អនុមោទនា “ពិធីបំបួស​នាគ”

កាល​ពី​រសៀល​ថ្ងៃ​សោរ៍​ ទី​២កើត ខែ​ផល្គុន​ ឆ្នាំកុរ ពុទ្ធសករាជ ២៥៥១ ត្រូវ​ហ្នឹង​ថ្ងៃ​ទី​៨ ខែ​មិនា ឆ្នាំ​២០០៨ (ទិវា​សិទ្ធិ​នារី​អន្តរជាតិ​) នា​វត្ត​លង្កា​​ក្រុង​ភ្នំពេញ​យើង​នេះ​ឯង បង​ប្រុស​ខ្ញុំ​បួស​ជា​សាមណេរ​ ដែលការ​​បំបួស​នេះ​ក្រុម​គ្រួសារ​យើង​ត្រូវ​បាន​ទទួល​​​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ ដោយ​សម្តេច​​ព្រះ​មហា​អរិយវង្ស សៅ​ ចន្ទថុល្ល ជា​ចៅ​អធិការ​វត្ត​លង្កា និង ជា​សង្ឃនាយក​រងនៃ​​ពុទ្ធិកសាល​វិទ្យាល័យ​សីហនុរាជ ទ្រង់​ព្រះ​មេត្តា​ទទួល​ធ្វើ​ជា​គ្រូ​ឧបជ្ឈា​ក្នុង​ការ​បំបួសនាគ​ ។
បង​ប្រុស​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ម៉ាក់ ដើម្បី​​ធ្វើ​ការ​បួស​រៀន​រយៈ​ពេល​ពីរ​អាទិត្យ​ ដើម្បី​​បំពេញ​កតព្វ​កិច្ច​​​ជា​កូន​ប្រុស និង​ដើម្បី​​ធ្វើ​ការ​តប​ស្នង​សង​គុណ​មាតាបិតា​ក្នុង​​​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​​ ។ គាត់​​យើង​មាន​បំណង​ធ្វើ​ការ​បួស​​​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ តែ​រក​ឱកាស​ល្អ​មិន​ទាន់​បាន​ ទើប​តែ​ក្នុ​ងឆ្នាំ​នេះ​ គាត់បាន​ឆ្លៀត​រក​ពេល​វេលា​សម​រម្យ​​សម្រេច​បំណងប្រាថ្នា​​គាត់​​ ។
នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​ខ្ញុំ​ ដែល​បាន​ចូល​រួម​ពី​ធី​បំបួស​នាគ ។ នេះ​ជា​ពិធី​តូចមួយ​ ដែល​មាន​តែ​ក្រុម​គ្រួសារ​​ញាតិ​មិត្ត​ជិត​ដិត​ប៉ុណ្ណោះ​ចូល​រួម ។ វេលា​ព្រឹក​យើង​បាន​ធ្វើ​ជា​ចង្ហាន់​ត្រង់​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ ហើយ​ពេល​រសៀល​ប្រហែល​ម៉ោង​ពីរ ទើប​យើង​ចាប់​ផ្ដើម​កម្ម​វិធី​​បំបួស​នាគ ។ កម្ម​វិធី​នោះ​គេ​តម្រូវឲ្យ​យើង​ធ្វើ​ការ​ដង្ហែរ​នាគ​ជុំ​វិញ​ព្រះវិហារ​ចំនួន​បី​ជុំ ។ ទើប​យើង​ទៅ​បន្ត​កិច្ច​​ខាង​ក្នុង​ព្រះ​វិហារ ដែល​មាន​ការ​ធ្វើ​សមាទាន​សិល​ប្រាំ​សម្រាប់​អ្នក​ចូល​រួម​ទូទៅ នឹង​​ការ​ប្រគេន​សីល​ដប់​ដល់​​សាមណេរ​ថ្មី ​ពីសំណាកគ្រូ​ឧបជ្ឈា ។ កម្ម​វិធី​បំបួស​នាគ​នេះ ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​បី​កន្លះ​​រសៀល ក្រោម​ស្នាម​ញញឹម​ អំណរសាទរ និង​មោទនភាព​ ពី​សំណាក់​ញាតិ​បង​ប្អូន​ដែល​បាន​ចូល​រួម ។
កម្ម​វិធី​នេះ​ខ្ញុំ​មិន​សូវ​បាន​កាន់​កាមេរ៉ា​ថត​រូប​ច្រើន​ទេ ព្រោះ​រវល់​ជាប់​បំពេញ​នាទី​ជា​ប្អូន​ប្រុស តម្រូវឲ្យ​កាន់​បាត​លោក​​ពេល​ដង្ហែរ [...]