រឿង​ខ្លី​សម្រាប់​ថ្ងៃ​នេះ «ប៉ះមួយ​ថែម​មួយ!»

មាន​រឿង​ខ្លី​មិន​សូវ​សំខាន់​មក​ប្រាប់​គ្នា​យើង បញ្ជាក់​បន្តិច​ថា​មិន​សូវ​សំខាន់ តែ​អាន​ហើយ​វា​មិន​ធ្វើ​ឲ្យ​យើង​ឈឺ​ទេ វា​ប្រហែល​ជា​អាច​ឲ្យ​យើង​ធូរ​ស្រាល​អារម្មណ៍​ ឬ ញញឹម​ចេញ​តិច​ៗ​​ក៏​ថា​បាន ។
ជិះ​ជិត​ដល់​កន្លែង​ធ្វើ​ការ​ទៅ​ហើយ នៅ​សល់​ប្រហែល ៣​០​០​ម៉ែត្រ​ ទៀត​ប៉ុណ្ណោះ​ ម៉ូតូ​ខ្ញុំ​ផ្ដល់​សញ្ញា​ប្រាប់​កង់​ក្រោយ​ធូរ​ខ្លាំង​ហើយ ។ សំណាង​ដែរ​នៅ​ឆ្ងាយ​ពី​នោះ​ប្រហែល​១​០​ម៉ែត្រ​ដល់​​កន្លែង​សប់​កង់​ល្មម ខ្ញុំ​ប្រើ​វិធី​សាស្ត្រ​ដោះស្រាយ​មក​រួច​ខ្លួន​ពេល គឺ​ខ្ញុំ​សម្រេច​មិន​ទាន់​ប៉ះ​កង់​ទេ សប់​វា​សិន​ព្រោះ​ហួស​ម៉ោង​ប្រហែល​១​៥​នាទី​ហើយ មាន​អី​ប្រសិទ្ធិភាព​​ខ្យល់​នោះ​បាន​នាំ​ខ្ញុំ​ទៅ​ដល់​កន្លែង​ធ្វើ​ការ​ទាំង​ផើត​ផត​ពោះ ។
ពេល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច​ខ្ញុំ ក៏​បណ្ដើរ​ម៉ូតូ​យក​ទៅ​ប៉ះ​កង់​នៅ​ក្បែរ​កន្លែង​ធ្វើ​ការ​ ព្រោះ​មិន​ចង់​ទុក​យូរ​ក្រែង​មាន​រវល់​នេះ​រវល់​នោះ​ទៅ​ធ្វើ​ឲ្យ​ខក​ខាន ។ ទៅ​ដល់​កន្លែង​ប៉ះ​កង់ ពូ​ប៉ះ​កង់​គាត់​ទំនេរ​ដៃ​ល្មម អញ្ចឹង​ហើយ​គាត់​ក៏​បាន​ចាត់​ការ​ម៉ូតូ​ខ្ញុំ​មិន​បង្អង់​យូរ​ទេ ។ កំពុង​តែ​គាស់​សំបក​កង​ម៉ូតូ​ស្រាប់​តែ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រហែល​១​០​ឆ្នាំ​បាន​បណ្ដើរ​កង់​មក​សប់​នៅ​កន្លែង​នោះ​ដែរ ។ ពូ​ប៉ះ​កង់​គាត់​ក៏​ប្រញាប់​ប្រញាល់​សប់​ឲ្យ​គ្នា​ដែរ ព្រោះ​នាង​តូច​នោះ​ថា​ប្រញាប់​ណាស់​ពូ​អើយ​ជិត​ដល់​ម៉ោង​គ្នា​ចូល​រៀន​ហើយ ។
ក្រោយ​ពី​សប់​កង់​ហើយ​នាង​តូច​កំពុង​ដក​លុយ​មួយ​រយ​រៀល​ឲ្យ​ពូ​សប់​កង់​មិន​ទាន់​រួច​ផង កង់​នាង​ក៏​ធូរ​ស្បេត​ទៅ​វិញ ។ នាង​តូច​ធ្វើ​​មុខ​ស្អុយ​ប៉ែ មើល​ទៅ​គួរ​ឲ្យ​អាណិត​ណាស់ ។ ពូ​ប៉ះ​កង់​គាត់​ថា​កង់​នេះ​ធ្លាយ​ហើយ​ទាល់​តែ​ប៉ះ​ទើប​បាន ។ នាង​តូច​ឆ្លើយ​តប​បណ្ដើរ​ បណ្ដើរ​កង់​ត្រឡប់​បណ្ដើរ នាង​ថា​នាង​គ្មាន​លុយ​ទេ នាង​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​សុំ​លុយ​ពុក​នាង​នៅ​ផ្ទះ​សិន ។
មុន​នេះ​បន្តិច​ខ្ញុំ​ឮ​ថា​នាង​ប្រញាប់​ទៅ​រៀន ហើយ​បើ​រវល់​តែ​បណ្ដើរ​កង់​ទៅ​បណ្ដើរ​កង់​មក​ ថ្មើរ​ណា​ទៅ​ទើប​បាន​ចូល​រៀន​? ​ខ្ញុំ​ក៏​ស្រែក​ហៅ​នាង​តូច​នោះ​ឲ្យ​ត្រឡប់​មក​វិញ ដោយ​ប្រាប់​ថា​ចាំ​ខ្ញុំ​ចេញ​ថ្លៃ​ប៉ះ​កង់​ឲ្យ​ ពេល​នោះ​នាង​រាង​អល់អែក​បន្តិច​ដែរ តែ​ក៏​សម្រេច​ចិត្ត​ដើរ​ត្រឡប់​មក​វិញ ទាំង​ទឹក​មុខ​អឹមអៀន​បន្តិច ញញឹម​ស្ងួត​ៗ ។
ខ្ញុំ​ក៏​ងាក​មក​ប្រាប់​ពូ​ប៉ះ​កង់​ឲ្យ​គាត់​មក​ប៉ះ​កង់​នាង​តូច​មុន​ចុះ ព្រោះ​គ្នា​ប្រញាប់​ [...]