នា​ពី​ទុក្ខ​លំបាក និង​ កង្វល់​ក្នុង​ចិត្ត​របស់​គាត់​ គាត់​ប្រៀប​ធៀប​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ជំរំ​នោះ​ហាក់​ ដូច​ជា​សត្វ​ដែល​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ។ រស់​នៅ​ដោយ​គ្មាន​សេរីភាព មិន​ចេះ​ប្រឹង​ប្រែង​ដើម្បី​រស់ មួយ​ថ្ងៃ​មួយ​ថ្ងៃ​ហា​មាត់​ចាំ​តែ​ឲ្យ​គេ​ដាក់​ចំណី​ឲ្យ​ស៊ី នៅ​រស់​នៅ​តែ​របៀប​នេះ​ក្មេង​ជំនាន់​ក្រោយ​ដែល​នៅ​ក្នុង​ជំរំ ច្បាស់​ជា​ជួប​ប្រទះ​ផលវិបាក​ជា​ពុំ​ខាន នៅ​ពេល​ដែល​ពូក​គេ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​មាតុភូមិ​វិញ ពូក​គេ​ច្បាស់​ជា​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ជីវិត​រស់​ទេ [...]